ខ្មែរប៉ុស្ដិ៍ Close

    ខេត្តក្រចេះ ប្រារព្ធទិវាបរិស្ថានជាតិ និង ទិវាបរិស្ថានពិភពលោក ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទីក»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1969
    ខេត្តក្រចេះ ប្រារព្ធទិវាបរិស្ថានជាតិ និង ទិវាបរិស្ថានពិភពលោក ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទីក»ខេត្តក្រចេះ ប្រារព្ធទិវាបរិស្ថានជាតិ និង ទិវាបរិស្ថានពិភពលោក ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទីក»

    ក្រចេះ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តក្រចេះ រួមជាមួយមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អង្កការដៃគូ ក្រុមយុវជន និងសិស្សានុសិស្សប្រមាណជាង ១ពាន់នាក់ បានប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រីយានី ព្រះកុសុមៈ។

    ប្រធានមន្ទីរបរិស្ថានខេត្ត លោក ឆាយ ឌួងសាវុធ បានបញ្ជាក់ពីគោលបំណង នៃការប្រារព្ធទិវានេះ គឺដើម្បីបំផុសចលនាប្រជាពលរដ្ឋ មន្រ្តីរាជការ អាជីវករទាំងអស់ ឲ្យចូលរួមទាំងស្មារតី សម្ភារៈ ក្នុងកិច្ចគាំពារបរិស្ថានឲ្យកាន់តែប្រសើឡើង ដើម្បីកាត់បន្ថយនូវការប្រើប្លាស្ទិក ឬសម្រាមពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ និងធ្វើឲ្យទីសាធារណៈមានសណ្តាប់ធ្នាប់ល្អ មានសោភ័ណភាពល្អ ក្នុងការប្រលងប្រណាំងទីក្រុងស្អាត។

    លោកបន្តថា ក្នុងរយៈពេលប៉ន្មានឆ្នាំចុងក្រោយនេះ បរិមាណសំណល់រឹង សម្រាម មានការកើនឡើងយ៉ាងគំហុក នៅទីប្រជុំជន នៅក្នុងក្រុងក្រចេះសព្វថ្ងៃ ពីការយកសម្រាមទៅចាក់ក្នុងរណ្តៅនៅទីលាន ក្នុងនោះថង់ប្លាស្ទីកត្រូវបានប្រជាពលរដ្ឋ ចោលពាសវាលពាសកាល និងសំណល់ស្អុយរលួយ ធ្វើឲ្យទីក្រុងគ្មាន សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ម្យ៉ាងទៀតមិនមានការញែកសម្រាមឲ្យដាច់ដោយឡែកពីគ្នា និងការកែដ្នៃសម្រាមសម្រាប់ប្រើប្រាស់ឡើងវិញ ដើម្បីកាត់បន្ថយការកើនឡើងនៃសម្រាម។

    លោកអភិបាលរងខេត្ត ជាក់ ម៉េងហ៊ាង បានលើឡើងថា ការងារបរិស្ថានជាកិច្ចការដែលត្រូវបានពិភពលោក បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង គឺតម្រូវឲ្យគ្រប់អ្នកពាក់ព័ន្ធក្នុងក្របខណ្ឌសហគមន៍សង្គមជាតិតំបន់ និងពិភពលោក ត្រូវបន្តរួមគ្នាពង្រឹងការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីរក្សាឲ្យបាននូវសុវត្តិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព។ លោកបន្តថា ខេត្តក្រចេះ ក៏ជាខេត្តមួយសម្បូរទៅដោយរមណីយដ្ឋានជាច្រើនប្រភេទ និងធនធានមានតម្លៃជាច្រើន ជាពិសេសរមណីយដ្ឋានធម្មជាតិតែម្តង ហើយធនធានធម្មជាតិទាំងអស់នេះ បានទ្រទ្រង់ដល់សកម្មភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ព្រមទាំងបម្រើឲ្យវិស័យជាច្រើនរួមមាន ការនេសាទ កសិកម្ម ទេសចរណ៍ សេវាកម្មផ្រសេងៗ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋផងដែរ។

    តាមការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោកនៅពេលនេះ គឺជាផ្នែកមួយនៃការបំផុសស្មារតីដល់គ្រប់សហគមន៍ និងកែប្រែឥរិយាបថ ឲ្យយកចិត្តទុកដាក់រួមគ្នាការពារបរិស្ថានគ្រប់ទីកន្លែង ស្របតាមប្រធានបទ “រួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទីក” និងបានអំពាវនាវឲ្យអោយយើងទាំងអស់គ្នា ជួយសំអាតអនាម័យបរិស្ថាន ដូចជា ការសំអាតអនាម័យតាមលំនៅដ្ឋានតាមទីសាធារណៈ យកចិត្តទុកដាក់គ្រប់គ្រងកាកសំណល់រឹង រាវ អោយបានល្អ និងទប់ស្កាត់ការបង្ហូរកាកសំណល់ អាណាធិបតេយ្យជាដើម ៕

    អត្ថបទទាក់ទង