ខ្មែរប៉ុស្ដិ៍ Close

    មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញចុះ ត្រួតពិនិត្យទំនិញបានដាក់លក់នៅលើទីផ្សារ ដើម្បីលើកកម្ពស់គុណភាពផលិតផល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1995
    មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញចុះ ត្រួតពិនិត្យទំនិញបានដាក់លក់នៅលើទីផ្សារ ដើម្បីលើកកម្ពស់គុណភាពផលិតផលមន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញចុះ ត្រួតពិនិត្យទំនិញបានដាក់លក់នៅលើទីផ្សារ ដើម្បីលើកកម្ពស់គុណភាពផលិតផល

    ប៉ៃលិន៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានបង្កើនការទប់ស្កាត់ទំនិញហួសសុពលភាព ខូចគុណភាព និងគ្មានច្បាប់អនុញាតិ ដែលអាជីវករដាក់តាំងលក់នៅផ្សារព្រំថ្មី ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    លោក គិត សុវណ្ណា បានឱ្យដឹងថា ការទប់ស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់ជាតិគីមី គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

    លោកអនុប្រធានសាខា បានបន្តថា ទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅលើកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមីនៅលើបន្លែត្រីសាច់ ជាដើម ហើយប្រតិបត្តិការធ្វើតេស្តបឋមរកសារធាតុគីមីលើចំនីអាហារគឺដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ពលរដ្ឋ និងអាជីវករទាំងអស់ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។

    នៅក្នុងឱកាសនោះដែរ លោក គិត សុវណ្ណា ក៏បានសំណូមពរដល់អាជីវករទាំងអស់ និងអ្នកប្រើប្រាស់ ត្រូវរួមគ្នាលុបបំបាត់ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី ព្រោះវាបានបង្ករផលប៉ះពាល់ខ្លាំងសម្រាប់សុខភាព និង ជីវភាពប្រចាំថ្ងៃ។

    សូមបញ្ជាក់ថា៖ ក្នុងពេលចុះពិនិត្យទំនិញ សមត្ថកិច្ចកាំកុងត្រូល បានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករ ដើម្បីយកទៅកំទេចចោលរួមមាន៖ ទឹកខ្មេះរូបទន្សាយ ០៧ ដប ភេសជ្ជៈកំប៉ុង ០៧ដប ស្ករគ្រាប់១៥កញ្ចប់ធំ មីកំប៉ុង ០៧កំប៉ុង នំស្រួយ ០១ដប ទំពាំងបាយជូក្រៀម១៥កំប៉ុង ទឹកដោះគោប្រអប់៣៣ប្រអប់ ដំណាប់កំប៉ុង០៣កំប៉ុង និងសណ្តែកដីកំប៉ុង ៣កំប៉ុងផងដែរ៕

    អត្ថបទទាក់ទង