ខ្មែរប៉ុស្ដិ៍ Close

    នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ អាមេរិកចោទលោក ហ៊ីង ប៊ុនហៀង រំលោភសិទ្ធិមនុស្ស ស្របពេលខ្លួនបែរជាចាប់បំបែកកូនតូចៗពីម្តាយ ជាទីស្រឡាញ់របស់ពួកគេ ដាក់ក្នុងទ្រុងដូចសត្វធាតុ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1373
    នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ អាមេរិកចោទលោក ហ៊ីង ប៊ុនហៀង រំលោភសិទ្ធិមនុស្ស ស្របពេលខ្លួនបែរជាចាប់បំបែកកូនតូចៗពីម្តាយ ជាទីស្រឡាញ់របស់ពួកគេ ដាក់ក្នុងទ្រុងដូចសត្វធាតុនាយកខុទ្ទកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ អាមេរិកចោទលោក ហ៊ីង ប៊ុនហៀង រំលោភសិទ្ធិមនុស្ស ស្របពេលខ្លួនបែរជាចាប់បំបែកកូនតូចៗពីម្តាយ ជាទីស្រឡាញ់របស់ពួកគេ ដាក់ក្នុងទ្រុងដូចសត្វធាតុ

    ថ្លែងតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយ រវាងនាយកខុទ្ទកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយលោក ហូ សិទ្ធី បានថ្លែងទាំងអស់សំណើច និងបានចោទសួរថា សហរដ្ឋអាមេរិក ដែលអះអាងថាខ្លួនជាបិតាប្រជាធិបតេយ្យលើលោក បានចោទលោក ហ៊ីង ប៊ុនហៀង ថាជាអ្នករំលោភសិទ្ធិមនុស្ស ស្របពេលអាមេរិកខ្លួនឯងនេះ បែរជារំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយចាប់បំបែកម្តាយនិងកូនតូចៗជនជាតិម៉ិចស៉ិក ហើយដាក់ពួកគេដូចសត្វធាតុនៅក្នុងទ្រុងទៅវិញ។

    ការលើកឡើងរបស់លោក ហូ សិទ្ធី នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តាមរយៈបណ្តាញព័ត៌មាន Fresh News នេះបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក បានបើកយុទ្ធនាការយ៉ាងឃោឃៅចាប់បំបែកកូនក្មេងតូចៗពីឪពុកម្តាយជាទីស្រឡាញ់របស់ពួកគេ ដែលបានឆ្លងកាត់ព្រំដែនពីប្រទេសម៉ិចស៊ិក ចូលសហរដ្ឋអាមេរិក។

    ទង្វើរបស់អាមេរិកបែបនេះត្រូវបានបណ្តាប្រទេសជាច្រើននៅលើពិភពលោក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ដោយពួកគេលើកឡើងថា វាជាការបំបែកទឹកចិត្តមនោសញ្ចេតនា ដ៏ជ្រាលជ្រៅរវាងម្តាយនិងកូន ដែលធ្វើឲ្យក្មេងតូចៗនៅឆ្ងាយពីម្តាយយ៉ាងយូរថ្ងៃ។ ករណីនេះបានផ្ទុះការរិះគន់ ស្របពេលដែលរូបភាពជាច្រើនទើបបែកធ្លាយចេញមក និងឃើញគួរឲ្យខ្លោចផ្សារ (ដូចក្នុងរូបភាព)។

    នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងទៀតថា ទង្វើរបស់សហរដ្ឋអាមេរិក គឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ប៉ុន្តែប្រទេសនេះបែរជាចោទប្រកាន់យ៉ាងអយុត្តិធម៌ មកលើប្រទេសតូចៗដែលមិនរណបខ្លួនថា ជាប្រទេសរំលោភសិទ្ធិមនុស្សទៅវិញ។ លោកបានថ្លែងថា ទង្វើរបស់សហរដ្ឋអាមេរិកពេលនេះ មិនខុសគ្នាទៅនឹងរបបប៉ុលពត ដែលបានបង្ខាំងឪពុកម្តាយ ដាច់ដោយឡែកពីកូនតូចៗ ធ្វើឱ្យពិភពលោកមិនអាចទទួលយកបាន។

    តាមសារព័ត៌មានបរទេសនានាចេញផ្សាយឲ្យដឹងថា ក្នុងរយៈពេល៣៥ថ្ងៃ ចាប់តាំងពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនានេះ មានកូនក្មេងជាង២៣០០នាក់ បានត្រូវបានគេបំបែក ពីឪពុកម្តាយ ឬអ្នកព្យាបាលជាទីស្រឡាញ់របស់ពួកគេ ដែលប្រឈមនឹងការចោទប្រកាន់ពីបទចូលប្រទេសអាមេរិកខុសច្បាប់ ក្រោមគោលនយោបាយថ្មីរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ ចំណាត់ការនេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីមន្រ្តីសិទ្ធិមនុស្សអន្តរជាតិ និងបណ្តាប្រទេសផ្សេងៗទៀត ប៉ុន្តែសហរដ្ឋអាមេរិក មិនទទួលយកនូវការរិះគន់ទាំង នេះទេ ហើយថ្មីៗនេះសហរដ្ឋអាមេរិកដែលអះអាងថាខ្លួនជាបិតាសិទ្ធិមនុស្សលើលោក ក៏បានដកខ្លួនចេញក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ UNHRC។ ទង្វើបំបែកកូនពីម្តាយនេះដោយជាមធ្យមក្នុងមួយថ្ងៃៗមានក្មេងមិនក្រោម៤៥នាក់ទេ ដែលត្រូវពង្រាត់ចេញពីឪពុកម្តាយជាជនអន្តោប្រវេសន៍របស់ពួកគេ។

    រដ្ឋាភិបាលម៉ិចស៊ិចបានបង្ហាញឲ្យដឹងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសដកខ្លួនពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ UNHRC គឺសហរដ្ឋអាមេរិក មិនមែនរួចខ្លួនពីការទំនួលខុសត្រូវក្នុងការគោរពប្រតិបត្តិសិទ្ធិមនុស្ស ទាំងនៅក្នុងប្រទេសរបស់ខ្លួន និងនៅទូទាំងសកលលោកនោះឡើយ ៕

     

    អត្ថបទទាក់ទង