ខ្មែរប៉ុស្ដិ៍ Close

    រមណីយដ្ឋានអង្គរនឹងបង្កើនបណ្តាញប្រព័ន្ធទូរស័ព្ទឲ្យកាន់តែទូលំទូលាយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2711
    រមណីយដ្ឋានអង្គរនឹងបង្កើនបណ្តាញប្រព័ន្ធទូរស័ព្ទឲ្យកាន់តែទូលំទូលាយរមណីយដ្ឋានអង្គរនឹងបង្កើនបណ្តាញប្រព័ន្ធទូរស័ព្ទឲ្យកាន់តែទូលំទូលាយ

    ជាយូរមកហើយដែលតំបន់អង្គរពុំសូវមានសេវាទូរសព្ទគ្រប់គ្រាន់ ដោយសារតំបន់នេះគ្របដណ្តប់ដោយប្រាសាទ និងព្រៃឈើជាច្រើន។ ក្រុមហ៊ុនទូរសព្ទជាច្រើនធ្លាប់បានស្នើមកអាជ្ញាធរជាតិអប្សរា សុំលើកបង្គោលអង់តែន ក្នុងតំបន់អង្គរ ដើម្បីបង្កើនប្រព័ន្ធសេវារបស់ខ្លួន។

    ដោយតម្រូវការបច្ចុប្បន្នលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិតកាន់តែខ្លាំង ជាពិសេស ដើម្បីសម្រួលដល់ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាតំបន់អង្គរ អាជ្ញាធរជាតិអប្សរា តាមរយៈការពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ជាពិសេស ក្រោយឆ្លងយោបល់ ជាមួយ គណៈកម្មាធិការ ICC-Angkor រួចមក បានអនុញ្ញាតឲ្យមានការសាងសង់បង្គោលសិប្បនិមិត្ត ដែលអាចអនុញ្ញាតឲ្យក្រុមហ៊ុនទូរសព្ទផ្សេងៗ អាចបំពាក់ប្រព័ន្ធសេវាទូរសព្ទរបស់ខ្លួនបាន។

    កាលពីឆ្នាំ២០១៦ បង្គោលសិប្បនិមិត្តនេះត្រូវសាងសង់ឡើងចំនួន៦ទីតាំងសំខាន់ៗនៅក្នុងតំបន់អង្គរ និងមានក្រុមហ៊ុនទូរសព្ទចំនួន៤ក្នុងប្រទេសកម្ពុជាបានជួលបំពាក់សេវា។ ប៉ុន្តែ ចំនួនបង្គោលនេះ នៅតែមិនអាចផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់អង្គរបានគ្រប់គ្រាន់នៅឡើយ។ នៅក្នុងកិច្ចប្រជុំបច្ចេកទេស ICC-Angkor នាដើមខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ អាជ្ញាធរអប្សរាបានស្នើយោបល់ជូនគណៈកម្មាធិការនេះ ដើម្បីសាងសង់បង្គោលសិប្បនិមិត្តចំនួន១២ទីតាំងបន្ថែមទៀត។

    លោក សុខ សង្វារ អគ្គនាយករង និងប្រធានក្រុមការងារអន្តរក្រសួងទាក់ទងការរៀបចំដំឡើងអង់តែនក្នុងតំបន់អង្គរ មានប្រសាសន៍ថា ទោះបីជាការងារនេះមានភាពស្មុគស្មាញ ដោយអាជ្ញាធរជាតិអប្សរា ត្រូវធ្វើការជាមួយដៃគូជាតិ និងអន្តរជាតិអស់រយៈពេលយូរក៏ដោយ តែយើងបាន ស្វែងរកឃើញនូវចំណុចរួមគ្នាពាក់ព័ន្ធនឹងបច្ចេកទេស សម្ភារៈ និងមធ្យោបាយជាដើម ដើម្បីរក្សានូវទេសភាពវប្បធម៌នៃតំបន់អង្គរ និងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍដោយចីរភាព។

    លោកបន្ថែមថា នេះជាការងារសំខាន់សម្រាប់អង្គរ ដើម្បីបម្រើការងារអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងតំបន់អង្គរ ព្រមទាំងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាអង្គរ។ ការងារនេះនឹងជួយដល់កិច្ចការប្រចាំថ្ងៃក្នុងការទំនាក់ទំនង និងជួយសម្រួលដល់បញ្ហាសន្តិសុខក្នុងតំបន់អង្គរផងដែរ។

    ឆ្លងតាមកិច្ចពិភាក្សាយ៉ាងល្អិតល្អន់រួចមក គណៈកម្មាធិការ ICC-Angkor បានអនុញ្ញាតលើគម្រោងសាងសង់បង្គោលថ្មីនេះ ជាមួយនឹងអនុសាសន៍ណែនាំឲ្យអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវផ្នែកបុរាណវិទ្យាជាមុននៅគ្រប់ទីតាំងដែលគ្រោងនឹងសាងសង់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ផ្នែកបុរាណវិទ្យា និងតម្រូវឲ្យរចនាបង្គោលនិងពណ៌ ស៊ីគ្នានឹងស្ថានភាពជាក់ស្តែងនៃដើមឈើធម្មជាតិដែលមាននៅទីនោះ ក្នុងន័យថែរក្សានូវទេសភាពវប្បធម៌ដែលមានស្រាប់។

    ចំពោះទីតាំងដែលត្រូវដំឡើងអង់តែនដើមឈើសិប្បនិមិត្តទាំង១២កន្លែងស្ថិតនៅទីតាំងនៃតំបន់ការពារទី១ និងតំបន់ការពារទី២នៃរមណីយដ្ឋានអង្គរ ដូចជា នៅភូមិស្រះស្រង់ ភូមិប្រដាក ភូមិគោកស្នួល ជិតចំណតភ្នំបាខែង ភូមិលាងដៃ ភូមិមណ្ឌល៣ ជិតព្រះលានជល់ដំរី ក្បែរព្រលានយន្តហោះ ជិតចំណតនាគព័ន្ធ តាមបណ្តោយផ្លូវជាតិលេខ៦A ភូមិទឹកវិល និងក្បែរប្រាសាទបាយ័ន។ បង្គោលទាំងនេះមានកម្ពស់ចន្លោះពី១៨ម ទៅ៤០ តាមស្ថានភាពជាក់ស្តែង និងមានទ្រង់ទ្រាយដូចដើមឈើនៅក្បែរៗនោះស្រាប់។

    បច្ចុប្បន្ន ក្រុមការងារកំពុងពិភាក្សាលម្អិតជាមួយក្រុមហ៊ុនដំឡើងបង្គោល ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងមួយ ហើយអាចនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះ មិនយូរទៀតទេ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងតំបន់អង្គរ នឹងទទួលបានសេវាអ៊ិនធើណិតគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់លើប្រព័ន្ធទូរសព្ទ និងតម្រូវការផ្សេងៗទៀត។ នេះជាផ្នែកមួយនៃការអភិវឌ្ឍរមណីយដ្ឋានអង្គរ ដែលផ្តោតលើការផ្តល់ជូននូវសុខដុមភាពដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ហើយរក្សាបាននូវតម្លៃអង្គរដោយចីរភាព៕

     

    អត្ថបទទាក់ទង