ខ្មែរប៉ុស្ដិ៍ Close

    រឿងក្មេង១៣នាក់ទៀតហើយ !!ពិធីករប្រចាំកម្មវិធីព័ត៌មានមួយរបស់ស្ថានីយទូរទស្សន៍ One31 ក្នុងប្រទេសថៃ បានមានប្រតិកម្មយ៉ាងខ្លាំង ចំពោះព័ត៌មានក្លែងក្លាយ

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1774

    នៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ជាថ្ងៃទី០៨ហើយ ដែលក្រុមបាល់ទាត់ក្មេងៗ ដែលមានអាយុចន្លោះពី១១ដល់១៦ឆ្នាំចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់ទៀតបានបាត់ដំណឹងសូន្យឈឹងនៅក្នុងរូងភ្នំ Tham Luang ស្រុក Mae Sai ខេត្ត Chiang Rai ប្រទេសថៃ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញប្រទេសថៃ ហើយកងកម្លាំងជួយសង្គ្រោះជាច្រើនបាននាំគ្នាចេញប្រតិបត្តិការរុករកគ្រប់ទីកន្លែង ទាំងហោះលើអាកាសផង ច្រមុជទឹកផង ក្នុងព្រៃផង និងក្នុងរូងភ្នំទៀត នៅតែមិនមានឃើញតំរុយអ្វីឡើយ។

    ក្រោយកើតមានករណីនេះ គេសង្កេតឃើញមានការចែកចាយព័ត៌មានមិនពិតជាច្រើនផងដែរនៅលើបណ្តាញសង្គមទាក់ទងនឹងករណីបាត់មនុស្សទាំង១៣នាក់នោះ បង្កភាពចលាចលយ៉ាងខ្លាំង។ ហើយថ្មីៗនេះ ពិធីករប្រចាំកម្មវិធីព័ត៌មានមួយរបស់ស្ថានីយទូរទស្សន៍ One31 ក្នុងប្រទេសថៃ បានមានប្រតិកម្មយ៉ាងខ្លាំង ចំពោះព័ត៌មានក្លែងក្លាយ ដែលលើកឡើងថាបានរកឃើញសាកសពក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសទាំង១២នាក់កំពុងបាត់ខ្លួននៅក្នុងរូបភ្នំ ដោយព័ត៌មាននោះមានប្រភពពីប្រទេសកម្ពុជារបស់យើង។ ពិធីកររូបនោះបានបញ្ជាក់ទៀតថា ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីដឹងឲ្យច្បាស់ថា តើនរណាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយនេះ ហើយសមត្ថកិច្ចនឹងធ្វើការស្វែងរកប្រភពទីតាំងអ្នកបង្កើតព័ត៌មានក្លែងក្លាយនេះផងដែរ។ ពិធីកររូបនោះក៏បានអំពាវនាវផងដែរ ដល់អ្នកលេងបណ្តាញសង្គមទាំងអស់ កុំ Share ចែកចាយព័ត៌មានក្លែងក្លាយ ដែលនាំឲ្យមានការយល់ច្រលំ ប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង៕

    ប្រភព៖ eykormean.com