ខ្មែរប៉ុស្ដិ៍ Close

    ស្ងាត់ៗ! ការជួសជុលស្ពានជ្រោយចង្វារចាស់ សមេ្រចបានច្រើនគួរសម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2502
    ស្ងាត់ៗ! ការជួសជុលស្ពានជ្រោយចង្វារចាស់ សមេ្រចបានច្រើនគួរសមស្ងាត់ៗ! ការជួសជុលស្ពានជ្រោយចង្វារចាស់ សមេ្រចបានច្រើនគួរសម

    មន្រ្តីជំនាញរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា ការងារជួសជុល និងសាងសង់ឡើងវិញនូវ ស្ពានជ្រោយចង្វារចាស់ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) មានការវិវត្តយ៉ាងលឿន ជាងកម្មវិធីការងារដែលបានគ្រោងទុក ដែលគិតមកដល់ពេលនេះ មានរយៈពេលជាង១០ខែសម្រេចបានលទ្ធផលប្រមាណជិត៥០ភាគរយហើយ។

    លោក ឈឹម ផល្លា ប្រធាននាយកដ្ឋាន ផ្លូវថ្នល់ នៃក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹង នៅព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៨នេះថា ការងារជួសជុល ស្ពានមិត្តភាពកម្ពុជា-ជប៉ុន កិច្ចការការងារមានល្បឿន លឿនជាងកម្មវិធីការងារ ដែលបានគ្រោងទុក រហូតដល់ទៅ៣ភាគរយ ដែលមកដល់ពេលនេះ ក្រុមអ្នកបច្ចេកទេសជប៉ុន បាននិងកំពុងសម្រុកធ្វើការងារជូសជុល សម្រេចបានលទ្ធផល រហូតដល់ទៅជិត៥០%ហើយ ហើយសង្ឃឹមថា អាចនឹងរួចរាល់មុនផែនការ គឺអាចបើកឱ្យដំណើរការឡើងវិញ នៅមុនចូលឆ្នាំខ្មែរឆ្នាំ២០១៩ខាងមុខនេះ។

    លោកប្រធាននាយកដ្ឋានផ្លូវថ្នល់រូបនេះ បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬ ស្ពានជ្រោយចង្វារចាស់ បានសាងសង់ឡើងក្នុងឆ្នាំ១៩៦០ ក្នុងរដ្ជកាលរបស់ព្រះ បរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។ ស្ពាននេះបានដាក់ដំណើរការជាលើកដំបូងក្នុងឆ្នាំ១៩៦៣ ប៉ុន្តែជាអកុសល ក្នុងអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ស្ពាននេះបានរងយ៉ាងធ្ងន់ធ្ងរ បានដាច់នៅក្នុងអំឡុងឆ្នាំ១៩៧២ ដោយសារសង្រ្គាមស៊ីវិលនៅក្នុងប្រទេស។ ក្រោយប្រទេសជាតិត្រូវបានរំដោះពីសង្រ្គាម នៅឆ្នាំ១៩៩២ រដ្ឋាភិបាលជប៉ុន តាមសំណើររបស់រដ្ឋាភិបាលកម្ពុជា បានតភ្ជាប់ជួសជុល និងបើឱ្យប្រើប្រាស់ឡើងវិញ។ ប៉ុន្តែការជួសជុលនោះ គឺធ្វើឡើងតែលើផ្នែកតួស្ពានតែប៉ុណ្ណោះ ចំណែកកំណល់ និងទម្របេតុងស្ពានទាំងអស់ មិនបានផ្លាស់ប្តូរ ឬ ជួសជុលឡើយ បន្តប្រើប្រាស់រហូតមកដល់ឆ្នាំ២០១៧ គឺមុនពេលចាប់ផ្តើមជួសជុលទាំងស្រុងនោះឡើង។

    លោកបានបញ្ជាក់ទៀតថា ការជួសជុលឡើងវិញ ស្ពានជ្រោយចង្វារនេះ បានប្រើប្រាស់បច្ចេកវិទ្យាថ្មី ទំនើប របស់ជប៉ុននិងបានយកចិត្តទុកដាក់គិតគូរគ្រប់ផ្នែក ទាំងផ្នែកបរិស្ថាន និងផ្នែកគុណភាពរឹងមាំ ជាពិសេសការចាក់កំរាលកៅស៊ូពីលើស្ពាន ត្រូវបានប្រើប្រាស់បច្ចេកទេសថ្មី ធានាបាននូវគុណភាព មិនជ្រាយ មិនជ្រួញ មិនប៉ោងដូចមុនទៀតឡើយ។

    លោកបន្តថា ការជួសជុលស្ពានជាថ្មីនេះ មិនត្រូវបានកែប្រែអ្វីធំដុំនោះទេ គឺនៅរក្សាទម្រង់ដើមដដែល គ្រាន់តែផ្លាស់ប្តូរបង្កាន់ដៃ ប្តូរពណ៌ថ្នាំបង្កាន់ដៃ និងផ្លាស់ប្តូបង្គោលភ្លើង ទៅដាក់នៅខាងក្រៅបង្កាន់ដៃវិញ ដើម្បីឱ្យផ្លូវសម្រាប់អ្នកថ្មើជើងមានភាពធំទូលាយ និងបង្កើនសុវត្ថិភាព សោភ័ណ្ឌភាពជាងមុនបន្ថែមទៀត។

    ចំណែកអ្នកជំនាញការជប៉ុន លោក Satoshi ADACHI បានឱ្យដឹងថា ការជួសជុលឡើងវិញ ស្ពានជ្រោយចង្វារចាស់នេះ ក្រុមការងារជប៉ុនបានប្រើប្រាស់បច្ចេកទេសចុងក្រោយរបស់ខ្លួន ដើម្បីធានាបាននូវគុណភាព មិនប៉ះពាល់សុខភាពប្រជាជន មិនប៉ះពាល់បរិស្ថាន ទាំងលើគោក និងក្នុងទឹក។  ស្ពាននេះរក្សាបានគុណភាពប្រើប្រាស់រហូតដល់ទៅជាង៥០ឆ្នាំទៅមុខទៀត។

    សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណ ក្នុងទំហំទឹកប្រាក់៣.៣៤៣លានយ៉េន ស្មើប្រមាណ ៣៣ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់គម្រោងជួសជុលស្តារទ្បើងវិញ នូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលជាមរតកេរ្តិ៍ដំណែលរបស់ជប៉ុន កសាងជូនកម្ពុជា ក្នុងអំឡុងទសវត្សឆ្នាំ១៩៦០ នាសម័យសង្គមរាស្រ្តនិយម។

    Image result for ស្ពានជ្រោយចង្វារចាស់

    ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ដើម្បីបើកការដ្ឋានជួសជុលស្តារទ្បើងវិញ ឆ្លើយតបទៅនឹងសំណើសុំ បន្ទាន់របស់កម្ពុជា ទៅកាន់រដ្ឋាភិ   បាលជប៉ុន ដោយហេតុថា ស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាព សម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។ ការជួសជុលស្តារទ្បើងវិញនេះ បានប្រើរយៈពេលប្រមាណជា២១ខែ រហូតដល់ ខែមិថុនា ឆ្នាំ ២០១៩ខាងមុខ។

    សូមរំឭកថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬ ស្ពានជ្រោយចង្វារចាស់ បានសាងសង់ឡើង ក្នុងឆ្នាំ១៩៦០ ក្នុងរដ្ជកាលរបស់ព្រះ បរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ។ ស្ពាននេះបានដាក់ដំណើរការជាលើកដំបូងក្នុងឆ្នាំ១៩៦៣។ ក្នុងសម័យសង្គ្រាម ពួកខ្មែរក្រហមបានដាក់គ្រាប់បែកបំផ្លាញស្ពាននេះ ក្នុងឆ្នាំ ១៩៧២ ដើម្បីកាត់ផ្តាច់ផ្លូវសេដ្ឋកិច្ច មិនឱ្យសហរដ្ឋអាមេរិក អាចបញ្ជូនស្បៀងនិងសព្វាវុធ ដល់ទ័ពសេនាប្រមុខ លន់ នល់ ដែលកាន់កាប់ក្រុងភ្នំពេញ៕

    អត្ថបទទាក់ទង