ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈកូនខ្មែរ៖ សម រង្ស៊ី បន្តប្រមាថព្រះមហាក្សត្រ និងមាក់ងាយពលរដ្ឋខ្មែរ!

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1410
    ទស្សនៈកូនខ្មែរ៖ សម រង្ស៊ី បន្តប្រមាថព្រះមហាក្សត្រ និងមាក់ងាយពលរដ្ឋខ្មែរ!ទស្សនៈកូនខ្មែរ៖ សម រង្ស៊ី បន្តប្រមាថព្រះមហាក្សត្រ និងមាក់ងាយពលរដ្ឋខ្មែរ!

    បន្ទាប់ពីបញ្ចេញសារប្រមាថ និងឥតអៀនខ្មាសជាច្រើនលើក ទណ្ឌិត សម រង្ស៊ី នៅតែរកនឹកមិនឃើញគំនិតអ្វីថ្មីទាល់តែសោះក្រៅតែពីបញ្ចេញសារប្រមាថព្រះមហាក្សត្រ និងមាក់ងាយពលរដ្ឋខ្មែរម្តងហើយម្តងទៀត ដូចសុភាសិតមួយបាឋនិយាយថា «ឆ្កែចាស់ មិនដែលជុះកន្លែងថ្មី»-« The old dog never shits at the new place.» ។ សារប្រមាថមួយទៀតនេះគឺ លោក សម រង្ស៊ី ប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួនថា ព្រះមហាក្សត្របានប្រាប់ឲ្យដឹងថា ព្រះអង្គមិនទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដានេះទេ ដូច្នេះសូមបងប្អូនពលរដ្ឋខ្មែរត្រូវធ្វើដូចព្រះអង្គដែរ…។

    លោក សម រង្ស៊ី គាត់ចាត់ទុកអ្នកគាំទ្ររបស់គាត់ថាជាមនុស្សល្ងង់ខ្លៅមិនដឹងខ្យល់អីទាល់តែសោះទើបគាត់អាចបោកបានតែរហូតហើយហ៊ានបញ្ចេញសារបែបនេះ។ ឱ! លោក សម រង្ស៊ី អើយ! នរណាក៏ដឹងដែរថា ព្រះមហាក្សត្រតាំងពីជំនាន់សម្តេចឪនៅមានព្រះជន្មម៉្លេះ ព្រះអង្គមិនដែលយាងទៅបោះឆ្នោតទេពីព្រោះព្រះអង្គគង់នៅជាអព្យាក្រឹត្យ ចំពោះគ្រប់បក្សនយោបាយ។ កុំថាឡើយដល់ទៅព្រះមហាក្សត្រ សូម្បីសមាជិក គ.ជ.ប ទាំង ៩ នាក់ក៏ត្រូវព្យួរសិទ្ធិបោះឆ្នោតដែរក្នុងពេលកំពុងកាន់ដំណែង តើលោក សម រង្ស៊ី មិនដឹងរឿងទាំងអស់នេះទេឬ? ឬក៏លោកគិតថា ពលរដ្ឋខ្មែរល្ងង់មិនដឹងរឿងប៉ុណ្ណឹង ហើយទុកឲ្យលោកបោកបានលើគោកបែបនេះតទៅទៀត?

    ក្រៅតែពីអស់សំណើច យើងជាកូនខ្មែរគួរតែមានលទ្ធភាពពិចារណាអំពីវិធីបោកប្រាស់របស់អ្នកនយោបាយបានហើយពីព្រោះ យូរៗទៅអស់ល្បិចបោក ក៏ចេញក្រឡារាក់ៗបោកភ្នែកស្រស់តែម្តង។ សាររបស់លោក សម រង្ស៊ី ជាបន្តបន្ទាប់ ពិសេសសារចុងក្រោយនេះបានសបញ្ជាក់ឲ្យឃើញពីសារជាតិរបស់ សម រង្ស៊ី ដូចតទៅ៖

    ទី១៖ សម រង្ស៊ី ជាអ្នកនយោបាយដែលខ្សត់ខ្សោយខាងគំនិត និងខ្វះយុទ្ធសាស្ត្រមែនទែន រីឯគំនិតនិងយុទ្ធសាស្ត្រដែលគាត់មានទៀតសោតគឺគ្មានអ្វីក្រៅពីដេករកនឹកចាប់កំហុសគេ និងប្រឌិតរឿងជាលក្ខណៈផ្ចាញ់ផ្ចាលបំបែកបំបាក់ជាតិ សុទ្ធសាធដោយមិនគិតពីភាពសមរម្យ ឡូស៊ិក និងសេចក្តីថ្លៃថ្នូរអ្វីទាំងអស់។ អ្នកនយោបាយបែបនេះកុំថាឡើយដល់ទៅឈ្នះគូប្រកួតឈានទៅដឹកនាំប្រទេស សូម្បីរកកន្លែងជ្រកកោនអាត្មាខ្លួនឯងមិនទាំងបានផង គឺទីបំផុតនៅសល់តែគូថខោរ។

    ទី២៖ សម រង្ស៊ី ជាមនុស្សអស់លក្ខណ៍ឬអស់ក្បួនភូតម្លោះហើយសូម្បីតែរឿងនៅលើគោកគួរឲ្យអស់សំណើចយ៉ាងណាក៏ត្រូវតែយកមកប្រើសិនដែរដើម្បីដោះទាល់មួយគ្រា។ នេះជាអ្វីដែលគេហៅថា ភូតច្រើនចាញ់អាត្មា គឺភូតទាល់តែអស់ក្បួន ហើយត្រូវគេដេញទាន់ជាន់កែង និងទីបំផុត សូម្បីគាត់និយាយការពិតក៏គ្មានអ្នកជឿដែរពីព្រោះគាត់ជាមនុស្សធ្លាប់តែនិយាយភូតរហូតមក។

    ទី៣៖ សម រង្ស៊ី នៅតែបង្ហាញសារជាតិប្រមាថព្រះមហាក្សត្រដូចដែលរូបគាត់ និងឪពុករបស់គាត់ធ្លាប់បានធ្វើ និងក្បត់ជាយូរមកហើយ។ រូបភាពនៃការប្រមាថព្រះមហាក្សត្ររបស់លោក សម រង្ស៊ី តាមរយៈសាររបស់គាត់មានពីរយ៉ាង៖ ម្យ៉ាងគឺគាត់ចោទព្រះមហាក្សត្រថា ស្ថិតនៅជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន។ រីឯម្យ៉ាងទៀត គាត់បានយកអង្គព្រះមហាក្សត្សមកលេងសើចក្នុងល្បែងបោកប្រាស់ប្រជាពលរដ្ឋ។ នេះជាទោសប្រមាថព្រះចេស្តាដែលមានចែងក្នុងច្បាប់។

    ទី៤៖ អ្នកដែលបន្តគាំទ្រលោក សម រង្ស៊ី គឺជាមនុស្សដែលសុខចិត្តទទួលយកការមាក់ងាយរបស់លោក សម រង្ស៊ី ថាជាមនុស្សល្ងង់ងាយបោកហើយក៏នៅតែបន្តបោកបានទៀត ដោយគ្រាន់តែប្រើល្បិចងាយៗបែបកូនក្មេងបៀមដៃក៏ដោយ។ ដូចពាក្យខ្មែរយើងនិយាយថា បើគេបោកបានម្តង ឬពីរដង ចាត់ទុកថា អ្នកបោកនោះឆ្លាត តែបើគេបោកបានរហូត គឺមកពីខ្លួនឯងល្ងង់។

    សរុបមកវិញ លោក សម រង្ស៊ី ជាមនុស្សដែលមានទោសម្តងហើយម្តងទៀតក្នុងបទប្រមាថព្រះមហាក្សត្រដោយចំហបំផុត។ បុគ្គលរូបនេះក៏នៅតែបន្តយុទ្ធសាស្ត្របោកប្រាស់ពលរដ្ឋខ្លួនឯងទាំងក្នុង និងក្រៅប្រទេសមិនព្រមឈប់ផងដែរ។ ច្បាប់បានកាត់ទោសគាត់ឲ្យក្លាយជាទណ្ឌិតជាច្រើនសំណុំរឿងមកហើយ។ ឥឡូវនេះនៅសល់តែប្រជាពលរដ្ឋទេដែលត្រូវផ្តន្ទាទោសមនុស្សប្រភេទនេះបែបណា? ពលរដ្ឋខ្មែរភាគច្រើនបានផ្តន្ទាទោស សម រង្ស៊ី រួចហើយតាមរយៈការមិនបោះឆ្នោតឲ្យគាត់ ហើយបន្តគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យនៅបន្តដឹកនាំប្រទេស។

    ចុងក្រោយនេះ អ្នកនយោបាយនិងអ្នកគាំទ្រជាច្រើនដែលធ្លាប់រួមដំណើរ និងធ្លាប់ចាញ់បោកគាត់ក៏បានងាកមកបង្កើតបក្សនយោបាយផ្សេងហើយដែរ។ ដូច្នេះ នៅសេសសល់តែពលរដ្ឋមួយចំនួនតូចតែប៉ុណ្ណោះដែលនៅបន្តធ្វើឈ្នាន់ឲ្យគាត់ជាន់។ យ៉ាងណា មិនយូរមិនឆាប់ទេ សម រង្ស៊ី នឹងអស់ឈ្នាន់ជាន់ ហើយក៏ត្រូវធ្លាក់ទឹកក្នុងមហាសាគរដោយគ្មានអ្នកណាយកភ្នែកមើលឡើយ។ នេះជាកម្មពៀរដែលគាត់បានសាង៕

    ដោយ មន្ត្រីរាជការម្នាក់

    អត្ថបទទាក់ទង