ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី និងកឹម សុខា គ្មានតម្លៃសម្រាប់កម្ពុជាឡើយ!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1306
លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី និងកឹម សុខា គ្មានតម្លៃសម្រាប់កម្ពុជាឡើយ!លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី និងកឹម សុខា គ្មានតម្លៃសម្រាប់កម្ពុជាឡើយ!

ទោះជាមានអ្នកខ្លះខំលើកទូល ឬដាក់លើហឹងអុជធូបធ្វើជាទីគោរពសក្ការៈ ក៏ជនវង្វេងជាតិ និងវង្វេងប្រជាធិបតេយ្យ សម រង្ស៊ី និងកឹម សុខា នៅតែគ្មានតម្លៃសម្រាប់ជាតិ និងប្រជាជនកម្ពុជាឡើយ។ ជនវង្វេងជាតិទាំងពីររូបនេះ មិនបានចូលរួមកសាងជាតិ ផ្តល់សេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋខ្មែរទេ។ សម រង្ស៊ី និងកឹម សុខា បានជ្រើសរើសផ្លូវនយោបាយក្បត់ជាតិ និងក្បត់ប្រជាជនខ្លួន ដើម្បីឈានឡើងកាន់អំណាចគ្រប់គ្រងប្រទេសតារយៈការឃុបឃិត ទទួលបទបញ្ជាពីបរទេសធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ជនទាំងពីរនាក់រួមនឹងគូកនគ្រាន់តែជាអ្នកនយោបាយបំផ្លាញជាតិ និងក្បត់ជាតិ ក្បត់សាសនា និងក្បត់ព្រះមហាក្សត្រប៉ុណ្ណោះ។

ជាង ២០ ឆ្នាំនៃជីវិតនយោបាយរបស់ពួកគេ សម រង្ស៊ី និងកឹម សុខា បានប្រើនយោបាយបំផ្លាញជាតិតាមរយៈការញុះញង់បំបែកបំបាក់ជាតិ បញ្ឆេះកំហឹងជាតិសាសន៍ និងការរើសអើងប្រឆាំងនឹងជនជាតិមួយចំនួនដែលរស់នៅកម្ពុជាដូចជាជនជាតិវៀតណាម និងចិនជាដើម។ ពួកគេបានបញ្ឆេះកំហឹងជាតិសាសន៍នេះរយៈពេលយ៉ាងយូរក្នុងបេះដូងពលរដ្ឋខ្មែរមួយចំនួនដើម្បីផលប្រយោជន៍នយោបាយ។ មិនតែប៉ុណ្ណោះ ពួកគេបានហែកជាតិខ្មែរជាពីរ បំបែកសាមគ្គីជាតិ ហើយធ្វើអ្វីៗដើម្បីមហិច្ឆតាអំណាចរបស់ខ្លួន ចង់នរណារងគ្រោះ ឬបាត់បង់ ខូចខាតអ្វី ក៏ខូចខាតចុះ ឱ្យតែខ្លួនបានផលចំណេញ។

សម រង្ស៊ី និងកឹម សុខា ជាតួអង្គសំខាន់បំផ្លាញកម្ពុជា។ ពួកគេរួមនឹងបក្ខពួកបានធ្វើយុទ្ធនាការជាប្រចាំ ដើម្បីទប់មិនឱ្យមានការផ្តល់ជំនួយ មិនឱ្យមានការវិនិយោគ និងកុំឱ្យបរទេសទិញទំនិញពីកម្ពុជា។ មិនតែប៉ុណ្ណោះ ជនក្បត់ជាតិទាំងពីរនាក់នេះបានជួលក្រុមហ៊ុនបរទេសដើម្បីធ្វើសកម្មភាព បំផ្លាញសេដ្ឋកិច្ចកម្ពុជា បំផ្លាញជីវភាពប្រជាជន។ ទោះជាពេលនេះ តុលាការរកឃើញថាបក្សសង្គ្រោះជាតិឃុបឃិតនឹងបរទេស ស្តាប់បង្គាប់បញ្ជាជនបរទេស និងត្រូវបានរំលាយចោល ហើយក្រុមអ្នកនយោបាយនៃអតីតបក្សនេះចំនួន ១១៨ នាក់ត្រូវបានហាមមិនឱ្យធ្វើនយោបាយ ៥ ឆ្នាំក៏ដោយ ក៏ពួកគេពិតជាមិនរាងចាលឡើយ ដោយបានបំពានសាលដីកាតុលាការ។ ពួកគេបន្តដើរអុកឡុក ក្រឡុកស្ថានការណ៍នៅកម្ពុជាសព្វបែបយ៉ាង ថែមទាំងរៀបចំផែនការបំផ្លាញការបោះឆ្នោតនិងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាថែមទៀត តាមរយៈការធ្វើយុទ្ធនាការរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត។

ទង្វើរបស់សម រង្ស៊ី និងកឹម សុខា ក្នុងការបំផ្លាញកម្ពុជាលើគ្រប់វិស័យទាំងនយោបាយ ការទូត និងសេដ្ឋកិច្ច រួមនឹងការញុះញង់បំបែកបំបាក់កម្លាំងការពារអធិបតេយ្យជាតិ កន្លងមកនេះ ពិតជាមេរៀនបទពិសោធគ្រប់គ្រាន់ដើម្បីឱ្យ ជាតិខ្មែរទាំងមូលបានយល់ច្បាស់ថា ពួកគេទាំងពីរគ្រាន់តែ ជាកញ្ជះដាច់ថ្លៃរបស់បរទេស និងជាខ្ញុំបម្រើដ៏ស្មោះត្រង់ របស់បរទេសក្នុងផែនការបំផ្លាញកម្ពុជា បម្រើភូមិសាស្ត្រ នយោបាយបរទេស។ ពួកគេបានយកពាក្យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេសបិទបាំងនូវផែនការ ទុច្ចរិតរបស់ពួកគេក្នុងការឡើងកាន់អំណាចតាមមធ្យោបាយ មិនប្រជាធិបតេយ្យ។

ជនក្បត់ជាតិទាំងពីរនាក់នេះ ព្រមទាំងគូកនបានដើរហួសបន្ទាត់ក្រហមប្រជាធិបតេយ្យ សេរីភាព ដោយបាន បង្កភាពអនាធិបតេយ្យ និងចលាចលក្នុងសង្គម។ ពលរដ្ឋខ្មែរអាចចោទសួរខ្លួនឯងបានថា ពេលដែលកម្ពុជាមានវត្តមាន កឹម សុខា និងសម រង្ស៊ី នៅក្នុងឆាកនយោបាយ តើពួកគាត់ មានសន្តិភាពផ្លូវចិត្ត ផ្លូវកាយទេ? ពិតជាគ្មានឡើយព្រោះ ភាសាដែលជនក្បត់ជាតិនេះបាននិយាយចេញ សកម្មភាព ដែលពួកគេបានធ្វើ គឺសុទ្ធសឹងតែជាការញុះញង់ បំបែក បំបាក់ និងសម្តីហិង្សានិយម មាត់អត់គម្រប។ ពេលមានវត្ត មាន សម រង្ស៊ី កឹម សុខា កម្ពុជាពិតជាគ្មានក្តីសុខឡើយ។ ប៉ុន្តែជននាំរឿងទាំងពីរនេះបច្ចុប្បន្ន ម្នាក់កំពុងដេកគុកនៅ ត្រពាំងផ្លុងដោយសារតែប្រព្រឹរ្តអំពើក្បត់ជាតិ និងម្នាក់ទៀត កំពុងរត់គេចខ្លួនទៅធ្វើមេឧទ្ទាមខុសច្បាប់នៅ ក្រៅប្រទេស កម្ពុជានិងពលរដ្ឋខ្មែរទាំងមូល លើកលែង តែអ្នកងុបងុលខ្មៅងងឹតមួយចំនួន បាមបង្ហាញអារម្មណ៍ សប្បាយរីករាយ មិនខ្វាយខ្វល់ មិនព្រួយបារម្ភពីទំនិញឡើងថ្លៃពេលរដូវកាលបោះឆ្នោត ហើយក៏មិនចាំបាច់ ទៅដកប្រាក់ពីធនាគារ ឬរៀបចំជើងព្រួលទិញស្បៀងអាហារទុកឡើយ។

ការព្យាយាមរបស់អ្នកគាំទ្ររបស់ សម រង្ស៊ី និងកឹម សុខា លើកតម្កើងតម្លៃជនក្បត់ជាតិទាំងពីរឱ្យស្មើនឹងថ្នាក់ដឹកនាំ កំពូលរបស់ជាតិ របស់គណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង គឺជាការស្រមើស្រមៃ និងយល់សប្តិទាំងកណ្តាលថ្ងៃត្រង់ ហើយប្រៀបបាននឹងការយកកាឡៃដែលគ្មានតម្លៃ មកប្រៀបធៀបឬលើកតម្លៃឱ្យស្មើនឹងគ្រាប់ពេជ្រដ៏មាន តម្លៃរបស់ជាតិខ្មែរ។ ពួកគេព្យាយាមរំលេចតួនាទីនិងសារៈសំខាន់របស់ជនក្បត់ឃាតិទាំងនៅកាលៈទេសៈនេះ គ្រាន់តែជាសត្វឆ្កែចចកពាក់ស្បែកចៀម និងបង្ហាញពីជំហរ ប្រែប្រួលរបស់ក្រុមឧទ្ទាមដែលអស់លទ្ធភាពនឹងបំផ្លាញកម្ពុជាកើតហើយ សហគមន៍អន្តរជាតិក៏ចាប់ផ្តើមដឹងពីល្បិចកលរបស់ សម រង្ស៊ី និងកឹម សុខា ហើយលែងឱ្យតម្លៃ និងផ្តល់ការគាំទ្រទៀត លើកលែងតែបុគ្គលមួយ ចំនួនដែលជាចៅហ្វាយនាយរបស់ពួកគេដែលបន្តរក្សាផ្នត់ គំនិតអភិរក្សនិយមដែលបន្តការគាំទ្រទាំងទទឹងទិសប្រឆាំងនឹងឆន្ទៈពលរដ្ឋខ្មែរ។ ដូច្នេះហើយបានជាចង់ងាកមករកដំណោះស្រាយរវាងខ្មែរ និងខ្មែរ ហើយលើកតម្លៃនិងកេរ្តិ៍ដ៏សោចនៃការបំផ្លាញជាតិ របស់ សម រង្ស៊ី និងកឹម សុខា ដាក់លើពានមាសលើកតម្កើង តែពិតជាគួរឱ្យសោកស្តាយ ហួសពេលទៅហើយ ហើយឱកាសដែលកម្ពុជាបានផ្តល់ឱ្យជនក្បត់ជាតិជាង ២០ ឆ្នាំមកនេះក៏ឆ្អែតឆ្អន់ដែរហើយ។

សូមកុំយកតម្លៃដ៏ទាបនៃបុគ្គលទាំងពីរដែលជាកូនចឹងបរទេសមកប្រៀបនឹងតម្លៃនៃថ្នាក់ដឹកនាំ ជាតិខ្មែរដែលបាននាំសន្តិភាពពេញលេញ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ! សម រង្ស៊ី នឹងកឹម សុខា បានដើរផ្លូវអវិជ្ជមានបំផ្លាញជាតិលើគ្រប់វិស័យ។ អ្នកគាំទ្រជនក្បត់ជាតិទាំងពីរនេះពិតជាមើលមិនឃើញថា សម រង្ស៊ី និងកឹម សុខា គ្មានបានបំផ្លាញកម្ពុជាឡើយ ប៉ុន្តែបងប្អូនត្រូចដឹងថា សម រង្ស៊ី និងកឹម សុខា គឺជាមេគំនិត និងជាអ្នក បង្កើតចលាចលាសង្គម អនុវត្តផែនការបដិវត្តន៍ពណ៌បំផ្លាញ កម្ពុជា។ មើលមិនឃើញការបំផ្លាញជាក់ស្តែងឡើយ ព្រោះ អំពើក្បត់ជាតិរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែបងប្អីនអាចមើលឃើញពីផលប៉ះពាល់ដែលកើតចេញពី ការអនុវត្តផែនការបដិវត្តន៍ពណ៌នេះបានលើរូបភាពនៃការតវ៉ាប្រឆាំងការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ កុបកម្មនៅ ផ្លូវ វ៉េង ស្រេង ការបិទផ្លូវ ដើរក្បួនតវ៉ា ការញុះញង់បង្ក ហិង្សា។ នេះហើយជាផលកើតចេញពីបដិវត្តន៍ពណ៌។ បើសិនផែនការទុច្ចរិតក្បត់ជាតិនេះជោគជ័យ ទំហំនៃការ បំផ្លាញជាតិ បំផ្លាញសន្តិភាព និងបំផ្លាញការអភិវឌ្ឍប្រទេស កម្ពុជាដែលទើបនឹងបានសន្តិភាព ២០ ឆ្នាំ នឹងអាចរីកធំ ហើយស្ថានការណ៍នឹងដូចនៅប្រទេសស៊ីរី លីបង់ លីប៊ីសពកវថ្ងៃ។ សម រង្ស៊ី និងកឹមសុខា ត្រូវបានអ្នកគាំទ្រងុបងុលរបស់ខ្លួនមើលមិនឃើញកំហុសឆ្គង គឺដូចបងប្អូនមួយ ចំនួនដែលមើលមិនឃើញថាមេខ្មែរក្រហម ប៉ុល ពត នួន ជា ខៀវ សំផន មិនដែលសម្លាប់មនុស្សដោយផ្ទាល់ដៃនៅក្នុងរបបខ្មែរក្រហមដូច្នេះដែរ ប៉ុន្តែពួកគេគឺជាអ្នកផ្តើមគំនិត ដាក់ឱ្យអនុវត្តនូវផែនការសម្លាប់មនុស្ស។

ដូច្នេះតម្លៃរបស់ សម រង្ស៊ី និងកឹម សុខា ពេលនេះ គឺគ្មានសម្រាប់កម្ពុជាឡើយ គ្មានតម្លៃសម្រាប់ស្ថិរភាពជាតិ និងក៏គ្មានតម្លៃសម្រាប់ការអភិវឌ្ឍជាតិ និងសន្តិភាពឡើយ ប៉ុន្តែជនក្បត់ជាតិទាំងពីរនេះមានន័យសម្រាប់ការអនុវត្តច្បាប់ ហើយខ្នោះគុកគឺជាទីកន្លែងសមស្របសម្រាប់ជនបំផ្លាញជាតិទាំងពីររូបនេះ។ ពេលនេះ នយោបាយមានស៊ីអត់សែន និងមានសែនអត់ស៊ីដែលសម រង្ស៊ី បានបង្កើតឡើងបាន ផ្តល់ផលឱ្យខ្លួនយ៉ាងពេញលេញ គឺកម្ពុជាគ្មានស៊ីនិងខា ខេមរាប្រុសស្រីមានសេចក្តីសុខ សន្តិភាព និងរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យប្រកបដោយសុវត្ថិភាព។ កម្ពុជាគ្មានជនចង្រៃសែស្រឡាយក្បត់ជាតិ សម រង្ស៊ី និងអាយ៉ងបរទេស កឹម សុខា កម្ពុជាបានធ្វើដំណើរឆ្ពោះទៅមុខជានិច្ចលើផ្លូវដ៏ត្រឹមត្រូវគឺ សន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យប្រកបដោយសណ្តាប់ធ្នាប់និងការគោរពសិទ្ធិមនុស្ស៕

ដោយ៖ ចៅចាក់ស្មុក 

រាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៨ 

រាជធានីភ្នំពេញ