ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងការបរទេសកម្ពុជាទទួលសម្ភារៈអេឡិចត្រូនិក និង IT តម្លៃជាង ៧ម៉ឺនដុល្លារពីប្រទេសចិន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1536
    ក្រសួងការបរទេសកម្ពុជាទទួលសម្ភារៈអេឡិចត្រូនិក និង IT តម្លៃជាង ៧ម៉ឺនដុល្លារពីប្រទេសចិនក្រសួងការបរទេសកម្ពុជាទទួលសម្ភារៈអេឡិចត្រូនិក និង IT តម្លៃជាង ៧ម៉ឺនដុល្លារពីប្រទេសចិន

    នៅព្រឹកថ្ងៃទី២៤​​ ខែកក្កដា ឆ្នាំ២០១៨ ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការអន្តរជាតិបាន​រៀបចំពិធីប្រគល់សម្ភារៈអេឡិចត្រូនិក និង​IT ដែល​មាន​តម្លៃ​សរុប​ចំនួន ៥00.០០០ RMB (ប្រហែល ៧៥.៥៨៥ ដុល្លារអាមេរិក) ដែល​ជាអំណោយ​ដ៏ថ្លៃថ្លារបស់​សាធារណរដ្ឋប្រជាមានិតចិន​តាមរយៈស្ថានទូតចិន​ប្រចាំទីក្រុងភ្នំពេញ ​ជូន​ដល់​វិទ្យាស្ថានជាតិការទូតនិង​ទំនាក់ទំនងអន្តរជាតិ។ ពិធីនេះបាន​ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋ​មន្រ្តីក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​   អន្តរជាតិ ព្រមទាំងមាន​ការចូលរួមជាកិត្តិយស​ពី​ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ភាគីចិនជាអ្នកប្រគល់ជំនួយសម្ភារៈទាំងអស់នេះជូនវិទ្យាស្ថាន។

    ការ​ប្រគល់សម្ភារៈនេះ ធ្វើឡើង​តាម​សំណើរបស់​វិទ្យាស្ថាន​ដែលបានស្នើទៅស្ថានទូតចិនប្រចាំកម្ពុជា​ដើម្បីជួយ​សម្រួល​ដល់​ដំណើរការ​របស់​វិទ្យាស្ថាន​ និង​ការ​រៀបចំវគ្គបណ្តុះបណ្តាល​មន្រ្តីការទូត​និង​ក្រសួង​ស្ថាប័នពាក់ព័ន្ធរបស់​កម្ពុជា បន្ទាប់ពីវិទ្យាស្ថាន​ត្រូវ​បានដាក់សម្ពោធជាផ្លូវការ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​​របស់​ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ។

    អំណោយរបស់ប្រទេសចិននៅពេលនេះចូលរួមចំណែកដល់ការធ្វើឲ្យគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្ដមទេស​រដ្ឋមន្រ្តី មានចីរភាព និងពង្រឹងសមត្ថភាពដំណើរការរបស់វិទ្យាស្ថាន។ ការគាំទ្ររបស់ប្រទេសចិននេះ​ឆ្លើយ​តបនឹងតម្រូវការរបស់វិទ្យាស្ថានក្នុងការពង្រឹងសមត្ថភាពអ្នកការទូតអាជីពរបស់កម្ពុជា លើផ្នែក ICT, Digital Economy និងការទូត ព្រមទាំងអនុញ្ញាតឲ្យវិទ្យាស្ថានពង្រឹងសកម្មភាពទំនាក់ទំនងសាធារណៈ និងសកម្មភាពបណ្ដុះបណ្ដាលស្ដីពី Communication Skill (បំនិនខាងគមនាគមន៍) ការថ្លែងជាសាធារណៈ និង​ភាសាបរទេស។

     

    អំណោយរបស់ប្រទេសចិននេះ គឺជាសក្ខីភាពនៃការគាំទ្ររបស់មិត្តចិននៅក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍផ្នែកធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ។ ការគាំទ្រនេះ ចូល​រួម​ចំណែកក្នុងការប្រារព្ធខួបលើកទី៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិននៅឆ្នាំ២០១៨នេះ។​

    សូមបញ្ជាក់ថា បន្ទាប់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចូលកាន់តំណែង​ជារដ្ឋមន្រ្តីថ្មីនៃ​ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅខែមេសា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តួច   ផ្តើម​គំនិតឲ្យ​មាន​ការបង្កើតវិទ្យាស្ថាន​បណ្តុះបណ្តាលអ្នកការទូតនេះឡើង។ គំនិតផ្តួចផ្តើមនេះ​ត្រូវបាន​អនុម័ត​​ដោយ  ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។  ការបង្កើតវិទ្យាស្ថាននេះគឺជាផ្នែកដ៏សំខាន់នៃការ​ធ្វើ​ការ​​កែទម្រង់ផ្ទៃក្នុង​​ក្រសួងការបរទស ក្នុង​នោះមានការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងឡើងវិញ ​ដើម្បីឲ្យ​ក្រសួង​អាចឆ្លើយតបទៅនឹងការត្រៀមលក្ខណៈសម្បត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា​លើវិស័យការបរទេស​​ ដែលមានការប្រែប្រួលឥតឈប់ឈរនិងមិនអាច​ប្រមើលមើលជាមុនបានទាំងក្នុងតំបន់និងពិភពលោក។ វិទ្យាស្ថាននេះគឺជាស្ថាប័នបណ្តុះបណ្ដាល​អ្នកការទូត​​ដំបូងគេនៅក្នុងប្រវត្តិវិស័យការទូតរបស់ប្រទេសកម្ពុជា ហើយ​ដែល​ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​តែពីរឆ្នាំប៉ុណ្ណោះ។

    គោលបំណងសំខាន់របស់​វិទ្យាស្ថាន គឺកសាងសមត្ថភាពវិជ្ជាជីវៈក្នុ​ងជួរ​មន្រ្តីការទូតកម្ពុជាឲ្យក្លាយជា​យុទ្ធជន​ដ៏មុតស្រួច​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការងារការទូតពិភពលោកដែល​មាន​លក្ខណៈកាន់តែ​ស្មុគ្រ​ស្មាញឡើង​​​ ជាពិសេសដើម្បីលើកកម្ពស់ភាពជាម្ចាស់ការនិងតួនាទីដ៏សំខាន់និង​សកម្មរបស់កម្ពុជាក្នុងកិច្ចការតំបន់និង​ពិភពលោកដើម្បីបម្រើផលប្រយោជន៍ជាតិ ​ប្រជាជន និងកិត្យានុភាពជាតិ ​ដើម្បីឲ្យបាន​ស្មើភាពនិង​ស្មើសិទ្ធិ​នៅលើវេទិកា​អន្តរជាតិ។

    កាលពីទី១២ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបាន​អញ្ជើញមក​ទស្សនិច្ច​នៅវិទ្យាស្ថាន និង​បាន​ផ្តល់កិត្តិយសធ្វើជា​វាគ្មិននៃបាឋកថាស្តីពីទំនាក់ទំនងកម្ពុជា-ចិន ជូន​ដល់​មន្រ្តីក្រសួងការបរទេស​និង​ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ នៅក្នុង​ឱកាស​​ខួបលើកទី៦០ឆ្នាំ​នៃការ​បង្កើតទំនាក់ទំនងការទូត​កម្ពុជា-ចិន៕