ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈកូនខ្មែរ៖ ២៩ កក្កដា ប្រហារក្រុមអ្នកបំផ្លាញប្រជាធិបតេយ្យ!

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1435
    ទស្សនៈកូនខ្មែរ៖ ២៩ កក្កដា ប្រហារក្រុមអ្នកបំផ្លាញប្រជាធិបតេយ្យ!ទស្សនៈកូនខ្មែរ៖ ២៩ កក្កដា ប្រហារក្រុមអ្នកបំផ្លាញប្រជាធិបតេយ្យ!

    ក្រុមបំផ្លាញប្រជាធិបតេយ្យដឹកនាំដោយទណ្ឌិតសម រង្ស៊ី កំពុងស្លរឈាមប្រកាច់ចាប់មិនឈ្នះពេលដែលការបោះឆ្នោតថ្ងៃ ២៩ កក្កដា កាន់តែកៀកចូលមកដល់ ពីព្រោះការបោះឆ្នោតដើម្បីរើសមេដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យជាសត្រូវស្លាប់រស់ជាមួយពួកគេ ដែលប៉ុនប៉ុងប្រើចលនាបដិវត្តន៍ពណ៌ដើម្បីដណ្តើមអំណាច។ សម្រាប់ពួកឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី ការបោះឆ្នោតថ្ងៃ ២៩ កក្កដា មានន័យថា ជាការប្រហារអាជីពនយោបាយបោកប្រាស់ ប្រហារគោលបំណងទុច្ចរិតដែលប៉ុនប៉ងអូសទាញកម្ពុជាឲ្យធ្លាក់ក្នុងសភាពវឹកវរជាថ្មី ប្រហារចលនាបំផ្លាញការបោះឆ្នោត ប្រហារគោលបំណងចង់យកកម្ពុជាធ្វើជាអាយ៉ងចៅហ្វាយបរទេសរបស់ខ្លួន។ ពោលគឺ ២៩ កក្កដា ប្រហារអ្វីៗគ្រប់យ៉ាងរបស់ក្រុមទុច្ចរិតដោយគ្មានសេសសល់អ្វីឡើយ។

    ទស្សនៈកូនខ្មែរ៖ វាំងននបើកហើយ សូមមើលមុខមាត់ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី!

    សម រង្ស៊ី ធ្លាប់ត្រូវបានចៅហ្វាយបរទេសដៀលត្មិះថា ជាឆ្កែចោលម្សៀត ចិញ្ចឹមបំបង់បាយនៅក្រោយពេលពួកគេបរាជ័យម្តងហើយម្តងទៀតក្នុងការដណ្តើមអំណាច ទាំងតាមរយៈការបោះឆ្នោត និងតាមរយៈចលនាបដិវត្តន៍ពណ៌។ សម រង្សី ក៏ត្រូវបានខ្មែរនៅក្រៅប្រទេសបាត់ទំនុកចិត្តយ៉ាងខ្លាំង ដោយពួកគេចាត់ទុកថា ជាអ្នកនយោបាយឥតបានការ ចេះតែមកទារលុយតែលទ្ធផលសូន្យឈឹង និងស្គាល់តែពាក្យថា ចាញ់គ្រប់ជំហាន។ សម រង្ស៊ី ក៏ត្រូវបានខ្មែរក្នុងស្រុកដាក់ងារថា ដង្ខៅបាតុកម្មជំនាញខាងបំផ្លាញ តែមិនចេះកសាងសមិទ្ធផលអ្វីទាំងអស់។ សម រង្ស៊ី ក៏ត្រូវបានអ្នកកាសែតបរទេសដែលបំពេញការងារនៅកម្ពុជាហៅថា ជាអ្នកនយោបាយស្អុយ ពីព្រោះគាត់តែងធ្វើឲ្យព័ត៌មានរបស់គេស្អុយរហូតតាមរយៈការបោកប្រាស់រាប់មិនឈ្នះថាវិលចូលស្រុក តែមិនដែលធ្វើតាមសម្តី។ បច្ចុប្បន្ននេះ សម្តីរបស់ សម រង្ស៊ី បានក្លាយជារឿងកំប្លែងអស់សំណើចសម្រាប់ពួកអ្នកកាសែតទៅហើយ។ សម រង្ស៊ី ក៏ត្រូវបានអ្នកគាំទ្រក្នុងស្រុកដែលបាត់ភាពកក់ក្តៅដាក់ងារគាត់ថា «មេប្រូច» ពីព្រោះគាត់ជំនាញខាងដាក់មេប្រូចគ្មានអ្នកណារត់ទាន់ ដោយទុកឲ្យកូនចៅកំព្រារងារឯការ។

     

    ឥឡូវនេះ អ្នកនយោបាយពហុជំនាញខាងបំផ្លាញរូបនេះកំពុងដេកស្លរឈាមដោយឃើញថាផែនការទុច្ចរិតទាំងឡាយដែលខ្លួនបានរៀបចំក្រោមការជ្រោមជ្រែង និងចង្អុលបង្ហាញពីចៅហ្វាយបរទេសនោះទទួលបរាជ័យទាំងស្រុង រីឯការបោះឆ្នោតក៏កាន់តែកៀកចូលមកដល់។ សម្រាប់ សម រង្ស៊ី ជោគជ័យនៃការបោះឆ្នោតថ្ងៃ ២៩ កក្កដា គឺជាសំឡេងភ្លេងខ្លងខែកចុងក្រោយបំផុតហើយបន្ទាប់ពីសំឡេងខ្លងខែកលើកទី១ដែលដង្ហែរអតីតបក្សសង្គ្រោះជាតិទៅបូជាបានបន្លឺឡើងហើយគាត់មិនអាចជួយអ្វីបាន។ ទោះដឹងថា គ្មានសង្ឃឹម តែសម រង្ស៊ី នៅតែសន្យាថានឹងប្រោសបក្សសង្គ្រោះជាតិឲ្យរស់ឡើងវិញដើម្បីចូលរួមការបោះឆ្នោត។ កាលណោះ សម រង្ស៊ី រំពឹងទៅលើអន្តរាគមន៍បរទេសដើម្បីឲ្យរូបគាត់និងខ្មោចបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោតបាន។ ចុងក្រោយនេះ សម រង្ស៊ី ខំខ្លាំងណាស់ក្នុងការទប់ស្កាត់ជប៉ុនកុំឲ្យជួយដល់ គ.ជ.ប ប៉ុន្តែ ការខិតខំប្រឹងប្រែងទាំងឡាយ ត្រូវបរាជ័យយ៉ាងអាម៉ាសនៅពេលដែលទីបំផុត ជប៉ុន ផ្តល់សម្ភារៈបម្រើឲ្យការបោះឆ្នោតតាមការសន្យាទាំងអស់។ ក្តីរំពឹងចុងក្រោយរបស់ សម រង្ស៊ី ក៏ត្រូវរលាយសាបសូន្យទាំងស្រុងពីព្រោះរហូតមកដល់ពេលនេះគ្មានបរទេសណាមកអន្តរាគមន៍ឲ្យខ្មោចសង្គ្រោះជាតិរស់ឡើងវិញបានពិតប្រាកដ និងជាក់ស្តែងនោះទេ ហើយជប៉ុនក៏នៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាយ៉ាងពេញលេញដដែល។

    ឥឡូវនេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតកំពុងអង្គុយរាប់ថយក្រោយដោយទន្ទឹងរងចាំថ្ងៃ ២៩ កក្កដា មកដល់នឹងអាលចេញទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេស។ ខណៈដែលការបោះឆ្នោតកាន់តែកៀកចូលមកដល់ ពេលនេះលោក«មេប្រូច»ដែលពូកែខាងបិទសាប៊ូកំពុងដេកមិនលក់ បក់មិនល្ហើយ រកធ្វើអ្វីក៏មិនត្រូវ។ មួយថ្ងៃៗគិតតែមួម៉ៅឆេះដុំស្តីបន្ទោសកូនចៅនៅជុំវិញខ្លួន រហូតស្ទើរគ្មានអ្នកណាហ៊ាននៅក្បែរទៅហើយ។ មន្ត្រីនៅកៀកលោក សម រង្ស៊ី ម្នាក់លាន់មាត់ថា បើតែយ៉ាងនេះច្បាស់ជាអាយុខ្លីទាំងអស់គ្នាហើយ។ សូមកុំភ្លេចថា មន្ត្រីដែលលង់ខ្លួនជាមួយ សម រង្ស៊ី ជាច្រើនកំពុងអស់សង្ឃឹមយ៉ាងខ្លាំងថាអាចវិលចូលស្រុកវិញបានដោយសារតែ ចាញ់បោកនយោបាយ សម រង្ស៊ី ហើយធ្វើសកម្មភាពប្រឆាំងសាលដីកាតុលាការកំពូល។

     

    ទោះយ៉ាងណា ពួកគេនៅតែអាចមានផ្លូវចូលស្រុកវិញបាន បើសិនជាពួកគេដឹងកំហុសហើយកែខ្លួនទាន់ពេលវេលា ពីព្រោះគេរំពឹងថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចជាគណបក្សតែមួយគត់ដែលមានគោលនយោបាយបង្រួបបង្រួមជាតិពិតប្រាកដហើយខ្មែរគ្រប់និន្នាការនយោបាយអាចរស់នៅជាមួយគ្នាបាន។ ដូច្នេះ សូម បងប្អូនអតីតប្រឆាំងកុំនៅស្ទាក់ ស្ទើរហើយរង់ចាំដង្ហែរអាជីព នយោបាយលោក សម រង្ស៊ី យកទៅបូជាជាលើកទី២អី។ សូមអ្នកនៅស្ទាក់ស្ទើរទាំងឡាយប្រញាប់រួសរាន់កែរខ្លួនឲ្យទាន់ពេលវេលាទាន់នៅមានឱកាស៕

    ដោយ៖ អតីតមន្ត្រីស្និទ្ធលោក សម រង្ស៊ី

    អត្ថបទទាក់ទង