ខ្មែរប៉ុស្ដិ៍ Close

    យុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក២៥រូប បានបញ្ចប់កម្មសិក្សារបស់ខ្លួនបានយ៉ាងជោគជ័យ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1443
    យុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក២៥រូប បានបញ្ចប់កម្មសិក្សារបស់ខ្លួនបានយ៉ាងជោគជ័យយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក២៥រូប បានបញ្ចប់កម្មសិក្សារបស់ខ្លួនបានយ៉ាងជោគជ័យ

    នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ សិក្ខាកាមចំនួន២៥រូប ១០រូបមកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសបូរព្រៃគុគ សហភាពសហព័ន្ធយុវជនកម្ពុជា និង១៥រូបទៀតមកពី៩ប្រទេសជុំវិញពិភពលោក បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីអប់រំយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកដោយជោគជ័យ ។ កម្មវិធីនេះរៀបចំឡើងនៅសាលសន្និសិទ្ធិអង្គរនៃអាជា្ញធរជាតិអប្សរា ក្រោមអធិបតីភាព លោកហង់ ពៅ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ធា សថានី សមាជិកអចិន្ត្រិយ៍ ស.ស.យ.ក ខេត្តសៀមរាប និងលោកស្រី Sin Boram នាយិកាវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌កូរ៉េ។

    ក្នុងឱកាសបិទកម្មវិធី លោក ហង់ ពៅ មានប្រសាសន៍ថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលបានរៀបចំកម្មវិធីនេះឡើង ក៏ដូចជាសិក្ខាកាមទាំងអស់ដែលបានចំណាយពេលសិក្សារៀនសូត្រក្នុងរយៈពេល១០ថ្ងៃកន្លងនេះ។ លោកសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមយល់ដឹងច្រើនពីវប្បធម៌ អរិយធម៌អង្គរ នឹងការអភិរក្ស សហគមន៍ និងក្រមប្រតិបត្តិអង្គរ។

    យ៉ាងណាក៏ដោយលោកបន្តថា រយៈពេល១០ថ្ងៃរបស់សិក្ខាកាមមិនអាចគ្រប់គ្រាន់សម្រាប់សិក្សាស្វែងយល់បានឡើយ រមណីយ៍ដ្ឋានអង្គរទាំងមូលក្រៅពីប្រាង្គប្រាសាទ គឺមានបេតិកភណ្ឌអរូបីជាទំនៀមទម្លាប់របស់អ្នកស្រុក ប៉ុន្តែសិក្ខាកាមពិតជាបានស្គាល់ និងបានដឹងនូវការប្រារព្ធពិធីខ្លះៗរបស់អ្នកស្រុកអំឡុងថ្ងៃចុះសិក្សា ដែលតំបន់អង្គរបានរក្សាទេសភាពវប្បធម៌បានយ៉ាងល្អប្រសើរ។ ចុងក្រោយលោកសង្ឃឹមថា សិក្ខាកាមដែលមកពី៨ប្រទេសអាចមកកម្ពុជាម្តងទៀត ដើម្បីសិក្សាឱ្យបានលម្អិតពីការងារ ការអភិរក្ស ការអភិវឌ្ឈន៍ ពិសេសនាំក្រុមគ្រួសារ មិត្តភក្តិមកសិក្សាស្វែងយល់ និងទស្សនារមណីយ៍ដ្ឋានអង្គរដែលជាចក្រភពនៃវប្បធម៌នៅអាស៊ី។

    លោកស្រី Sin Boram នាយិកាវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌កូរ៉េ និងជាអ្នករៀបចំកម្មវិធីនេះមានប្រសាសន៍ថានេះជាលើកទី២ដែលបើកវគ្គបណ្តុះបណ្តាលនៅតំបន់អង្គរ សហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ គោលបំណងបណ្តុះបណ្តាលយុវជនអំពីបេតិភណ្ឌវប្បធម៌។ លោកស្រីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងមាននៅឆ្នាំខាងមុខជាបន្តបន្ទាប់សម្រាប់យុវជនកម្ពុជា និងយុវជននៅជុំវិញពិភពលោកដើម្បីយល់កាន់តែច្បាស់អំពីការអភិរក្ស និងការអភិវឌ្ឈន៍រមណីយ៍ដ្ឋានអង្គរ។ ចុងបញ្ចប់លោកស្រីបញ្ជាក់ថា នាពេលអនាគត វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែធ្វើនៅក្នុងតំបន់អង្គរប៉ុណ្ណោះទេ គឺនឹងធ្វើនៅខេត្តព្រះវិហារ និងសំបូរព្រៃគុក និងសូមឱ្យយុវជនទាំងអស់ចូលរួមឱ្យបានច្រើនផងដែរ។

    លោក សុខ ទីឃាវុឌ្ឈ ជាយុវជនស្ម័គ្រចិត្តកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ទៅលើការអភិរក្ស ក្រមប្រតិបត្តិអង្គរ និងភូមិធម្មជាតិរុនតាឯក។ លោកបានទទួលចំណេះដឹងច្រើនដូចជាអភិរក្សថ្ម ឥដ្ឋ កុលាលជន៍ សហគមន៍ជុំវិញ ការគ្រប់គ្រងទេសចរ ជាពិសេសក្រមប្រតិបត្តិអង្គរ ដែលភ្ញៀវទេសចរត្រូវយល់ដឹងពេលចូលមកទស្សនារមណីដ្ឋានអង្គរ។ លោកក៏បានសំណូមពរឱ្យមានកម្មវិធីនេះនៅពេលខាងមុខបន្តទៀត ព្រោះផ្តល់ឱ្យយុវជនយល់ដឹងពីតម្លៃវប្បធម៏ ការរស់នៅរបស់សហគមន៍ និងចូលរួមថែរក្សារាល់សម្បត្តិបេតិកភណ្ឌជាតិ។

    កញ្ញា MICHELLE ALMAGRO ជាយុវជនស្ម័គ្រចិត្តភីលីពីន បានឱ្យដឹងថា ពិតជារីករាយណាស់បានក្លាយជាយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក និងបានចូលរួមវគ្គបណ្តុះបណ្តាលនេះជាមួយយុវជនមកពីប្រទេសផ្សេងទៀតនៅរមណីយដ្ឋានអង្គរ។ កញ្ញា រំឭកថា កាលពីប៉ុន្មានឆ្នាំមុនបានមកលេងតំបន់អង្គរតាមរយៈក្រុមហ៊ុនទេសចរណ៍មួយ បើប្រៀបធៀបពេលនោះអ្នកស្រីមិនបានស្វែងយល់អ្វីទាល់តែសោះ ពិសេសផ្នែកក្រមប្រតិបត្តិអង្គរ ការងារជួសជុល ការអភិរក្ស និងការអភិវឌ្ឈន៍សហគមន៍។ កញ្ញាមានចំណាប់អារម្មណ៍ទៅលើការអភិរក្សប្រាសាទខ្មែរដែលខុសគ្នានៅ ភីលីពីន និងសំណូមពរឱ្យកម្មវិធីនេះលើកក្រោយមានរយៈពេលវែងសម្រាប់ការចុះសិក្សាដល់ទីតាំងតែម្តង៕

    អត្ថបទទាក់ទង