ខ្មែរប៉ុស្ដិ៍ Close

ប្រធានគណបក្សនយោបាយដែលចូលរួមក្នុង «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នឹងត្រូវតែងតាំងឋានៈស្មើទេសរដ្ឋមន្ត្រី និងអនុប្រធាន ឬអគ្គលេខា ឋានៈស្មើ រដ្ឋមន្រ្តី

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1124
ប្រធានគណបក្សនយោបាយដែលចូលរួមក្នុង «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នឹងត្រូវតែងតាំងឋានៈស្មើទេសរដ្ឋមន្ត្រី និងអនុប្រធាន ឬអគ្គលេខា ឋានៈស្មើ រដ្ឋមន្រ្តី ប្រធានគណបក្សនយោបាយដែលចូលរួមក្នុង «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នឹងត្រូវតែងតាំងឋានៈស្មើទេសរដ្ឋមន្ត្រី និងអនុប្រធាន ឬអគ្គលេខា ឋានៈស្មើ រដ្ឋមន្រ្តី

(ភ្នំពេញ)៖ លោក ឈឹម ផលវរុណ ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​នៅថ្ងៃទី២១​​ ខែសីហា ឆ្នាំ២០១៨បានថ្លែងឲ្យដឹងថា សមាសភាពនៃ «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នឹងត្រូវបានជ្រើសចេញពីគណបក្សនយោបាយចំនួន១៦ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះចំនួន២រូប ដែលប្រធានគណបក្ស ហៅថាជា «ប្រធានប្រតិភូ» និងអនុប្រធាន ឬអគ្គលេខាធិការនៃគណបក្ស ហៅថា «អនុប្រធានប្រតិភូ»

លោក ឈឹម ផលវរុណ បានបន្តថា ប្រតិភូដែលត្រូវជ្រើសយកជាសមាសភាពនៃ «ឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់» គឺប្រធានប្រតិភូ នឹងត្រូវតែងតាំង ឲ្យមានឋានៈស្នើទេសរដ្ឋមន្ត្រី​ ហើយអនុប្រធានប្រតិភូ នឹងត្រូវតែងតាំងឲ្យមានឋានៈស្នើនឹងរដ្ឋមន្ត្រី ដែលមានប្រាក់បៀវត្សជាកញ្ចប់ថវិកាជាតិ នៅក្នុងប្រអប់ទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា លោក​ ឈឹម ផលវរុណ បានបញ្ជាក់យ៉ាងដូច្នេះថា «សមាសភាពនោះគឺគណបក្សនីមួយៗបញ្ជូនប្រតិភូរបស់ខ្លួន ដែលមានពីររូប ចូលទៅក្នុងឧត្តមក្រុមប្រឹក្សា ដែលជាទូទៅគឺ ប្រធានគណបក្ស អនុប្រធានគណបក្ស ឬអគ្គលេខា។ ប៉ុន្តែវាអាចមានករណីពិសេសខ្លះ ដែលប្រធានគណបក្សមិនអាច អ៉ីចឹងគឺគណបក្សនោះគេអាចបញ្ជូនប្រតិភូ អ៉ីចឹងហើយបានយើងប្រើពាក្យប្រតិភូ ដែលជាឥស្សរជនជាន់ខ្ពស់ក្នុងជួរគណបក្ស បើមិនបានប្រធាន ក៏អនុប្រធាន»

លោកបន្តថា «ហើយប្រតិភូមានពីរនាក់ក្នុងមួយគណបក្សនោះ មានមួយជាប្រធានប្រតិភូ ដែលមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី ឯអនុប្រធានប្រតិភូមានឋានៈស្មើនឹងរដ្ឋមន្ត្រី ហើយនឹងមានប្រាក់បៀវត្ស ដែលជាកញ្ចប់ថវិកាជាតិ នៅក្នុងប្រអប់ទីស្តីការគណៈរដ្ឋមន្ត្រី»

បើតាមទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការចូលរួមធ្វើជាសមាសភាពនៃ «ឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់» ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ម៉្យាងវិញទៀត គណបក្សដែលចង់ចូលតាមក្រោយ ក៏អនុញ្ញាតឲ្យចូលដែរ តែត្រូវមានការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមុនសិន។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ហើយការចូលរួមនេះរបស់គណបក្សឈរលើគោលការណ៍ស្ម័គ្រចិត្ត យើងឥតបង្ខំទេ បើគណបក្សណាគេអនុវត្តន៍តាមបែបបទផ្ទៃក្នុងបក្សគេ សម្រេចមិនចូលរួមគឺទទួល តែបើមិនចូលរួមគឺជាគោលការណ៍ស្ម័គ្រចិត្តរបស់គេ។ ហើយមួយទៀត ចំពោះគណបក្សណាក៏អាចចូលរួមក្រោយទៀតក៏បានដែរ ប៉ុន្តែដើម្បីកុំឲ្យចេះតែចេញចូលស្រួល អ៉ីចឹងការចូលបន្តទៀត ត្រូវមានការយល់ព្រមពីនាយករដ្ឋមន្ត្រី។ អ៉ីចឹងយើងផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងឧត្តមានុភាពរបស់សម្តេចតេជោ ក្នុងតួនាទីជាប្រមុខរាជរដ្ឋាភិបាល»

សូមបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ហើយប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

អត្ថបទទាក់ទង