ខ្មែរប៉ុស្ដិ៍ Close

    មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកអ្នកជំងឺ​ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1807
    មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកអ្នកជំងឺ​ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកអ្នកជំងឺ​ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់

    ត្បូង​ឃ្មុំ​៖ លោក​ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឲ្យក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ ក្នុងការព្យាបាលប្រជាពលរដ្ឋនៅពេលពួកគាត់ចូលសម្រាកក្នុងមន្ទីរពេទ្យ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការអនុវត្តន៍ទៅតាមតួនាទីរបស់ខ្លួនអោយបានល្អប្រសើរ។​ លោក​បាន​ថ្លែងបែបនេះ​ ក្នុងពិធីអបអរសាទរទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី៤ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងសាលប្រជុំរបស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។​

    លោក​ ធា គ្រុយ បានបន្តថា «ក្នុងនាមយើងជាគ្រូពេទ្យ មានកាតព្វកិច្ចក្នុងការជួយសង្រ្គោះមនុស្ស នៅពេលពួកគាត់មានជំងឺដោយប្រការណាមួយ យើងត្រូវយកចិត្តទុកដាក់ទៅលើអ្នកជំងឺ មិនត្រូវធ្វើការលំៗយកតែរួចខ្លួននោះទេ ត្រូវមានក្រមសីលធម៌ ភាពស្និទ្ធស្នាល និងត្រូវធ្វើការពន្យល់ដល់ពួកគាត់ឲ្យច្បាស់ ហើយក៏មិនត្រូវធ្វើទៅតាមបញ្ជាររបស់ក្រុមគ្រួសារអ្នកអ្នកជំងឺដែរ ព្រោះគាត់មិនមែនជាគ្រូពេទ្យទេ ដូច្នេះមានតែក្រុមគ្រូពេទ្យ ដែលដឹងពីប្រភេទជំងឺ និងស្ថានភាពជំងឺគាត់ បើស្ថានភាពធ្ងន់ធ្ងរខ្លាំង ហើយហួសពីសមត្ថភាពយើង ត្រូវបញ្ជូនគាត់ទៅសង្រ្គោះ និងព្យាបាលបន្តនៅមន្ទីរពេទ្យណា ដែលមានលទ្ធភាពព្យាបាល»

    លោក​ក៏​បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យ ត្រូវធ្វើការផ្តល់ព័ត៌មានឲ្យប្រជាពលរដ្ឋបានយល់ច្បាស់ ក្នុងប្រការដែលអ្នកជំងឺចូលមកសម្រាកក្នុងមន្ទីរពេទ្យ បើប្រជាពលរដ្ឋក្រីក្រចូលមកសម្រាកក្នុងមន្ទីរពេទ្យ គឺរដ្ឋាភិបាលចេញថ្លៃសេវាឲ្យពួកគាត់ ព្រោះសព្វថ្ងៃរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់​ ទៅលើប្រជាពលរដ្ឋដែរក្រីក្រគ្មានលទ្ធភាពព្យាបាលជំងឺ ។

    លោក​ ធា គ្រុយ បានបញ្ជាក់បន្ថែមថា ក្រុមលោកគ្រូពេទ្យត្រូវយកចិត្តដាក់ក្នុងការងាររបស់ខ្លួន ត្រូវគោរពតួនាទី និងពេលវេលាម៉ោងធ្វើការ ជាពិសេសក្នុងការប្រចាំការនៅផ្នែកនីមួយៗ ត្រូវមានគ្រូពេទ្យប្រចាំការជាប់គ្រប់ម៉ោង នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ព្រោះបញ្ហាអ្នកជំងឺយើងមើលមិនឃើញ គឺមានគ្រប់ពេលវេលាដែលកើតឡើង។

    នាឱកាសនោះដែរ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្នុងនាមជាប្រធានមន្ទីរសុខាភិបាលខេត្ត តែងតែអនុវត្តន៍នូវប្រសាសន៍របស់ថ្នាក់ដឹកនាំជានិច្ច ហើយខិតខំបំពេញកាតព្វកិច្ចជាគ្រូពេទ្យមិនមានការធ្វេសប្រហែសបន្តិចឡើយ ហើយក្នុងផ្នែកនីមួយៗមានការ ប្រចាំការណ៍ជាប់ ជានិច្ច២៤ម៉ោង លើ២៤ម៉ោង ចំពោះក្រមសីលធម៌របស់ក្រុមលោកគ្រូពេទ្យ គឺអនុវត្តន៍បានល្អមិនមានអ្វីថ្នាំងថ្នាក់ ពីសំណាក់ដល់ប្រជាពលរដ្ឋឡើយ។

    លោកបានបញ្ជាក់ទៀតថា ចំពោះសេវាក្នុងការព្យាបាល លោកបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាម ប្រព័ន្ធផ្សព្វផ្សាយនឹងធ្វើការពន្យល់ផ្ទាល់ នៅពេលគាត់ចូលមកសម្រាកក្នុងមន្ទីរពេទ្យ ដោយមិនឲ្យគាត់ភ័យខ្លាចអត់លុយបង់ថ្លៃសេវាទេ ព្រោះរដ្ឋជាអ្នកចេញថ្លៃសេវាឲ្យបើប្រជាពលរដ្ឋនោះក្រីក្រពិតប្រាកដមែន៕

    អត្ថបទទាក់ទង