ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ រដ្ឋសភា និងរាជរដ្ឋាភិបាលរបស់ប្រជាជាតិខ្មែរ

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1768
    លិខិតមិត្តអ្នកអាន៖ រដ្ឋសភា និងរាជរដ្ឋាភិបាលរបស់ប្រជាជាតិខ្មែរលិខិតមិត្តអ្នកអាន៖ រដ្ឋសភា និងរាជរដ្ឋាភិបាលរបស់ប្រជាជាតិខ្មែរ

     ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតបានកើតឡើងនៅលើទឹកដីនៃកម្ពុជាអច្ឆរិយៈគឺការបើកសម័យប្រជុំដំបូង និងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ក្រោមព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។ តំណាងរាស្ត្រ ចំនួន១២៥រូបមកពីគណបក្សប្រជាជនកម្ពុជានឹងចូលរួមប្រជុំ ដោយមានវត្តមានតំណាងពីស្ថាប័នកំពូលផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងអង្គទូតនៃប្រទេសជាមិត្តផងដែរ។

    កិច្ចប្រជុំសភាលើកទី១ នីតិកាលទី៦ ដើម្បីប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកសភានីមួយៗ នៅពេលនេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។ មាត្រា៨២ថ្មីចែងថា «រដ្ឋសភាបើកសម័យប្រជុំដំបូងហុកសិបថ្ងៃ (៦០) ថ្ងៃយ៉ាងយូរក្រោយការបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ»។ កម្ពុជា មានរដ្ឋសភាថ្មីសម្រាប់នីតិកាលទី៦ប្រកបដោយមោទនភាព និងជាការឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ ដែលបានស្តែងឡើងតាមរយៈការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ ដែលមានពលរដ្ឋខ្មែរចំនួន៨៣,០២% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

    ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ មានភាពស្របច្បាប់ត្រឹមត្រូវ មានធាតុផ្សំប្រជាធិបតេយ្យពេញលេញព្រោះចាប់តាំងពីដំណើរការត្រៀមរៀបចំ រហូតដល់ដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលឯករាជ្យ និងអនុវត្តស្របតាមនីតិវិធីច្បាប់។ ពលរដ្ឋខ្មែរ ៨៣,០២% នៃចំនួនអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតជាង ៨,៣ លាននាក់ បានចេញទៅបោះឆ្នោត ដែលនេះលើសពីគោលការណ៍ប្រជាធិបតេយ្យទៅទៀត។ 

    គណបក្សនយោបាយមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាព រីឯ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការសម្រេចចិត្ត និងផ្តល់សេចក្តីទុកចិត្តដល់គណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត។ ស្របច្បាប់ក៏ព្រោះតែការបោះឆ្នោតនេះ ត្រូវបានចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង ៨ ម៉ឺននាក់ហើយអ្នកសង្កេតការណ៍ទាំងនេះ សុទ្ធតែបានទទួលស្គាល់ថាការបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិវិធី សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងស្របតាមគោល ការណ៍លទ្ធិប្រជាធិបតេយ្យ អាចទទួលយកបាន។

    ប្រជាពលរដ្ឋខ្មែរក៏បានសាទរស្វាគមន៍លទ្ធផលនៃការបោះឆ្នោត និងភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ គឺជាប្រជាធិបតេយ្យដែលស្ថិតក្នុងដែអធិបតេយ្យភាព ដ៏ពេញលេញរបស់កម្ពុជា និងជាប្រជាធិបតេយ្យដ៏ពិតប្រាកដឥតក្លែងក្លាយ ពីព្រោះវាជាឆន្ទៈរបស់ពលរដ្ឋខ្មែរភាគច្រើនលើសលុប ដែលជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។ មុននឹងសម្រេចចិត្តគូសសន្លឹកឆ្នោត បងប្អូនប្រជាពលរដ្ឋទាំងនេះបានពិចារណាច្បាស់ថាតើនរណាដែលខ្លួនជឿជាក់ថាធ្វើឱ្យក្តីសុបិន្ត របស់ពួកគេបានសម្រេច។ តាមរយៈលទ្ធផលនៃការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនេះបង្ហាញយ៉ាងច្បាស់ពីគោលបំណងរបស់ប្រជាពលរដ្ឋ ដែលជ្រើសរើសយកការបន្តការពារសន្តិភាព និងការអភិវឌ្ឍជាអាទិភាពរបស់ខ្លួនការពារសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលរកមកបានដោយពិបាកនេះ។

    ភាពស្របច្បាប់និងប្រកបដោយលទ្ធិប្រជាធិបតេយ្យនៃការបោះឆ្នោតនេះបានផ្តល់នីត្យានុកូលភាពពេញលេញដល់រដ្ឋសភាថ្មី ដល់រដ្ឋាភិបាលថ្មីដែលនឹងត្រូវបង្កើតនាពេលនេះ និងជាពិសេសផ្តល់នីត្យានុកូលភាពពេញលេញជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៦ របស់ព្រះ រាជាណាចក្រកម្ពុជា។ កម្ពុជាពេលនេះ គ្មានវិបត្តិនយោបាយ ឬការបាតុកម្មឡាំប៉ារបស់គណបក្សនយោបាយដូចពីកាលពីការបោះឆ្នោតលើកមុនៗឡើយ។ ក្រោយការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ កម្ពុជាស្ថិតក្នុងស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមមួយដែលល្អបំផុត ហើយនេះគឺជាភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យកម្ពុជាក្នុងបរិបទដែលមេរោគចលាចលសង្គមខ្មោច គណបក្សសង្គ្រោះជាតិត្រូវបានរំលាយតាមអំណាចសាលដីកាតុលាការកំពូល និងជនមេរោគនៃការញុះញង់ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ និងខ្លះទៀតរត់ចោលស្រុក។ 

    ប្រទេសកម្ពុជាពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍ ស្ថិរភាពជាតិរឹងមាំនេះគឺជាអ្វីដែលពលរដ្ឋខ្មែរប្រាថ្នាចង់បាន ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលអាចធានាបាននូវក្តីប្រាថ្នាទាំងនេះ ហេតុដូច្នេះហើយបានជាពលរដ្ឋ ៧៧% នៃអ្នកទៅបោះឆ្នោត សរុបជិត ៧លាននាក់ បានផ្តល់សេចក្តីទុកចិត្តដល់ គណបក្សប្រជាជនកម្ពុជា ដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំការពារ កសាង និងអភិវឌ្ឍប្រទេសបន្ត ទៀតដោយក្តីមោទនភាពបំផុត។

    ដូច្នេះលទ្ធផលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ បញ្ជាក់ពីជោគជ័យដែលកើតចេញពីឆន្ទៈរាស្ត្រខ្មែរពិតប្រាកដ និងមានភាពស្របច្បាប់ត្រឹមត្រូវ។ គេមិនត្រូវបកស្រាយដោយកេងចំណេញផ្នែកនយោបាយ ទៅលើការមិនមានវត្តមានចូលរួមរបស់មន្ត្រីអង្គទូតខ្លះ ក្នុងការបើកសម័យប្រជុំដំបូងនៃរដ្ឋសភានេះថា ជាការមិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលថ្មី ឬថាមិនមាននីត្យានុកូលភាពឡើយ ព្រោះមន្ត្រីអង្គទូតដែ លបានអញ្ជើញចូលរួមគឺគ្រាន់តែជាភ្ញៀវប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។ កម្ពុជាក៏មិនចាំបាច់ត្រូវការឱ្យបរទេសណាផ្តល់ភាពស្របច្បាប់ឱ្យរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីរបស់ខ្លួននោះឡើយ ពីព្រោះកម្ពុជាគឺជារដ្ឋឯករាជ្យ អធិបតេយ្យ មានសិទ្ធិពេញលេញក្នុងការចាត់ចែង និងគ្រប់គ្រងអនាគតជាតិរបស់ខ្លួន។ ពលរដ្ឋខ្មែរ ជាង ៨៣% បានសម្រេចផ្តល់នីត្យានុកូលភាពរួចហើយទៅហើយនៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា៕

    ដោយ៖ ចៅចាក់ស្មុក

    រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨

    អត្ថបទទាក់ទង