ខ្មែរប៉ុស្ដិ៍ Close

    សម្តេច​តេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាមកពីជុំវិញពិភពលោក

    ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 973
    សម្តេច​តេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាមកពីជុំវិញពិភពលោកសម្តេច​តេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាមកពីជុំវិញពិភពលោក

    នៅរសៀលថ្ងៃទី០១ ខែធ្នូ ២០១៧ បន្ទាប់ពីជំនួបទ្វេភាគីជាមួយ ឯកឧត្តម​ប្រធានាធិបតីចិន ស៊ី ជីនពីង រួចមកសម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានាមកពីជុំវិញពិភពលោក នៅមហាវិមានប្រជាជនក្រុងប៉េកាំង។ នៅក្នុងកិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំមកពីគណបក្សជាង២០០ និងអង្គការនយោបាយនៅក្នុងបណ្តា ប្រទេស ជាង១២០ នៅជុំវិញពិភពលោក ។

    នៅក្នុងពិធីបើកកិច្ចសន្ទនាកំពូលនេះ ឯកឧត្តម​ប្រធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍ថា ប្រជាជាតិទាំងអស់នៅលើពិភពលោក ត្រូវតែផ្តល់នូវសុខសន្តិភាពនិងផ្សាភ្ជាប់គ្នា ហើយផ្តល់នូវផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយមិនប្រកាន់ប្រទេសអ្នកមាន ប្រទេសក្រ ពោលគឺរស់នៅលើពិភពលោកតែមួយហើយមានឱកាសរួមគ្នា ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់មនុស្សជាតិកាន់តែល្អប្រសើរ។ ការប្រជែងគ្នាដើម្បីអំណាច និងផលប្រយោជន៍សួនតួ គឺនាំមកនូវគ្រោះមហន្តរាយ។ អ្វីដែលកាន់តែមានសារៈសំខាន់បំផុតនោះគឺការចែករំលែកពីគ្នាទៅវិញទៅមកនូវសេចក្តីសុខ សេចក្ដីរីករាយ ដោយមិនយកគ្នាជាសត្រូវទោះបីយើងមានវប្បធម៌ អារ្យធម៌ខុសគ្នា គឺយើងជាគ្រួសារតែមួយ មានបំណងមូលដ្ឋានរួមតែមួយ ហើយរស់នៅលើផែនដីនេះតែមួយរួមគ្នា។

    ឯកឧត្តម​ប្រធានាធិបតីចិនបញ្ជាក់ផងដែរថា ចិនមិនតម្រូវឱ្យប្រទេសដទៃយកអ្វីពីចិនទៅអនុវត្តន៍តាមខ្លួនឡើយ ហើយប្រទេសដទៃក៏មិនត្រូវឱ្យយើងយកអ្វីពីប្រទេសនោះមកឱ្យយើងត្រូវតែធ្វើតាមដែរ។ ប៉ុន្តែយើងអាចចែករំលែកនូវបទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមកបាន ជាពិសេស គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសចិន នឹងជួយតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាច្រើនក្នុងតំបន់ នឹងក្នុងពិភពលោកដែលនឹងជួយឱ្យជីវភាពរស់នៅរបស់មនុស្សជាតិកាន់តែប្រសើរឡើងមិនខាន។

    ឯកឧត្តម​ប្រធានាធិបតីចិនក៏បានបញ្ជាក់ផងដែរថា យើងត្រូវរួមគ្នាបំបាត់សង្រ្គាម បំបាត់ការជួញដូរមនុស្ស បំបាត់អំពើភេរវកម្ម ការពារសន្តិភាព ការពារស្រ្តីនិងកុមារដែលងាយរងគ្រោះ គឺយើងត្រូវខិតខំរួមគ្នាអោយពលរដ្ឋយើងចាកផុតពីភាពក្រីក្រ។

    គួរបញ្ជាក់​ផង​ដែរថា នៅក្នុងកិច្ចសន្ទនាថ្នាក់ខ្ពស់ ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី ២៩វិច្ឆិកា ដល់ថ្ងៃទី៣ធ្នូ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននេះ សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ចសន្ទនាថ្នាក់ខ្ពស់ក្រោមប្រធានបទ រួមគ្នាកសាងសហគមន៍នៃ អនាគតរួម សម្រាប់មនុស្សជាតិនិងពិភពលោកស្រស់ស្អាត។ បន្ទាប់ពីកិច្ចសន្ទនាកំពូលត្រូវបានបើកជាផ្លូវការរួចហើយ សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយ ឯកឧត្តម​ វ៉ាង ហូនីន សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យមជ្ឈឹមបក្សកុម្មុនីស្តចិន នៅក្នុងមហាវិមានប្រជាជនចិនផងដែរ៕