ខ្មែរប៉ុស្ដិ៍ Close

    សហគមន៍ផលិតផលមៀនប៉ៃលិន ក្នុង១ឆ្នាំ ផលិតផ្លែមៀនបានចំនួន ជាង ៥ពាន់តោន ដែលទិន្នផលបានកើនឡើង ៣០% ជារៀងរាល់ឆ្នាំ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2898
    សហគមន៍ផលិតផលមៀនប៉ៃលិន ក្នុង១ឆ្នាំ ផលិតផ្លែមៀនបានចំនួន ជាង ៥ពាន់តោន ដែលទិន្នផលបានកើនឡើង ៣០% ជារៀងរាល់ឆ្នាំសហគមន៍ផលិតផលមៀនប៉ៃលិន ក្នុង១ឆ្នាំ ផលិតផ្លែមៀនបានចំនួន ជាង ៥ពាន់តោន ដែលទិន្នផលបានកើនឡើង ៣០% ជារៀងរាល់ឆ្នាំ

    ប៉ៃលិន៖ បើតាមការលើកឡើងក្នុងមហាសន្និបាតបូកសរុបការងារលើកទី៣ ឆ្នាំ២០១៨ របស់សហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោក ស្រេង ស្រៀង ប្រធានសមាគមន៍មៀនប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន បានចំនួន ៥៥៩០តោន ក្នុងឆ្នាំ២០១៧ ហើយទិន្នផលកើនឡើងជាង ៣០% ជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។

    លោក ម៉ៅ ថូរ៉ា បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាកសិករនៅខេត្តប៉ៃលិន បានងាកមកដាំដំណាំយុទ្ធសាស្ត្រឈើហូបផ្លែ ដូចជា ដំណាំមៀនប៉ៃលិន ជំនួសដំណាំដំឡូង ពោត សណ្តែក ដែលមិនសូវអំណោយផល និងទទួលបានទន្និផលទាប ប៉ុន្តែបញ្ហាជាច្រើនឆ្នាំមកហើយ ចំពោះកសិករដាំមៀនប៉ៃលិន កំពុងជួបប្រទះ គឺការធ្វើច្បាប់ស្តង់ដាភូតគាមអនាម័យ SPS ដែលកំពុងធ្វើឱ្យរាំងស្ទះដល់ការនាំចេញកសិផលរបស់ខ្មែរយើងត្រង់ទៅក្រៅប្រទេស ជាពិសេស គឺផ្លែមៀនប៉ៃលិន និងផ្លែស្វាយកែវល្មៀត។

    ក្នុងឱកាសនោះដែរ លោក សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្ម បានថ្លែងថា បច្ចុប្បន្ន ផ្លែមៀននៅខេត្តប៉ៃលិន មានបរិមាណកើនឡើងជារៀងរាល់ឆ្នាំ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មផ្ទាល់ គឺកំពុងជួយសម្របសម្រួល និងបើកផ្លូវឱ្យការនាំចេញផ្លែមៀនប៉ៃលិន ទៅលក់នៅប្រទេសចិនដោយត្រង់តែម្តង ដោយមិនបាច់ឆ្លងកាត់ប្រទេសថៃ ដូចជាការចុះ MOU វាងប្រទេសទាំងពីរ និងការធ្វើច្បាប់បញ្ជាក់ស្តង់ដាភូតគាមអនាម័យ SPS ជាដើម។

    លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា សហគមន៍កសិកម្ម មានតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ជីវភាពរបស់ប្រជាកសិករ នៅតាមមូលដ្ឋានដោយផ្ទាល់ ដូច្នេះដើម្បីឱ្យសហគមន៍ផលិតផលមៀនប៉ៃលិន នេះមាននិរន្តរភាព និងមានការរីកចម្រើនទៅបាន គឺថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងមូល ត្រូវបង្កើននូវជំនឿចិត្ត មានភាពស្មោះត្រង់និងតម្លាភាព ហើយខិតខំស្វែងដៃគូសហការ និងវិនិយោគ ជាពិសេសទីផ្សារច្បាស់លាស់។

    លោកអភិបាលខេត្ត បានបន្តទៀតថា ការធ្វើមហាសន្និបាតរបស់សហគមន៍នាពេលនេះ គឺជាឱកាសមួយយ៉ាងសំខាន់សម្រាប់ថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ទាំងអស់បានបញ្ជេញនូវមតិយោបល់នានា ព្រមទាំងបានបង្ហាញនូវលទ្ធផលការងារដែលសហគមន៍បានអនុវត្តន៍នាពេលកន្លងមក និងផែនការទិសដៅផ្សេងៗដែលសហគមន៍ត្រូវធ្វើបន្ត ដូចនេះបើបងប្អូនមានចម្ងល់ត្រូវសួរ កុំឱ្យមានមន្ទិល និងមិនទុកចិត្តគ្នាទៅថ្ងៃក្រោយ។

    លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ប៉ាន សូរសក្តិ បានខិតខំធ្វើការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ សំដៅស្វែងរកដំណោះស្រាយបញ្ហានានា ជូនដល់វិស័យឯកជនកម្ពុជា និងអន្តរជាតិ ជាមួយរាជរដ្ឋាភិបាល ដូចជាការគាំទ្រការរៀបចំជំនួបធុរកិច្ច ក៏ដូចជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ។

    នៅក្នុងឱកាសនោះផងដែរ លោករដ្ឋលេខាធិការ ក៏បានកោតសរសើដល់សហគមន៍មៀនប៉ៃលិន ដែលបានខិតខំរួមចងក្រងគ្នាជាសហគមន៍ និងចូលរួមលើកស្ទួយគុណភាពកសិផលខ្មែរ សម្គាល់ភូមិសាស្ត្រ ហើយក្នុងនោះ សហគមន៍ត្រូវរួមគ្នាផលិតផ្លែមៀនឱ្យបានបរិមាណច្រើន ព្រមទាំងមានគុណភាព និងអនាម័យ ស្រមតាមស្តង់ដា និងតម្រូវការទីផ្សារអន្តរជាតិ។

    គួរបញ្ជាក់ថា៖ បច្ចុប្បន្ននេះ សហគមន៍ផលិតផលមៀនប៉ៃលិន មានសមាជិកចំនួន ២២៨នាក់ ស្រី៤២នាក់ មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងប៉ៃលិនផ្ទាល់ ហើយសហគមន៍បានចុះកុងត្រាលក់ផ្លែមៀនទៅឱ្យក្រុមហ៊ុនចិន នៅក្នុងប្រទេសថៃ ដោយមានផ្ទៃដីដាំដុះចំនួន ៧៤៦ហិចតា ស្មើរនឹង ១១១៩០០ដើម មានប្រាក់ភាគហ៊ុនសរុប ចំនួន ២៣៣ ៩០០ ០០០រៀល ស្មើរនឹង ២៣៣៩ហ៊ុន និងទុនសរុបចំនួន ៣៧៥ ៤២៩ ៩០០រៀល៕