ខ្មែរប៉ុស្ដិ៍ Close

អភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ ពិនិត្យសំណង់ខុសច្បាប់ ការសង់រោងបិទផ្លូវ និងការបិទផ្លូវដោយរថយន្តបាញ់បេតុង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1399
អភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ ពិនិត្យសំណង់ខុសច្បាប់ ការសង់រោងបិទផ្លូវ និងការបិទផ្លូវដោយរថយន្តបាញ់បេតុងអភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ ពិនិត្យសំណង់ខុសច្បាប់ ការសង់រោងបិទផ្លូវ និងការបិទផ្លូវដោយរថយន្តបាញ់បេតុង

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ ចាត់មន្ត្រីចុះត្រួតពិនិត្យជាប្រចាំ រាល់សំណង់ផ្សេងៗ ដែលកំពុងសាងសង់ពិសេសសំណង់ខុសច្បាប់ ឬសំណង់ដែលសង់ខុសកិច្ចសន្យា និងគ្មានគុណភាព ការសង់រោងបុណ្យ រោងការបិទផ្លូវ និងការបិទផ្លូវ ដោយរថយន្តបាញ់បេតុង ដើម្បីជំរុញឱ្យពួកគាត់គោរពច្បាប់ និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

លោកបានថ្លែងដូចនេះ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួម ពីអភិបាលខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាច្រើនរូបទៀតផងដែរ។

លោក ឃួង ស្រេង ក៏បានរំលឹកផងដែរ ទៅលើការណែនាំចំពោះរថយន្តបាញ់បេតុងដែលចត ឈប់ធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍តាមដងផ្លូវ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានជូនដំណឹងរួចមកហើយ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យផងដែរ ចំពោះការសង់រោងបុណ្យ រោងការ ដោយមិនត្រូវឱ្យបិទផ្លូវទាំងស្រុង ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងស្ទះចរាចរណ៍ដែលប្រជាពលរដ្ឋ តែងបង្ហាញការថ្នាំងថ្នាក់នាពេលកន្លងមក។ ម្ចាស់រោងបុណ្យ ឬរោងការគួររកទីតាំង សមស្របដែលមិនប៉ះពាល់ផ្លូវសាធារណៈដូចជាទីអារាម ឬតាមភោជនីដ្ឋាន ឬទីតាំងណាដែលសមរម្យ។

អភិបាលរាជធានីភ្នំពេញ បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងស្ថាបន័ពាក់ព័ន្ធ ឱ្យបង្កើនប្រសិទ្ធភាពការងារទ្វេដងថែមទៀត លើការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យស័ក្តិសមទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឱ្យយើង។ លោក បានបន្តទៀតថា ការងារជាច្រើនកំពុងរង់ចាំយើងទៅធ្វើ ជាពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងទីក្រុង ដោយផ្តោតទៅលើការអនុវត្តច្បាប់ចរាចរណ៍ បន្តឆែកឆេរអាវុធជាតិផ្ទុះ ត្រួតពិនិត្យកន្លែងសប្បាយ ក្លឹបកំសាន្ត ក្លឹបរាត្រីផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន បើទោះបីមិនអាចលប់បំបាត់នៅចំពោះមុខ តែក៏អាចឈានទៅកាត់បន្ថយបទល្មើសគ្រឿងញៀនបាន១កំរិតផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «ចំពោះការរៀបចំសណ្តាប់ធ្នាប់ តាមដងវិថីសំខាន់ៗ ជាអាទិភាពទាំង១១ខ្សែ ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ យើងអាចវាយតំលៃបានថា យើងធ្វើបានល្អ និងកំពុងដើរលើផ្លូវត្រូវ តាមសំណូមពររបស់ប្រជាពលរដ្ឋ។ ដូច្នេះការងារនេះ យើងត្រូវបន្តទៅមុខទៀត ឱ្យបានគ្រប់ផ្លូវ»

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្លូវព្រះមុន្នីរ៉េត ជុំវិញផ្សារដើមគរ និងផ្សារនាគមាស ដែលល្បីខាងបាត់សណ្តាប់ធ្នាប់ និងធ្វើឱ្យប៉ះពាល់បរិស្ថាន និងស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនោះ ដោយកំណត់រយៈពេល១០ថ្ងៃ ត្រូវតែរៀបចំឱ្យស្អាត។

លោកបានបន្តថា បន្ទាប់ទៅត្រូវប្រគល់ទីតាំងខាងលើនេះ ឱ្យទៅអាជ្ញាធរខណ្ឌទួលគោក និងខណ្ឌចំការមន ជាអ្នកគ្រប់គ្រង និងធានាថា មិនមានការដាក់លក់ទំនិញលើទ្រូងផ្លូវ ឬចតយានយន្តបែបអាណាធិបតេយ្យ បង្កការកកស្ទះចរាចរណ៍ប៉ះពាល់អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនោះបន្តទៀតឡើយ៕

អត្ថបទទាក់ទង