ខ្មែរប៉ុស្ដិ៍ Close

ជំនន់ទឹកភ្លៀងកំពុងគំរាមកំហែងផ្លូវជាតិលេខ៤ ត្រង់ស្ពាន​សំរោង ​ស្រុកកំពង់សីលា, កម្លាំងសមត្ថកិច្ចកំពុងជួយសម្រួលចរាចរណ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1284
ជំនន់ទឹកភ្លៀងកំពុងគំរាមកំហែងផ្លូវជាតិលេខ៤ ត្រង់ស្ពាន​សំរោង ​ស្រុកកំពង់សីលា, កម្លាំងសមត្ថកិច្ចកំពុងជួយសម្រួលចរាចរណ៍ជំនន់ទឹកភ្លៀងកំពុងគំរាមកំហែងផ្លូវជាតិលេខ៤ ត្រង់ស្ពាន​សំរោង ​ស្រុកកំពង់សីលា, កម្លាំងសមត្ថកិច្ចកំពុងជួយសម្រួលចរាចរណ៍

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ បានឲ្យដឹងថា គិតរហូតមកដល់ម៉ោង២រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថានភាពទឹក​បានជន់លិចផ្លូវជាតិលេខ៤ ត្រង់​ចំណុចស្ពានសំរោង ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សារជាថ្មីម្ដងទៀតហើយ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលនេះទឹកបានលិចផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង កម្ពស់២តឹក ដែលមានប្រវែងប្រហែល២០ម៉ែត្រ ហើយជំនន់ទឹកនេះ​បណ្ដាល មកពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា តាំងពីថ្ងៃទី១៦ ខែកញ្ញាម្សិលមិញ ហើយនៅរសៀលថ្ងៃនេះ ភ្លៀងនៅបន្ដធ្លាក់ដដែល។

លោកស្នងការ ជួន ណារិន្ទ ក៏បានគូសបញ្ជាក់ថា សម្រាប់ស្ថានភាពទឹកលិចនេះ អាជ្ញាធរមិនបានបិទចរាចរណ៍នោះទេ ពោលទាំងរថយន្ដតូចធំ នៅតែអាចធ្វើចរាចរណ៍បានដដែល ខណៈកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងតែមមាញឹកក្នុងការជួយសម្រួលចរាចរណ៍ ពិសេសរថយន្ដធុនធំមិនអនុញ្ញាតឲ្យបើកគៀនៗនោះទេ ព្រោះខ្លាចបាក់ស្រុតជាយថាហេតុ គឺត្រូវឲ្យបើកកណ្ដាលទ្រូងផ្លូវតែម្ដង។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ពីការព្យាករណ៍​អាកាសធាតុ នៅប្រទេសកម្ពុជាដោយបញ្ជាក់ថា ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បណ្ដាលមកពីឥទ្ធិពលនៃព្យុះទី២២ ឈ្មោះ មង្ឃុត និងព្យុះទី២៣ ឈ្មោះ បារីចាត។

យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា នៅតំបន់ខ្ពង់រាបភាគឦសាន ជាប់ព្រំដែនកម្ពុជា-ឡាវ និងតំបន់វាលទំនាប តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនជោគជាំ ដែលអាចបង្កជាទឹកជំនន់៕​

អត្ថបទទាក់ទង