ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ កញ្ញា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 2644
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ កញ្ញាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ កញ្ញា

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់បុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក ប្រកដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៥និង៥៥នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៣និង៥៥នាទីទាបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ដែលលោកនឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

    នៅអាកាសយានដ្ឋានអន្តរជាតិ ញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី វត្តមាននៃការអញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ ពីលោក កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅបុរីញ៉ូវយ៉ក ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។ បន្ទាប់ពីធ្វើការចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ផ្លូវក្រោមសមុទ្រឆ្ពោះទៅកាន់សណ្ឋាគារមីលីនៀម ហ៊ីលតុន ក្នុងបុរីញ៉ូវយ៉ក ក្បែរនិងអគារការិយាល័យរបស់អអ្គការសហប្រជាជាតិ។ នៅសណ្ឋាគារមីលីនៀម ហ៊ីលតុន វត្តមាននៃការអញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលបំផុតពីសំណាក់ប្រជាពលរដ្ឋដែលដែលជាតំណាងសហគមន៍ខ្មែររស់នៅសហរដ្ឋ អាមេរិក និងកាណាដា ជាច្រើនរូបផងដែរ។

    សូមបញ្ជាក់ដែរថា ដំណើរទៅកាន់បុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ គឺជាដំណើរបំពេញទស្សនកិច្ចការងារទៅកាន់បរទេសលើកទី៤ បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ នៃរដ្ឋសភា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅថ្មីៗ ដែលរហូតមកដល់ពេលនេះ ទើមមានរយៈពេល២១ថ្ងៃ។

    គួរបញ្ជាក់ថា មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួមសម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។ នៅក្នុងរបៀបវារៈដ៏មានសារសំខាន់នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើសេចក្តីថ្លែងការណ៍ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម។ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។ ក្នុងអំឡុងពេលស្នាក់នៅបុរីញូវយ៉កនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ៕

    អត្ថបទទាក់ទង