ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះជួបសួរសុខទុក្ខកងទ័ពនៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1428
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះជួបសួរសុខទុក្ខកងទ័ពនៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះជួបសួរសុខទុក្ខកងទ័ពនៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង

នៅក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ បុណ្យប្រពៃណីជាតិខ្មែរលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង នារសៀល ថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០១៨។

លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ បំពេញកាតព្វកិច្ចការពារ បូរណភាពទឹកដី ហើយក្រោមការដឹកនាំលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដល់ការចងសម្ព័ន្ធភាពរវាងក្រសួងបរិស្ថាន និងបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមជាមួយក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដើម្បីលើកកម្ពស់វិស័យការពារជាតិ និងការផ្សារភ្ជាប់គ្នា ការពារសន្តិសុខសមរភូមិមុខ និងការពារទឹកដីដ៏រ៉ឹងមាំ និងសមរភូមិក្រោយ ការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋក្នុងវិស័យការពារជាតិឲ្យមានការរីកចម្រើន។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែល បានលះបង់ គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដី របស់យើងឱ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ។ លោកបានបន្តថានៅក្នុងរដូវភ្ជុំបិណ្ឌ បុណ្យប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតែងតែរៀបចំពិធីបុណ្យឧទ្ទិសកុសល ដល់ញាតិការដែលបានចែកឋានទៅលោកខាងមុខ នៅតាមវត្តអារាម ហើយនាំយកថវិកានិងគ្រឿងឧបភោគបរិភោគជូនអ្នកមានគុណផងដែរ។ លោក បានចាត់ទុកថាការជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅពេលនេះគឺជាការរំលឹកគុណដល់អ្នកមានគុណ ក្នុងនោះមានកងខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ឈរជើងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

លោក សាយ សំអាល់ បានមានប្រសាសន៍ដែរថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ចែករំលែកផងដែរ ដែលក្រសួងបរិស្ថាន រួមជាមួយវិស័យឯកជន បានចងសម្ព័ន្ធមេត្រីភាពជាមួយកងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី១។

សូមបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន ពលទាហាន នៅបញ្ជាការដ្ឋានយោធពលភាគទី១ លោក សាយ សំអាល់ រួមទាំងប្រតិភូអមដំណើរ បានផ្តល់អំណោយជូនដល់កងទ័ព មាននំអន្សម ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ មី ត្រីខ អង្ករ តង់ និងថវិកាផ្តល់ជូនកងទ័ពនៅបញ្ជាការដ្ឋានយោធពលភាគទី១ បន្ថែមទៀត។ ដោយឡែកនៅរាត្រីថ្ងៃដដែលនេះដែរ លោក សាយ សំអាល់ បានឧបត្ថម្ភពិធីពិសារអាហារសាមគ្គីជាមួយនាយទាហាន និងពលទាហានផងដែរ៕

អត្ថបទទាក់ទង