ខ្មែរប៉ុស្ដិ៍ Close

    ភ្ញៀវទេសចរបានកើនឡើងជាង ៤៣% ដែលបានទៅកម្សាន្ដនៅតំបន់ទេសចរណ៍ទូទាំងប្រទេស ក្នុងរយៈពេល៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2933
    ភ្ញៀវទេសចរបានកើនឡើងជាង ៤៣% ដែលបានទៅកម្សាន្ដនៅតំបន់ទេសចរណ៍ទូទាំងប្រទេស ក្នុងរយៈពេល៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរបានកើនឡើងជាង ៤៣% ដែលបានទៅកម្សាន្ដនៅតំបន់ទេសចរណ៍ទូទាំងប្រទេស ក្នុងរយៈពេល៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

    យោងតាមរបាយការណ៍បន្ថែមរបស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាង ១.៥លាននាក់ ដែលចេញដើរលេងកម្សាន្ដ នៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស។

    បើតាមរបាយការណ៍បន្ថែមបានឱ្យដឹងថា ភ្ញៀវទេសចរបានចាប់ផ្តើមធ្វើដំណើរកម្សាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៦-១០ ខែតុលា ឆ្នាំ២០១៨ ដែលមានចំនួនសរុប ១,៥០៥,៤៩៥នាក់ កើនឡើង៤៣.៦៩% ក្នុងនោះ ភ្ញៀវជាតិមានចំនួន១,៤៣៣,៥៩៥ នាក់ កើនឡើង៥១,២១% និងភ្ញៀវអន្តរជាតិមានចំនួន ៧១,៩០០នាក់ កើនឡើង៨៥,៦៣%។

    ក្រសួងទេសចរណ៍បានបន្ថែមថា ក្នុងចំណោមភ្ញៀវសរុបខាងលើ អាចបែងចែកជា២ប្រភេទផ្សេងគ្នា ភ្ញៀវដែលបានចាប់ផ្តើមដើរកម្សាន្តមុនពិធីបុណ្យ (៦-៧ ខែតុលា) មានចំនួនសរុប ២៤៣,៨០៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២១៩,៩០៨ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២៣,៨៩៦នាក់ និងភ្ញៀវដែលដើរកម្សាន្តក្នុងពិធីបុណ្យ (៨-១០ ខែតុលា) មានចំនួនសរុប ១,២៦១,៦៩១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២១៣,៦៨៧នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៤៨,០០៤នាក់។ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួន ភ្ញៀវទេសចរនៅកំពុងដើរកម្សាន្ត រហូតដល់ចុងសប្តាហ៍នេះ។

    សម្រាប់បញ្ហាសន្តិសុខសុវត្ថិភាពវិញ ក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍ បានសហការយ៉ាងជិតស្និទ្ធ ជាមួយកម្លាំងមានសមត្ថកិច្ច ចាប់តាំងពីក្រុមការងារប្រចាំការនៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ៕

    អត្ថបទទាក់ទង