ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» នៅប្រទេសប៊ែលហ្ស៊ិក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1855
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» នៅប្រទេសប៊ែលហ្ស៊ិកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» នៅប្រទេសប៊ែលហ្ស៊ិក

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ។

    សេចក្តីប្រកាសរបស់ក្រសួងការទេសបានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល» មានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ខណៈពេលដែលតំបន់ទាំងពីរជំរុញកសាងកម្លាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើន ចាប់ពីការបង្កើនពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបំរែបំរួលអាកាសធាតុ ជាដើម។

    ក្នុងសម័យប្រជុំពេញអង្គដែលមានមូលបទរង «ពង្រឹងប្រព័ន្ធពហុនិយម៖ ជំរុញភាពជាដៃគូអាស៊ី-អឺរ៉ុបអំពីការប្រឈមសកល» លោកនាយករដ្ឋមន្រ្តី នឹងថ្លែងបទអន្តរាគមន៍ដោយផ្តោតទៅលើប្រធានបទ៖ «របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន»។

    ក្នុងអំឡុងពេលស្នាក់នៅប្រទេសបែលហ្ស៊ិក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយសមភាគីរបស់លោក ដូចជា លោក Dmitry Medvedev នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ី លោក Viktor Orbán នាយករដ្ឋមន្រ្តីនៃប្រទេសហុងហ្រ្គី លោកស្រី Erna Solberg នាយករដ្ឋមន្រ្តីនៃប្រទេសន័រវេស លោក Andrej BabiŠ នាយករដ្ឋមន្រ្តីនៃប្រទេសឆែក និងថ្នាក់ដឹកនាំគណៈប្រតិភូដទៃទៀត។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបែលហ្ស៊ិក ផងដែរ៕

    អត្ថបទទាក់ទង