ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងទំនប់បារាយណ៍ទឹកថ្លាជ្រុងខាងលិច ផ្នែកខាងត្បូងប្រវែង១,៦៤០ម៉ែត្រ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2120
    អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងទំនប់បារាយណ៍ទឹកថ្លាជ្រុងខាងលិច ផ្នែកខាងត្បូងប្រវែង១,៦៤០ម៉ែត្រអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងទំនប់បារាយណ៍ទឹកថ្លាជ្រុងខាងលិច ផ្នែកខាងត្បូងប្រវែង១,៦៤០ម៉ែត្រ

    អាជ្ញាធរជាតិអប្សរាបានសហការជាមួយក្រុមហ៊ុនរាជសីហ៍ ធ្វើការជួសជុលតួទំនប់បារាយណ៍ទឹកថ្លាជ្រុងខាងលិច ផ្នែកខាងត្បូង ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក មានប្រវែង១៦៤០ម៉ែត្រ ដែលរងការខូចខាតដោយសារអាយុកាល ទឹករលក និងការហូរច្រោះដោយទឹកភ្លៀងជាដើម។

    តាមការបញ្ជាក់របស់លោក មាន់ ផានិត មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការងារនេះអនុវត្តដោយក្រុមហ៊ុនរាជសីហ៍ដែលស្ថិតនៅក្រោមការពិនិត្យជាប្រចាំដោយក្រុមការងារបច្ចេកទេសរបស់អជ្ញាធរជាតិអប្សរា ក្នុងបំណងអភិរក្សនិងថែរក្សាបារាយណ៍ទឹកថ្លាឱ្យមាំទាំជាងមុននិងស្ថិតនៅគង់វង្សយូរអង្វែង។

    លោក ផានិត បន្តថា ចំពោះគម្រោងនៃការជួសជុលមានរយៈពេល៦ខែ គិតចាប់ពីថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។ ចំពោះការអនុម័តយល់ព្រមឱ្យប្រើប្រាស់គ្រឿងចក្រក្នុងការជួសជុលពង្រឹងទំនប់បុរាណនេះ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ក៏បានធ្វើកំណាយដើម្បីសិក្សាបន្ថែមអំពីវិធីសាស្ត្របង្ហាប់ដីបុរាណ រចនាសម្ពន្ធ និងប្រភេទដីទំនប់ដើម្បីធានាថា ការជួសជុលនេះមិនប៉ះពាល់ដល់បុរាណដ្ឋាន និងធានាគុណភាពយូរអង្វែង។

    សូមបញ្ជាក់ថា បារាយណ៍ទឹកថ្លាមានទំហំធំជាងគេក្នុងចំណោមបារាយណ៍ទាំងបួននៅក្នុងតំបន់សៀមរាប-អង្គរ ដែលស្ថិតនៅខាងលិចក្រុងអង្គរធំ មានទទឹងប្រវែង២២០០ម៉ែត្រនិងបណ្តោយប្រវែង៨០០០ម៉ែត្រ អាចរក្សាទឹករហូតដល់៥៦លានម៉ែត្រគូប។ កន្លងមកអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់អភិរក្សនិងជួសជុលតួទំនប់បារាយណ៍ទឹកថ្លាជាច្រើនដំណាក់កាលមកហើយ។

    លើសពីនោះ បារាយណ៍ទឹកថ្លានេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពស្រែនិងដំណាំផ្សេងៗជាងមួយម៉ឺនហិកតា បញ្ជៀសបញ្ហាទឹកជំនន់ក្នុងតំបន់សៀមរាប-អង្គរ ទាក់ទាញភ្ញៀវទេសចរណ៍ បង្កើនការងារដល់ប្រជាជនតាមរយៈការលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ សេវាជិះទូកកម្សាន្ត ផ្គត់ផ្គង់ទឹកសម្រាប់ផលិតទឹកស្អាត ក្នុងក្រុងសៀមរាប (១៨០០០ម៉ែត្រគូបក្នុងមួយថ្ងៃ) ជាពិសេសទឹកបារាយណ៍បានចូលទៅបំពេញទឹកក្រោមដីឱ្យរក្សាបាននូវតុល្យភាពនិងរក្សាលំនឹងគ្រឹះប្រាសាទឱ្យមានភាពរឹងមាំ ពិសេសជាកន្លែងរក្សាពូជត្រីបានយ៉ាងល្អ ហើយផ្តល់ផលត្រីយ៉ាងច្រើនជូនប្រជាជនដែលរស់នៅជុំវិញផងដែរ៕

    អត្ថបទទាក់ទង