ខ្មែរប៉ុស្ដិ៍ Close

សាធារណរដ្ឋកូរ៉េ ពេញចិត្តចំពោះការអនុវត្តគម្រោងសាកល្បងភូមិគំរូនៅកម្ពុជា ក្រោមជំនួយឥតសំណងជិត៩លានដុល្លារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1200
សាធារណរដ្ឋកូរ៉េ ពេញចិត្តចំពោះការអនុវត្តគម្រោងសាកល្បងភូមិគំរូនៅកម្ពុជា ក្រោមជំនួយឥតសំណងជិត៩លានដុល្លារសាធារណរដ្ឋកូរ៉េ ពេញចិត្តចំពោះការអនុវត្តគម្រោងសាកល្បងភូមិគំរូនៅកម្ពុជា ក្រោមជំនួយឥតសំណងជិត៩លានដុល្លារ

លោក អឿន ធារិទ្ធិ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្រោមជំនួយឥតសំណងជាថវិកាជិត៩លានដុល្លារអាមេរិករបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលហៅកាត់ជាភាសាបរទេសថា KOICA សម្រាប់រៀបចំផែនការមេ ស្តីពីការអភិវឌ្ឍជនបទនៅកម្ពុជារយៈពេល៥ឆ្នាំ និងការអនុវត្តគម្រោងភូមិគំរូសាកល្បងចំនួន៣០ ដោយប្រើវិធីសាស្រ្តគម្រោងអភិវឌ្ឍ ចលនាភូមិថ្មី មានរយៈពេល៣ឆ្នាំ លើគោលដៅនៃខេត្តចំនួន៣ រួមមាន ខេត្តកំពង់ស្ពឺ , ខេត្តតាកែវ និង ខេត្តត្បូងឃ្មុំ និង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ នៅខេត្តកំពង់ស្ពឺ ខណៈដែលគម្រោងនេះ ត្រូវបានបញ្ចប់ និង ត្រូវប្រគល់ទៅរាជរដ្ឋាភិបាលកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ។ លោកបានលើកឡើងដូចនេះនៅក្នុងអង្គសិក្ខាសាលា ស្តីពីការចែករំលែកបទពិសោធន៍ និង ភាពជោគជ័យរបស់ភូមិគំរូសាកល្បង នៃគម្រោងអភិវឌ្ឍជនបទដោយប្រើប្រាស់វិធីសាស្រ្ត ចលនាភូមិថ្មី ដែលបានប្រារព្ធឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍និងកសិករឆ្នើមប្រមាណជា ២០០នាក់ មកពីភូមិគំរូចំនួន៣០ នៃខេត្តគោលដៅចំនួន៣ រួមមានខេត្តកំពង់ស្ពឺ , ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។

លោក អឿន ធារិទ្ធិ បានបញ្ជាក់ទៀតថា យោងតាមការបញ្ចប់គម្រោងនេះ ក្រសួងអភិវឌ្ឍន៍ជនបទនឹងទទួលមើលការខុសត្រូវលើគម្រោង និងបន្តភាពជាម្ចាស់នៃសហគមន៍ ហើយក្រសួងអភិវឌ្ឍន៍ជនបទ មានឆន្ទៈក្នុងការគាំទ្រ ជាជំនួយបច្ចេកទេសដល់អ្នកភូមិ សម្រាប់ការអនុវត្ត និងបន្តនិរន្តរភាពគម្រោងនាពេលអនាគត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី គីម ម្យុងជិន នាយករង KOICA ប្រចាំនៅកម្ពុជា បានបង្ហាញនូវភាពកក់ក្តៅនិងមានមោទនភាព ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និង សហគមន៍ ដែលមានកិច្ចសហការគ្នាបានល្អប្រសើរ ជាមួយនឹងលទ្ធផលដែលទទួលបានកន្លងមកនេះ លើការអនុវត្តគម្រោងសាកល្បងភូមិគំរូចំនួន៣០ នៅខេត្តគោលដៅចំនួន៣។

លោកស្រី គីម ម្យុងជិន មានប្រសាសន៍ទៀតថា ជាក់ស្តែងឥឡូវនេះ យើងពុំមានកម្មវិធីពង្រីក ឬ បន្តជំហ៊ានថ្មីនោះទេ ប៉ុន្តែយើងចាត់ទុកថា គម្រោងនឹងត្រូវបញ្ចប់នេះ គឺជាជំហ៊ានទី១ ហើយយើងកំពុងសិក្សាគម្រោងថ្មីមួយ ដែលអាចនិយាយបានថា ជាជំហ៊ានទី២ ខណៈជំហ៊ានទី១ គឺយើងផ្តោតលើផលិតកម្ម ចំណែកការសិក្សាសម្រាប់ជំហ៊ានទី២ គឺផ្តោតលើទីផ្សារ ដូច្នេះប្រសិនបើគម្រោងទី២ សិក្សាទៅទទួលបានជោគជ័យ យើងនឹងផ្សារភ្ជាប់គម្រោងទី១និងទី២ជាមួយគ្នា នៅពេលនោះ យើងនឹងមានគម្រោងផលិតកម្មនិងទីផ្សារ៕

អត្ថបទទាក់ទង