ខ្មែរប៉ុស្ដិ៍ Close

ស្រីលង្កា​ធ្លាក់​ចូល​វិបត្តិ​នយោបាយ រួម​ទាំង​មាន​ការ​ចាប់ខ្លួន​រដ្ឋមន្រ្តី​ម្នាក់​ជុំវិញ​ការ​បាញ់​សម្លាប់មនុស្ស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1232
ស្រីលង្កា​ធ្លាក់​ចូល​វិបត្តិ​នយោបាយ រួម​ទាំង​មាន​ការ​ចាប់ខ្លួន​រដ្ឋមន្រ្តី​ម្នាក់​ជុំវិញ​ការ​បាញ់​សម្លាប់មនុស្សស្រីលង្កា​ធ្លាក់​ចូល​វិបត្តិ​នយោបាយ រួម​ទាំង​មាន​ការ​ចាប់ខ្លួន​រដ្ឋមន្រ្តី​ម្នាក់​ជុំវិញ​ការ​បាញ់​សម្លាប់មនុស្ស

លោក Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា កំពុង​ស្ថិតក្រោម​សម្ពាធ​យ៉ាងខ្លាំង ដើម្បី​ប្រកាន់​ខ្ជាប់​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ឬ​រួបរួម​ជាមួយ​សភា ក្រោយ​ការ​សម្រេច​របស់​លោក ក្នុង​ការ​រំលាយ​រដ្ឋាភិបាល និង​ផ្លាស់ប្ដូរ​នាយករដ្ឋមន្រ្តី បង្ក​ជា​ភាពវឹកវរ​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស កាលពី​ចុង​សប្ដាហ៍​មុន។

ប្រទេស​អាស៊ីខាងត្បូង​មួយ​នេះ​បាន​ធ្លាក់ចូល​ក្នុង​វិបត្តិ​នយោបាយ​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ក្រោយ​លោក​ប្រធានាធិបតី​ស្រីលង្កា បាន​បណ្ដេញ​លោក​នាយករដ្ឋមន្រ្តី Ranil Wickremesighe ចេញពី​តំណែង និង​ជំនួញ​វិញ​ដោយ​លោក Mahinda Rajapaka ដែលជា​អតីត​ប្រធានាធិបតី​ស្រីលង្កា។

ចំណែក​លោក Ranil Wickremesighe បាន​បញ្ជាក់​ថា ការ​បណ្ដេញ​លោក​ចេញ​ពី​តំណែង គឺ​ជារឿង​ខុស​ច្បាប់ ហើយ​លោក​គឺ​នៅតែ​ជា​នាយករដ្ឋមន្រ្តី ដោយ​ការ​គាំទ្រ​ពី​សមាជិក​សភា​ភាគច្រើន។

លោក​ថា “វិធីតែ​មួយ​គត់​ដើម្បី​ចេញ​ពី​វិបត្តិ​នេះ គឺ​ត្រូវ​ដោះស្រាយ​អ្នកណា​ដែល​មាន​ការ​គាំទ្រ​ភាគច្រើន។ នៅពេល​សភា​កោះហៅ បញ្ហា​នេះ​អាច​នឹង​ត្រូវ​បាន​ដោះស្រាយ”។

ក្នុង​អំឡុង​ពេល​វិបត្តិ​នយោបាយ​នេះ លោក​រដ្ឋមន្រ្តី​ប្រេង Arjuna Ranatunga ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១៨ ម្សិលមិញ ជុំវិញ​ការ​បាញ់​សម្លាប់​មនុស្ស​ម្នាក់។ ប៉ូលិស​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១៨ មាន​ការ​ប៉ះទង្គិច​គ្នា​នៅ​ពេល​លោក​រដ្ឋមន្រ្តី​ប្រេង​រូប​នេះ បាន​ព្យាយាម​ចូល​ការិយាល័យ​របស់​លោក តែ​ត្រូវ​បាន​ហាម​ឃាត់។ បន្ទាប់​មក​អង្គរក្ស​របស់​រដ្ឋមន្រ្តី​រូប​នេះ​បាន​បាញ់​បណ្ដាល​ឲ្យ​មនុស្សម្នាក់​​ស្លាប់ និង​របួស ២​នាក់។

សូម​បញ្ជាក់​ថា លោក Arjuna Ranatunga គឺ​ជា​សមាជិក​រដ្ឋាភិបាល​ស្រីលង្កា​ដែល​ត្រូវ​បាន​រំលាយ ហើយ​ត្រូវ​បាន​លោក​ប្រធានាធិបតី​ស្រីលង្កា ចេញ​បញ្ជា​មិន​ឲ្យ​ចូល​ក្នុង​ការិយាល័យ​នោះ​ទេ។

តើមាន​បញ្ហា​អ្វីទៀតពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​របស់​ស្រីលង្កា?

វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ស្រីលង្កា​នាពេល​នេះ គឺ​ជាផលវិបាក​មួយ​នៃ​ការ​ប្រកួតប្រជែង​ឥទ្ធិពល​នៅ​អាស៊ីខាងត្បូង រវាង​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់​ស្រីលង្កា គឺ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន​ដែល​កំពុង​បង្កើនតួនាទី​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

ប្រទេស​ចិន ជាយូរ​មក​ហើយ ត្រូវ​បាន​គេមើលឃើញ​ថា បាន​គាំទ្រ​លោក Rajapaksa និង​បាន​អបអរ​សាទរ​លោក Rajapaksa ក្លាយជា​នាយករដ្ឋមន្រ្តី​រួចរាល់​ហើយ។

ប៉ុន្ដែ​ឥណ្ឌា សហភាព​អឺរ៉ុប និង​អាមេរិក​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ឥណ្ឌា គោរពតាម​រដ្ឋធម្មនុញ្ញ ពោល​គឺ​ឲ្យ​អ្នកច្បាប់​បោះឆ្នោត​សម្រេច​ថា​តើ​នរណា​នឹង​ក្លាយជា​នាយករដ្ឋមន្រ្តី​ដឹកនាំ​រដ្ឋាភិបាល។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Heather Nauert បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា “យើង​អំពាវនាវ​ឲ្យ​ប្រធានាធិបតី ក្នុង​ការ​ពិគ្រោះជាមួយ​ប្រធាន​សភា ធ្វើការ​រួបរួម​ជាបន្ទាន់​ជាមួយ​សភា និង​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​ជាប់ឆ្នោត​ដែល​តំណាង​ឲ្យ​ប្រជាជន​ស្រីលង្កា បំពេញ​ទំនួលខុសត្រូវ​របស់​ពួកគេ ដើម្បី​បញ្ជាក់​​ថា នរណា​នឹង​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ដឹកនាំ​រដ្ឋាភិបាល”៕

ប្រភព៖ ខ្លីៗ