ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាការគាំទ្រគោលនយោបាយសាកលភាវូបពាណិជ្ជកម្ម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1620
    រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាការគាំទ្រគោលនយោបាយសាកលភាវូបពាណិជ្ជកម្មរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាការគាំទ្រគោលនយោបាយសាកលភាវូបពាណិជ្ជកម្ម

    រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន គឺជាការបង្ហាញនូវការគាំទ្ររបស់កម្ពុជាចំពោះគោលជំហររបស់ចិន ទៅលើការជំរុញសាកលភាវូបពាណិជ្ជកម្ម និងការបើកចំហទីផ្សារ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងពិភពលោក។ លោកបានលើកឡើងដូចនេះ នាឱកាសដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមពិធីកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។

    នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅក្នុងពិធីថា ព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិនគឺជាវេទិកាដ៏សំខាន់បំផុតមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសចូលរួមទាំងអស់ដើម្បីបង្ហាញពីស្នាដៃ និងវឌ្ឍនភាពទាក់ទងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំនេះបានទាក់ទាញក្រុមហ៊ុនច្រើនជាង ៣,០០០ មកពីប្រទេសចំនួន ១៣០ នៃទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី។ សម្រាប់កម្ពុជា មានក្រុមហ៊ុន ១០ បានចូលរួមផ្សព្វផ្សាយ និងកំពុងស្វែងរកដៃគូវិនិយាគលើផលិតផលអង្ករ ដំឡូងមី នំស្រួយលីលី ម្រេច ស្ករត្នោត ស្រាទំពាំងបាយជូរ ស្វាយចន្ទីរ សណ្តែកដី និងទឹកមាត់ត្រចៀកកាំ។

    សូមជម្រាបថា ពន្លាជាតិរបស់កម្ពុជា ដែលបានសម្ពោធថ្ងៃនេះមានទំហំ ១៣៦ម៉ែត្រការ៉េ (១៧មX៨ម) ត្រូវបានសាងសង់ និងតុបតែងតាមរចនាបទព្រះបរមរាជវាំងខ្មែរដោយនៅចំពីមុខមានដាក់រូបព្រះសង្ហារ ដំបូលមានដាក់ជ្វា និងប្រក់ក្បឿងពណ៌ស្រកាលីញច្រើនជាន់ ព្រមទាំងមានបុស្បុកជាប្រាង្គប្រាសាទនៅចំកណ្តាលដែលជានិមិត្តរូបនៃការរីកចម្រើនឥតឈប់ឈរ។ លើសពីនេះ សំណង់ដំបូលបានរំលេចនូវឈ្មោះពន្លាជាតិ ”ព្រះរាជាណាចក្រកម្ពុជា” ជាបីភាសា (ខ្មែរ ចិន និងអង់គ្លេស) និងមានទង់ជាតិប្រទេសកម្ពុជា ជាមួយផ្ការំដួល ដែលជានិមិត្តរូបជាតិ។ ចំណែកឯនៅខាងក្នុងពន្លាជាតិ មានធ្នើសម្រាប់ដាក់តាំងផលិតផលខ្មែរចម្រុះដូចជា៖ អង្ករ ដំឡូងមី ម្រេច ពោត ស្វាយចន្ទី សណ្តែក ស្ករត្នោត មី ទឹកត្រី ទឹកស៊ីអ៊ីវ កាហ្វេ តែ ភេសជ្ជៈ ក្រម៉ា សូត្រ ផ្តៅ និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម និងវិនិយោគ វប្បធម៌ និងទេសចរណ៍៕