ខ្មែរប៉ុស្ដិ៍ Close

    លោក គង់ គាំ ប្រកាសមិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងស៊ែរប៊ី ដែលមេដឹកនាំ CNRP ប្រកាន់យកនោះទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1663
    លោក គង់ គាំ ប្រកាសមិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងស៊ែរប៊ី ដែលមេដឹកនាំ CNRP ប្រកាន់យកនោះទេលោក គង់ គាំ ប្រកាសមិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងស៊ែរប៊ី ដែលមេដឹកនាំ CNRP ប្រកាន់យកនោះទេ

    លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៊ី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសជំហរជាថ្មីទៅកាន់ក្រុមប្រឆាំងថា លោកមិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងស៊ែរប៊ី ដែលមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ប្រកាន់យកនោះទេ។

    លោក គង់ គាំ បន្ថែមថា គ្រប់ដង្ហើមចេញចូលរហូតដង្ហើមចុងក្រោយរបស់លោក នៅតែស្មោះត្រង់ចំពោះប្រទេសជាតិ ឧត្តមគតិប្រជាធិបតេយ្យ សេរី ដែលស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ កំណត់ឲ្យ។

    ការលើកឡើងរបស់ លោក គង់ គាំ បានធ្វើឡើងបន្ទាប់ពីមានអតីតមេដឹកនាំក្រុមប្រឆាំងមួយចំនួន បានរិះគន់រូបលោកថា ផ្លាស់ប្តូរទិសនយោបាយដោយជំរុញឱ្យកូនរបស់លោកបង្កើត គណបក្សនយោបាយ ចូលរួមក្នុងការបោះឆ្នោត ព្រមទាំងវាយប្រហារទៅលើនយោបាយ ថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងការរិះគន់ចំពោះការឃោសនារបស់ក្រុមប្រឆាំង ជុំវិញការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅក្នុងប្រទេសកម្ពុជាជាដើម។

    លោក គង់ គាំ បានបញ្ជាក់ថា «ការបកស្រាយរបស់ខ្ញុំអំពីការដក ឬកាត់ការអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុប និងស្ថានភាពក្រោយការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា គឺមិនមែនជាការប្តូរទិសនយោបាយទេ។ ក្រុមដទៃទេដែលបានផ្តាច់ទិសនយោបាយ កំពូលតណ្ហាអំណាចក្រាស់ កំពូលតណ្ហាអំណាចលាយតណ្ហាស្រីញីក្រាស់ និងកំពូលតណ្ហាល្បែងពាលាក្រាស់ ផ្តុំគ្នាបានមហារលាយ»។

    លោក គង់ គាំ បានបន្តថា «គង់ មុនីកា កូនប្រុសខ្ញុំដែលបង្កើត និងធ្វើប្រធានគណបក្ស ឆន្ទៈខ្មែរ មិនសម្រាប់ស្រួលចិត្ត ស្រួលកាយ ការពារទ្រព្យទេ។ ការមិនធ្វើនយោបាយទើបហៅថា សម្ងំគិតសន្តិសុខផ្ទាល់ខ្លួន សន្តិសុខក្រុមគ្រួសារ និងសន្តិសុខទ្រព្យ។ ដឹងហើយថា ការព្យាយាមដាស់ពួកដេកផ្ទះ ឈ្នះទទេស្អាត ជាការឥតប្រយោជន៍នោះ»។

    ជាមួយគ្នានឹងការប្រកាសជំហរបែបនេះ លោក គង់ គាំ ក៏បានរំលឹក អំពីមធ្យោបាយទុច្ចរិតរបស់ អតីតគណបក្សប្រឆាំង ក្រោយការបោះឆ្នោតឆ្នាំ២០១៣ផងដែរ។ លោកបានលើកឡើងថា ឆ្នាំ២០១៣ ការប្រមូលផ្តុំដែលទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញគឺត្រឹមត្រូវ ប៉ុន្តែបើរាប់នៅភ្នំពេញ កណ្តាល កំពង់ចាម ព្រៃវែង ។ល។ មណ្ឌលខាងលើគ្មានសំឡេងកើនមួយអាសនៈទេ ហើយនៅតែបន្តការប្រមូលការជួបជុំកាន់តែធំ និងកាន់កាប់ទីលានប្រជាធិបតេយ្យគ្មានថ្ងៃបញ្ចប់ រួចស្រែកកញ្រ្ចៀវថា៖ «ហ៊ុន សែន អើយចុះចេញទៅ» រូបភាពនេះ គឺប្រើអំណាចប្រជាពលរដ្ឋក្រៅការបោះឆ្នោត ដើម្បីតណ្ហាអំណាចរបស់ពួកខ្លួនហើយ។ លោកបញ្ជាក់ថា «ពេលនោះខ្ញុំបានដាក់តួលេខឲ្យមេដឹកនាំគណបក្សពិចារណា៖ CNRP ៥៥ អាសនៈ CPP ៦៣ អាសនៈ (CPP ឈ្នះ ៨ អាសនៈ គឺនៅមណ្ឌលខេត្តដែលមានតែមួយអាសនៈ ដែល CNRP ពិតជាមិនអាចទទួលបានអាសនៈទេ)»។

    ជាថ្មីម្តងទៀត លោក គង់ គាំ បានស្នើឱ្យអ្នកនយោបាយប្រឆាំង កុំបំផ្លាញនូវកិច្ចព្រមព្រៀងទីក្រុងបារីស រដ្ឋធម្មនុញ្ញ និងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រុមបរទេស និងក្រុមអ្នកនយោបាយដែលដង្ហោយរកកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទុកច្បាប់កំពូល (រដ្ឋធម្មនុញ្ញ) ជាបង្អែក សូមកុំបំផ្លាញ។ ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលអនុវត្តជាទៀងទាត់រៀងរាល់ប្រាំឆ្នាំម្តងពិតជាមិនខុសច្បាប់ទេ។ ពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុពី១៨ឆ្នាំឡើង មានសិទ្ធិឈរឈ្មោះ និងសិទ្ធិបោះឆ្នោត សូមកុំចាត់ទុកខ្មែរភាគច្រើនថា ក្លែងក្លាយ និងរំលាយប្រជាធិបតេយ្យ» ៕

    អត្ថបទទាក់ទង