ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរាដាំកូនឈើជំនួសដើមចាស់ដើម្បីរក្សាទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1443
    អាជ្ញាធរជាតិអប្សរាដាំកូនឈើជំនួសដើមចាស់ដើម្បីរក្សាទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរាដាំកូនឈើជំនួសដើមចាស់ដើម្បីរក្សាទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាន បានធ្វើការដាំកូនឈើនៅមុខប្រាសាទអង្គរវត្ត ដើម្បីជំនួសដើមឈើចាស់ ដែលបានដួលរំលំកាលពីខែតុលាកន្លងទៅ។ គោលបំណងនៃការដាំនេះ គឺដើម្បីថែរក្សាទេសភាពវប្បធម៌ក្នុងរមណីដ្ឋានអង្គរកុំឱ្យបាត់បង់។

    អគ្គនាយករងអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ ដែលបានចូលរួមដាំកូនឈើជំនួសនៅពេលនោះបានឱ្យដឹងថា ជាគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរធ្វើយ៉ាងណាឱ្យនៅដដែលដូចពេលកន្លងមក។ លោកបន្តថា កន្លងមកអាជ្ញាធរជាតិអប្សរាបានធ្វើការងារជាច្រើនទាក់ទងនឹងបញ្ហានេះ ដូចជាការព្យាបាលដើមឈើដែលមានវ័យចំណាស់ បំណងចង់ឱ្យដើមឈើទាំងនោះមានអាយុរស់នៅតទៅមុខទៀត ដើម្បីរក្សាទេសភាពវប្បធម៌នៅតំបន់នោះ។

    សម្រាប់ដើមឈើដែលដាំជំនួសនៅជ្រុងខាងជើងនៃកសិន្ធុអង្គរវត្តនៅពេលនេះ គឺជាប្រភេទឈើយាង ជំនួសឈើយាងចាស់ ដែលបានដួលរំលំក្នុងអំឡុងខែតុលាកន្លងទៅ ហើយឈើដែលដាំនេះ ជាដើមឈើធំមានអាយុខ្ទង់ ១៥ឆ្នាំហើយ។ ត្រង់ចំណុចនេះលោក ហង់ ពៅ ពន្យល់ថា គេចាំបាច់យកដើមឈើដែលធំស្រាប់មកដាំ ដើម្បីឱ្យប្រហាក់ប្រហែលទៅនឹងដើមឈើមុនដែលបានបាត់បង់ទៅ។

    តាមការពន្យល់របស់លោក ហង់ ពៅ ទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរ គឺទាក់ទងនឹងកត្តាពីរ គឺដើមឈើ និងទឹក។ ក្នុងការងារនេះអាជ្ញាធរជាតិអប្សរា បានធ្វើការងារច្រើនដូចជាការធ្វើឱ្យទឹកច្រើនឡើងវិញនៅតាមកសិន្ធុ ការរក្សាដើមឈើចាស់ និងដាំឡើងវិញក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះដែរ តាមការបញ្ជាក់របស់លោក ហង់ ពៅ ព្រៃឈើរមណីយដ្ឋានអង្គរមានឈើសរុបចំនួន ១៨៣ប្រភេទ ហើយប្រភេទឈើទាំងនោះត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការបណ្ដុះ និងចែកចាយដល់ពលរដ្ឋទាំងក្នុង និងក្រៅខេត្តយកទៅដាំផងដែរ៕

    អត្ថបទទាក់ទង