ខ្មែរប៉ុស្ដិ៍ Close

    អ្នកវិភាគចៅ ចាក់ស្មុក៖ ឪបក្សប្រឆាំងនៅកម្ពុជា ទទួលរងបណ្តាសាជាបន្តបន្ទាប់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1513
    អ្នកវិភាគចៅ ចាក់ស្មុក៖ ឪបក្សប្រឆាំងនៅកម្ពុជា ទទួលរងបណ្តាសាជាបន្តបន្ទាប់អ្នកវិភាគចៅ ចាក់ស្មុក៖ ឪបក្សប្រឆាំងនៅកម្ពុជា ទទួលរងបណ្តាសាជាបន្តបន្ទាប់

    បន្ទាប់ពីមរណភាពរបស់ព្រឹទ្ធសមាជិក ចន ម៉ាកខិន ដែលគេជឿថា ជាម៉ែឪបក្សប្រឆាំងនៅកម្ពុជា ឥឡូវនេះ ឪពីរនាក់ផ្សេងទៀត របស់អតីតបក្សប្រឆាំងនៅកម្ពុជាគឺ ដាណា រ៉ូរ៉ាបាគ័រ និង អេដ រ៉យ ដែលគេស្គាល់ថា ជាអ្នកដែលបានជួយជ្រោមជ្រែងទ្រទ្រង់ក្រុមប្រឆាំង តាំងពីក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣មក និងធ្វើចលនាដើម្បីឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាញ់ឆ្នោតយ៉ាងអាម៉ាស ក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។

    ដាណា រ៉ូរ៉ាបាគ័រ និង អេដ រ៉យ ជាសមាជិកសភារបស់បក្សសាធារណរដ្ឋ បានចាញ់ឆ្នោតនៅក្នុងទឹកដីរដ្ឋកាលីហ្វ័រញ៉ា ទីដែលមានប្រជាពលរដ្ឋខ្មែរច្រើនរស់នៅ។ តើនេះអាចជាថ្ងៃអន្សាមែនទែន សម្រាប់ក្រុមជនដែលមានគំនិតអាក្រក់ចង់បំផ្លាញកម្ពុជាដែរឬទេ ឬក៏ពិតជាបណ្តាសាទេវតារក្សាការពារកម្ពុជាមែនដែលជន ទាំងឡាយដែលមានគំនិតអាក្រក់ចង់បំផ្លាញកម្ពុជាគឺត្រូវទទួលផលកម្មជាក់ជាមិនខាន?
    ដាណា រ៉ូរ៉ាបាគ័រ ពេលខ្លួនជាតំណាងរាស្ត្រ និង អេដ រ៉យ ពេលខ្លួនជាប្រធានគណៈកម្មាធិការកិច្ចការ បរទេសរបស់សភាអាមេរិក គឺជាជនជាតិអាមេរិកកាំងដែលបានយកតួនាទីរបស់ខ្លួន មកប្រើប្រាស់គាំទ្រ និងការពារក្រុមអ្នកនយោបាយប្រឆាំងក្បត់ជាតិ ដែលសង្ស័យថាជាអាយ៉ងរបស់ខ្លួន និងបង្ហាញពីចេតនាទុច្ចរិតឥតអៀនខ្មាសប្រឆាំងដោយផ្ទាល់ ចំពោះគណបក្សប្រជាជនកម្ពុជា និងជាពិសេសបានប្រកាសជាសាធារណៈប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងការអភិវឌ្ឍ។
    គេនៅចាំថា នៅក្រោយពេលមានព្រឹត្តិការណ៍ ថ្ងៃទី៥ និងទី៦ ខែកក្កដា កម្លាំងគណបក្សហ៊្វុនស៊ិនប៉ិច ដែលស្មោះត្រង់នឹងសម្តេចព្រះ នរោត្តម រណឫទ្ធិ ដឹកនាំ ដោយ ញឹក ប៊ុនឆៃ បានបន្តការតស៊ូយោធានៅតំបន់អូរស្មាច់ និងតំបន់ផ្សេងទៀតនៅជាប់នឹងព្រំដែនខ្មែរថៃ គឺតំណាងរាស្ត្រ ដាណា រ៉ូរ៉ាបាគ័រ នេះបានចេញមុខជាចំហគាំទ្រលើចលនាទាំងនេះ ប្រឆាំងនឹងរដ្ឋាភិបាល។ ក្រោយមកក៏បានបង្ហាញការគាំទ្រេពេញទំហឹងចំពោះ សម រង្ស៊ី និង កឹម សុខា ធ្វើជាបក្សប្រឆាំងនៅកម្ពុជាថែមទៀត។ ដាណា រ៉ូរ៉ាបាគ័រ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនយោបាយរបស់ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា ប្រឆាំងនឹងកម្ពុជា ហើយចុងក្រោយនេះបានជួយគាំទ្រ សម រង្ស៊ី យ៉ាងពេញទំហឹង និងរិះគន់ព្រមទាំងទាមទារឱ្យសម្តេចតេជោ ហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រតាមរយៈការ បោះឆ្នោត ស្របតាមគោលការណ៍ប្រជាធិបតេយ្យចុះចេញពីតំណែងទៅវិញ។
    ចំណែកអតីតប្រធានគណៈកម្មាធិការកិច្ចការបរទេស អេដ រ៉យ បានចេញមុខបំផ្លាញមុខមាត់កម្ពុជា ទាមទារ ឱ្យដាក់ទណ្ឌកកម្មផ្សេងៗប្រឆាំងនឹងកម្ពុជាក្រោយពីផែនការបដិវត្តន៍ពណ៌ដែលពួកខ្លួនគាំទ្ររៀបចំត្រូវបាន បែកការណ៍ ហើយគណបក្សសង្គ្រោះជាតិ អង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ ត្រូវបានរំលាយតាមអំណាចសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

    ហេតុអ្វីបានជាដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ ចូលរួម និងគាំទ្រយ៉ាងសកម្មក្នុងយុទ្ធនាការបំផ្លាញកម្ពុជារបស់ សម រង្ស៊ី និងក្រុម កឹម សុខា? នោះក៏គឺដោយសារតែ ដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ គឺជាឪម៉ែរបស់ក្រុមប្រឆាំងនៅកម្ពុជា។ ប៉ុន្តែអ្វីដែលគេអាចមើល ឃើញគឺដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ ជួយក្រុមប្រឆាំងនៅកម្ពុជាក៏ព្រោះតែពួកគេមើលឃើញថា ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកជាពិសេសបងប្អូនប្រជាពលរដ្ឋនៅរដ្ឋកាលីហ្វ័រនីញ៉ាដែលខ្លួនឈរជើងមានច្រើន និងជាសំឡេងមួយដែលអាចធ្វើឱ្យខ្លួនជាប់ឆ្នោតនអង្គុយកាន់តំណែង នៅសភាបាន។ ដូច្នេះហើយបានជា ដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ ត្រូវចាប់ឱ្យបាននូវក្រុមប្រឆាំងដើម្បីអនុវត្តគោលនយោបាយអាណានិគមនិយមបែបថ្មីផង និងទាក់ទាញការគាំទ្រពីបងប្អូនអនិកជនខ្មែរបង្ហាញថាខ្លួនមានចេតនាស្មោះត្រង់គិតគូរពីប្រទេសជាតិកម្ពុជា និងដើម្បីស្វែងរកការគាំទ្រខ្លួនសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្ររបស់ខ្លួនផង។ បើមិនមានផលប្រយោជន៍នយោបាយផ្ទាល់ខ្លួននៅពីក្រោយខ្នងទេ ទំនងជាជនជាតិអាមេរិកាំងទាំងនេះ មិនបានព្យាយាមក្នុងការធ្វើសកម្មភាពទាំងបំពាន និងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងគាំទ្រកម្លាំងម្ខាងដើម្បីវាយប្រហារ និងប៉ងផ្តួល រំលំរបបដឹកនាំស្របច្បាប់តាមបដិវត្តន៍ពណ៌ ដែលខ្លួនធ្វើបានសម្រេចនៅនៅមជ្ឈិមបូព៌ា ឬនៅអតីតប្រទេសនៃសហសូវៀតនោះឡើយ។

    ការចាញ់ឆ្នោតបាត់បង់អាសនៈសភារបស់ ដាណា រ៉ូរ៉ាបាគ័រ និង អេដ រ៉យ នៅពេលនេះបានបង្ហាញឱ្យយើងដឹងថា
    ទី១) ការគាំទ្រក្រុមប្រឆាំងនៅសហរដ្ឋអាមេរិក ជាពិសេសនៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបានធ្លាក់ចុះ និងកាន់តែបាត់បង់ទៅៗ ដែលជាហេតុនាំឱ្យសំឡេងដែលគាំទ្ររូបគាត់ក៏បានបាត់បង់ពោលគឺទាំងឪបក្សប្រឆាំង និងអាយ៉ងរបស់ខ្លួននៅកម្ពុជា បានចាញ់យ៉ាងអាម៉ាស់បំផុតទាំងលើសមរភូមិនៃការគាំទ្រនៅក្នុងប្រទេស និងនៅក្រៅប្រទេស។
    ទី២) មិនត្រឹមតែពលរដ្ឋខ្មែរនៅក្នុងប្រទេសទេដែលដកសេចក្តីទុកចិត្តចំពោះក្រុមប្រឆាំងនៅកម្ពុជា សូម្បីតែពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បានដកសេចក្តីទុកចិត្តពីក្រុមប្រឆាំងដែលកំពុងរត់ចោលស្រុក និងចៅហ្វាយរបស់ពួកគេដែរព្រោះថា ពួកគេធ្វើនយោបាយយូរទៅគឺ មានតែផែនការបំផ្លាញជាតិ និងកុហកបោកប្រាស់គ្រប់រឿង។
    ទី៣) ពលរដ្ឋខ្មែរនៅកាលីហ្វ័រនីញ៉ាលែងគាំទ្រ ដាណា រ៉ូរ៉ាបាគ័រនិងអេដ រ៉យ ពីព្រោះគេដឹងថាជនទាំងនេះហើយ ដែលនៅពីក្រោយបក្សប្រឆាំង និងអាចជាមេគំនិតដ៏សំខាន់នៃផែនការបដិវត្តន៍ពណ៌ប្រឆាំងកម្ពុជាប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន។
    ទី៤) បេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់បុរី ញូយ៉ក និងបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាង ១០០០ នាក់គឺបានផ្តល់ព័ត៌មានពិតអំពីកម្ពុជាដែលធ្វើ ឱ្យបងប្អូនខ្មែរមួយចំនួនដែលត្រូវបានក្រុមប្រឆាំងបោកប្រាស់ ភូតកុហក ដឹងការពិត និងឃើញថាអ្វីដែល សម រង្ស៊ី ក្រុម កឹម មនោវិទ្យា រួមនឹង ដាណា រ៉ូរ៉ាបាគ័រ បានដើរបរិហារកម្ពុជា គឺជាការលាបពណ៌ខុសពីការពិត និង មានចេតនាបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលកម្ពុជាមាន។
    កត្តាទាំងនេះហើយដែលធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនធំដែលធ្លាប់តែគាំទ្រក្រុមអ្នកនយោបាយទាំងនេះ បានដកខ្លួនចេញ និងឈប់គាំទ្រកម្លាំងនយោបាយអនាធិបតេយ្យទាំងនេះតទៅទៀត ដែលបានធ្វើឱ្យ ដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ ដែលមានគំនិតចង់បំផ្លាញសេចក្តីសុខរបស់ជាតិ និងប្រជាជនកម្ពុជាត្រូវទទួលរងបរាជ័យយ៉ាងអាម៉ា ស់បំផុតនៅពេលនេះ។ អតីតមេដឹកនាំខ្មែរក្រហមជា ច្រើនទៀតដែរដែលជាអ្នកបានជេរប្រមាថ និងប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន យ៉ាងខ្លាំងក្លា តែទីបំផុតត្រូវបានបរាជ័យយ៉ាងអាម៉ាសខ្លះស្លាប់ខ្លួន និងខ្លះទៀតកំពុងជាប់គុក ហើយវាសនារបស់ក្រុមអ្នកប្រឆាំង និងចៅហ្វាយនាយរបស់ខ្លួននៅពេលនេះ ក៏មិនខុសនឹងនឹងក្រុមខ្មែរក្រហមទាំងនេះដែរ ខ្លះចាញ់ឆ្នោតយ៉ាងអាម៉ាស់ជាច្រើនអាណត្តិ ខ្លះរត់ ចោលស្រុក ខ្លះជាប់គុក និងខ្លះទៀតស្លាប់បាត់បង់ជីវិត។ ជាមួយគ្នានេះ ក្រុមកម្លាំងនយោបាយប្រឆាំងទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកបានបែកបាក់គ្នា និងចែកចានចែកឆ្នាំងបានជាធ្វើឱ្យការគាំទ្រលើដាណា រ៉ូរ៉ាបាគ័រ និងអេដ រ៉យ ធ្លាក់ចុះ បាត់តំណែងជាសមាជិកសភាយ៉ាងដូច្នេះ។ តើនេះអាចជាបណ្តាសាទេវតាឬទេ?

    ដោយ៖ ចៅចាក់ស្មុក
    រាជធានីភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨

    អត្ថបទទាក់ទង