ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសិង្ហបុរី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1280
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសិង្ហបុរីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសិង្ហបុរី

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរីរយៈពេល៣ថ្ងៃ(១៣-១៥) វិច្ឆិកា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ គឺប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន»។

    ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនផ្សេងទៀតដូចជា៖ កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី អមដោយអាហារពេលព្រឹក , កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ , កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣ , កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១ , កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា អមដោយអាហារពេលព្រឹក , កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦, កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២១ , កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ) , កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត) អមដោយអាហារថ្ងៃត្រង់ , និងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី២។

    ស្របពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងប្រជុំ និងកម្មវិធីមួយចំនួនទៀតដូចជា៖ កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន, កម្មវិធីអាហារការងារថ្ងៃត្រង់ រៀបចំដោយលោក លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន , ពិធីលៀងសាយភោជន៍ (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន , និងជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ៕

    អត្ថបទទាក់ទង