ខ្មែរប៉ុស្ដិ៍ Close

ទិន្នផលម្រេចកំពតចុងឆ្នាំនេះ រំពឹងថា នឹងកើនដល់ជាង១០០តោន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2808
ទិន្នផលម្រេចកំពតចុងឆ្នាំនេះ រំពឹងថា នឹងកើនដល់ជាង១០០តោនទិន្នផលម្រេចកំពតចុងឆ្នាំនេះ រំពឹងថា នឹងកើនដល់ជាង១០០តោន

ទិន្នផលម្រេចកំពត ដែលនឹងត្រូវប្រមូលផលនៅចុងឆ្នាំនេះ រំពឹងថា នឹងកើនដល់ជាង១០០តោន បន្ទាប់ពីផ្ទៃដីដាំដុះកើនដល់ ២៤០ហិកតា។

ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានបញ្ជាក់ថា ទិន្នផលម្រេចកំពតដែលត្រូវប្រមូលនៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ខាងមុខនេះ អាចទទួលបានក្នុងបរិមាណពី ៩០ ទៅ ១០០តោន ដោយកើនខ្ពស់ជាងការប្រមូលផលកាលពីឆ្នាំទៅ ដែលមានត្រឹមតែ ៧០តោន។ លោកមានប្រសាសន៍ថា ម្រេចកំពតផលិតបាននេះ អាចបំពេញទាំងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ។

ម្រេចកំពតមាន៣ប្រភេទផ្សេងគ្នាគឺ ម្រេចស ម្រេចក្រហម និងម្រេចខ្មៅ។ សម្រាប់ការនាំចេញទៅក្រៅប្រទេស គឺម្រេចសក្នុងមួយតោន មានតម្លៃ២ម៉ឺន៨ពាន់ដុល្លារ ខណៈម្រេចក្រហមក្នុង១តោន មានតម្លៃចំនួន២ម៉ឺន៥ពាន់ដុល្លារ និងម្រេចខ្មៅមានតម្លៃ១ម៉ឺន៥ពាន់ដុល្លារ។ ទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មមួយនេះ មានសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ី និងទិសដៅផ្សេងៗទៀត។

លោកប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានសម្តែងការព្រួយបារម្ភពីការបន្លំផលិតនាំចេញ ដែលធ្វើឱ្យខូចកិត្តិនាមរបស់ទំនិញសម្គាល់ភូមិសាស្ត្រមួយនេះ បន្ទាប់ពីមានក្រុមហ៊ុនជាច្រើនបានធ្វើការនាំចេញ។ លោក ងួន ឡាយ ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ការក្លែងបន្លំម៉ាកផលិតផល ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះម្រេចកំពត។

ម្រេចកំពតរបស់ប្រទេសកម្ពុជា ត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់ និងសម្រេចចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ត្រនៅឆ្នាំ២០១៦ ដើម្បីចូលរួមការពារ និងរក្សាបាននូវកម្មសិទ្ធិបញ្ញាដែលទាក់ទងទៅនឹងវប្បធម៍ប្រពៃណី ភាពសម្បូរបែបនៃភូមិសាស្រ្ត និងវិធីសាស្រ្តផលិតកម្ម ព្រមទាំងរកទីផ្សារសម្រាប់នាំចេញ៕

អត្ថបទទាក់ទង