ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1274
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅចំពោះមុខឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះទេ មិនថាប្រទេសណានោះឡើយ។ លោក បានលើកឡើងបញ្ជាក់ចំណុចនេះទៅកាន់លោកអគ្គរដ្ឋទូត កុំឱ្យសហរដ្ឋអាមេរិកមានការងឿងឆ្ងល់ និងព្រួយបារម្មណ៍ចំពោះមូលដ្ឋានទ័ពបរទេសនៅកម្ពុជា។

    លោកនាយករដ្ឋមន្ត្រី បានលើកឡើងដូចនេះក្នុងជំនួបជាមួយលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែល បានចូលជួបសំណេះសំណាល និងជម្រាបលាបន្ទាប់ពីចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅវិមានសន្តិភាព។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមកកម្ពុជាក៏ធ្វើការជាមួយនឹងបណ្តាប្រទេស ផ្សេងៗរួមទាំងការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក, ចិន ,ឥណ្ឌា,ជប៉ុន ជាដើម ពិសេសបានធ្វើឡើងលើសពីទ្វេភាគីទៅទៀត ក្នុងគោលដៅដើម្បីកសាងជំនឿ និងបទពិសោធន៍ ជាពិសេសឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ។
    ក្នុងជំនួបនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យមានការសន្ទនារវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ដើម្បីធ្វើយ៉ាងណាឱ្យមានការយល់គ្នាក្នុងការរក្សានូវទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងថែមទៀត។

    លោកនាយករដ្ឋមន្ត្រីក៏បានឱ្យដឹងថា កន្លងមកកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅក្រៅប្រទេស ក្រោមឆត្រ័អង្គការសហប្រជាជាតិ ប៉ុន្តែយើងមិនអនុញ្ញាត្តឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ លោកក៏បានរលឹកពីអតីតកាល ដែលមានកងទ័ពមួយខៀវមកលើទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា ការចម្លងមេរោគ HIV នៅលើកទឹកដីកម្ពុជាជាដើម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាចាប់អារម្មណ៍គឺកម្ពុជាចង់ឱ្យប្រទេស ដែលចូលរួមក្នុងការកសាងអភិវឌ្ឍន៍កម្ពុជា មានគម្រោងចូលរួមផ្សេងៗដូចជាការកសាង ផ្លូវថ្នល់ ស្ពាន ជាដើម។

    ជាការឆ្លើយតប លោកឯអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ដែរថាក្នុងរយៈពេល៣ឆ្នាំ ដែលលោកបានបំពេញការងារនៅកម្ពុជា លោកបានរៀនសូត្រជាច្រើន និងបានឃើញពីការរីកចម្រើនរបស់កម្ពុជា។ លោកឯអគ្គរដ្ឋទូត ក៏បានខិតខំធ្វើយ៉ាងណាជំរុញឱ្យទីក្រុង Washington យល់អំពីកម្ពុជាឱ្យបានច្រើន។ តែទោះបីយ៉ាងណាក៏ដោយទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក មកដល់ពេលនេះកាន់តែប្រសើរឡើងជាច្រើនរវាងប្រទេសទាំងពីរ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាចង់បានទំនាក់ទំនងល្អជាមួយប្រទេស ទាំងឡាយរួមទាំងសហរដ្ឋអាមេរិកផងដែរ។ ទន្ទឹមនោះផងដែរ ពាក់ព័ន្ធជាមួយនឹងក្តីកង្វល់ របស់សហរដ្ឋអាមេរិកចំពោះវត្តមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើរលិខិតមួយច្បាប់រួចរាល់ហើយទៅកាន់ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដោយគូសបញ្ជាក់ថា គ្មានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ៕

    អត្ថបទទាក់ទង