ខ្មែរប៉ុស្ដិ៍ Close

ខេត្ត​សៀមរាប​រៀបចំពិធីបិទព្រះរាជពិធីបុណ្យអុំទូក​ និងប្រគល់ពានរង្វាន់ដល់ទូកដែលទទួលបានជ័យលាភី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2471
ខេត្ត​សៀមរាប​រៀបចំពិធីបិទព្រះរាជពិធីបុណ្យអុំទូក​ និងប្រគល់ពានរង្វាន់ដល់ទូកដែលទទួលបានជ័យលាភីខេត្ត​សៀមរាប​រៀបចំពិធីបិទព្រះរាជពិធីបុណ្យអុំទូក​ និងប្រគល់ពានរង្វាន់ដល់ទូកដែលទទួលបានជ័យលាភី

នៅ​ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ លោក​ ឃឹម​ ប៊ុនសុង​ អភិបាល​នៃគណៈអភិបាលខេត្តនិងភ​រិយា​ បានអញ្ជើញចូលរួមក្នុងពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ និងពិធីប្រគល់ពានរង្វាន់ដល់ទូកដែលទទួលបានជ័យលាភីនៅដងស្ទឹងសៀមរាប។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក​ លោកស្រី​ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។

នាឱកាសនោះ ​លោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរងខេត្តនិងជាប្រធានអនុគណៈកម្មការបច្ចេកទេសបានធ្វើសេចក្តីរាយការណ៍ថា​ កិច្ចដំណើការប្រណាំងទូក «ង» អស់រយៈពេល២ថ្ងៃ គឺថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូន​ក្រោមបរិយាកាសដ៏មហាឡាប្ញកយ៉ាងក្រៃលែង។​ ជាលទ្ធផលនៃការប្រណាំងទូក «ង» ក្នុងឆ្នាំ២០១៨ ដូចតទៅនេះ ៖
ក.ទូកផ្នែកនារី
– ចំណាត់ថ្នាក់លេខ១ ទូកមានឈ្មោះថា៖ ហង្សច័ន្ទមានជ័យបារមីមហានគរ ជាទូករបស់សាខាពន្ធដាខេត្ត។​
– ចំណាត់ថ្នាក់លេខ២ ទូកមានឈ្មោះថា៖ យាយទេពសំដែងរិទ្ធិ ជាទូករបស់រដ្ឋបាលក្រុងសៀមរាប។​
– ចំណាត់ថ្នាក់លេខ៣ ទូកមានឈ្មោះថា៖ អង្គរជុំសែនជ័យ ជាទូករបស់រដ្ឋបាលស្រុកអង្គរជុំ។
– ចំណាត់ថ្នាក់លេខ៤ ទូកមានឈ្មោះថា៖គង់ជ័យបារមីស្រីខ្ទុម ជាទូករបស់រដ្ឋបាលស្រុកជីក្រែង និងមន្ទីរបរិស្ថាន- ខេត្ត។

ខ. ទូកផ្នែកបុរស​ – ចំណាត់ថ្នាក់លេខ១ ទូកមានឈ្មោះថា៖ មហាកោសាមានជ័យ ជាទូករបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ស្នងការនគរបាលខេត្ត វត្តព្រះឥន្ទកោសា និងសាកលវិទ្យាល័យយូស៊ី សាលាអន្តរជាតិ ធ្យូ ឆឺ ប្រាយ លោក ជាឆារ៉ា ផានិចគុល (អគ្គនាយកទូទៅផ្សារម៉ាក្រូខេត្តសៀមរាប) និងសាលាអនុគណក្រុង សៀមរាប។​
– ចំណាត់ថ្នាក់លេខ២ ទូកមានឈ្មោះថា៖ សូទ្រនិគមសែនជ័យបារមីតាពេជ្រ ជាទូករបស់រដ្ឋបាលស្រុកសូទ្រ- និគម និងរដ្ឋបាលស្រុកអង្គរធំ ។
– ចំណាត់ថ្នាក់លេខ៣ ទូកមានឈ្មោះថា៖ គ្រុឌមាសតេជោសែនជ័យ ជាទូករបស់បញ្ជាការដ្ឋានកងរាជអាវុធ- ហត្ថខេត្ត។
– ចំណាត់ថ្នាក់លេខ៤ ទូកមានឈ្មោះថា៖ ពាមសាមគ្គីសែនជ័យ ជាទូករបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសុខាភិបាលខេត្ត ។

សូមបញ្ជាក់ផងដែរថា​ ទូកដែលទទួលបានចំណាត់ថ្នាក់ទាំងពីរផ្នេកខាងលើ ទទួលបានរង្វាន់ជ័យលាភីដូចខាងក្រោម ៖
-ទូកចំណាត់ថ្នាក់លេខ១បានថវិកាចំនួន ៨.០០០.០០០ រៀល ទង់ជ័យលាភីចំនួន១ ផ្កា១បាច់ទឹកសុទ្ធ ១០យួរ មី ២កេស និងទឹកក្រូច ២កេស
-ទូកចំណាត់ថ្នាក់លេខ២ បានថវិកាចំនួន ៥.០០០.០០០ រៀល ទង់ជ័យលាភីចំនួន១ ផ្កា១បាច់ ទឹកសុទ្ធ ១០យួរ មី ២កេស និងទឹកក្រូច ២កេស
-ទូកចំណាត់ថ្នាក់លេខ៣ បានថវិកាចំនួន ៣.០០០.០០០ រៀល ទង់ជ័យលាភីចំនួន១ ផ្កា១បាច់ ទឹកសុទ្ធ ១០យួរ មី ២កេស និងទឹកក្រូច ២កេស
-ទូកចំណាត់ថ្នាក់លេខ៤ បានថវិកាចំនួន ២.០០០.០០០ រៀល ទង់ជ័យលាភីចំនួន១ ផ្កា១បាច់ ទឹកសុទ្ធ ១០យួរ មី ២កេស និងទឹកក្រូច ២កេស។

ដោយឡែកចំពោះទូកដែលមិនបានទទួលចំណាត់ថ្នាក់ទាំងពីរផ្នែក ទទួលបានថវិកាចំនួន ៥០០.០០០ រៀល ទឹកសុទ្ធ ១០យួរ មី ២កេស និងទឹកក្រូច ២កេស។​

លោក​ ឃឹម​ ប៊ុនសុង​ បាន​លើក​ឡើង​ថា​ ថ្ងៃ​នេះ​គឺជាថ្ងៃទីពីរហើយក៏ជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុកកនុងខេត្តសៀមរាបក្រោយពីបាន​ដំណើ​រ​​ការយ៉ាងសកម្ម និងរស់រវើក​អស់​រយៈពេលពីរថ្ងៃ ប្រកប​ដោ​យ​ភាពអធិកអធម សប្បាយរីករាយក្រៃលែង។

ក្នុងរយៈពេល​ពីរថ្ងៃនេះ អាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែ​ត​​​ប្រទីប និងសំពះព្រះខែ អកអំបុក បានធ្វើការសន្និដ្ឋាន វាយ​តម្លៃជារួមបានថា ៖
– ការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានប្រព្រឹត្តទៅ​ក្នុង​លក្ខខណ្ឌ​ល្អប្រសើរ ដោយគ្មាន​គ្រោះថ្នាក់​ចរាចរ​ណ៍ គ្មានការប៉ះទង្គិចដោយ​អំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗទៀត​គួរឲ្យកត់​សម្គាល់​ឡើយ។
– ស្ថានភាពអនាម័យ បរិស្ថាន ក៏មានសភាពល្អប្រសើរ​លើស​ពីពេ​លមុនៗ ដោយ​​នៅ​ទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូច​ជា តាមបណ្តោយស្ទឹង​សៀមរាប មានការថយចុះនូវការបោះចោលសំរាម និងកាកសំណល់ផ្សេងៗ ពី​បងប្អូនប្រជាពលរដ្ឋ អ្នកទេ​ស​​ចរ ដែលមកទស្សនាកំសាន្តពិធីប្រណាំងទូកដែល​​បញ្ជាក់ឲ្យ​ឃើ​ញ​​​ថា ការយល់ដឹងពីផលប្រយោជន៍នៃការថែរក្សាបរិស្ថាន អនាម័​យ​របស់បងប្អូនប្រជាពលរដ្ឋយើងមានការកើន​ឡើងទោះបីជាមិន​ទា​ន់​ពេញ​​លេញតាមការចង់បានរបស់យើងក៏ដោយ។
– បញ្ហាចរាចរណ៍នៅក្នុងក្រុង និង ជុំវិញទីតាំងប្រារព្ធពិធី​មាន​លក្ខណៈល្អប្រសើរ បើទោះបីជាមានការកក់ស្ទាះនៅតាមកន្លែង ខ្លះក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ចយើងបានជួយ​សម្រួលចរាចណ៍​បានទាន់ពេលវេលាមិនធ្វើឲ្យមានការពិបាកដល់បងប្អូនប្រជា-ពល​រដ្ឋដែលមកកំសាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យនេះ​ឡើ​យ។
– អំពីដំណើរការ នៃការប្រណាំងក៏បានប្រព្រឹត្តទៅក្នុងបរិយាកាស ល្អប្រសើរ បង្កលក្ខណៈសប្បាយរីករាយ អធិកអធម និងរក្សា​បាននូវកិត្តិយស និង​សេចក្តីថ្លៃថ្នូរ។
លោកអភិបាលខេត្តក៏បានបញ្ជាក់​ថា​ លទ្ធផល នៃការប្រកួតកន្លង​មក​​ទាំងទូក​ដែលទទួលចំណាត់ថ្នាក់ និង ទូក​ដែលមិនបាន​ទទួ​ល​​ចំណាត់ថ្នាក់ត្រូវ​បន្ត​ខិតខំ​សិក្សាស្វែងយល់ពីបទពិសោធន៍​គ្នា​ទៅ​វិញទៅមក ដើម្បីឲ្យការប្រកួត​នៅ​ឆ្នាំក្រោយ និងឆ្នាំ​បន្ត​បន្ទា​ប់​ទៀតកាន់តែធានាបានទាំង រូបភាព ទាំងគុណភាព​បច្ចេកទេ​ស​។ម្យ៉ាងវិញទៀត ដោយ​ទីតាំងប្រារព្ធពិធីនៅដងស្ទឹងសៀមរាប ដែល​លម្អ​ដោយ ទេសភាពធម្មជាតិដ៏ល្អ​ត្រកាល បានបង្កើនបរិយាកាស​ដ៏សែនមនោរម្យ ថែមទៀតដល់ភ្ញៀវទេស​ចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនា​ខេត្ត​សៀមរាបនៅ​ក្នុង​​ព្រះរាជពិធីនេះ មានចំនួនប្រមាណ ៣៣១ ៨៩៦ (សាមសិបបីម៉ឺនមួយពាន់ប្រាំបីរយកៅសិបប្រាំមួយ)នាក់ កើន​ឡើ​​ង​១៨,៥៨% ធៀបនឹងឆ្នាំ២០១៧ ក្នុង​នោះ​​​ភ្ញៀវ​​ទេ​ស​​ច​រ​ជាតិចំនួនប្រមាណជាង ២៩៩ ០០០ (ម្ភៃប្រាំបួនម៉ឺនប្រាំបួនពាន់)នាក់ និង​ភ្ញៀវ​អន្តរ​ជា​តិ ​​ចំនួន ៣២ ៨៩៦ (បីម៉ឺនពីរពាន់ប្រាំបីរយកៅសិបប្រាំមួយ)នាក់ បាននិង​​បន្តការស្នាក់នៅ ដើម្បីធ្វើដំណើរ​កំសា​ន្ត​នៅតាមរមណីយដ្ឋា​ន​​​វប្បធម៌​នានា​​ថែមទៀតផង៕

អត្ថបទទាក់ទង