ខ្មែរប៉ុស្ដិ៍ Close

    ប្រជាពលរដ្ឋក្នុងក្រុងប៉ៃលិន រិះគន់ក្រុមហ៊ុនទឹកស្អាតមួយកន្លែង​ ដែលចែកចាយទឹកគ្មានអនាម័យ និងគុណភាពតាមស្តង់ដារ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2127
    ប្រជាពលរដ្ឋក្នុងក្រុងប៉ៃលិន រិះគន់ក្រុមហ៊ុនទឹកស្អាតមួយកន្លែង​ ដែលចែកចាយទឹកគ្មានអនាម័យ និងគុណភាពតាមស្តង់ដារប្រជាពលរដ្ឋក្នុងក្រុងប៉ៃលិន រិះគន់ក្រុមហ៊ុនទឹកស្អាតមួយកន្លែង​ ដែលចែកចាយទឹកគ្មានអនាម័យ និងគុណភាពតាមស្តង់ដារ

    ប៉ៃលិន៖ ប្រជាពលរដ្ឋដែលជាអតិថិជន ក្រុមហ៊ុនទឹកស្អាត ថូ ម៉ាស់ បានមានរិះគន់ថា ទឹកស្អាតដែលចែកចាយក្នុងក្រុងប៉ៃលិន ជាច្រើនឆ្នាំមកនេះ មិនមានអនាម័យ តាមស្តង់ដារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ពួកគាត់ ព្រោះទឹកម្តងល្អក់ ម្តងថ្លា ជាពិសេសឱ្យតែពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកស្អាតនឹងប្រែទៅជាពណ៌ក្រហម ហើយពេលដែលសួរទៅក្រុមហ៊ុន ខាងក្រុមហ៊ុនតែងតែមានហេតុផលដោះសារជានិច្ច ប៉ុន្តែស្ថានភាពទឹកស្អាតនៅតែដដែល មិនមានអ្វីប្រែប្រួលសោះ។

    បន្ទាប់ពីពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងប៉ៃលិន បានធ្វើការរិះគន់ចំពោះបញ្ហាទឹកស្អាតរបស់ក្រុមហ៊ុន ថូ ម៉ាស់ តំណាងក្រុមហ៊ុន លោក ថូ ចំរើន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានធ្វើការបកស្រាយទៅកាន់អ្នកសារព័ត៌មានថា ចំពោះការផ្តល់សេវាទឹកស្អាតរបស់ក្រុមហ៊ុនកន្លងមក លោកទទួលស្គាស់ថា ពិតជាមានបញ្ហា ដូចការលើកឡើងរបស់ប្រជាពលរដ្ឋមែន ហើយក្រុមហ៊ុនសូមសន្យាថា នៅក្នុងកំឡុងខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុនទាំងអស់ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ពេល។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ដួង អ៊ីម អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តប៉ៃលិន បានឱ្យដឹងថា ចំពោះការផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋដែលជាអតិថិជនរបស់ខ្លួន ខាងក្រុមហ៊ុនមិនត្រូវធ្វើយ៉ាងណារក្សាគុណភាពទឹក និងអនាម័យឱ្យនៅតាមស្តង់ដារ។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ដែលដំណើរការនៅក្នុងខេត្តប៉ៃលិនមានចំនួន ៣ក្រុមហ៊ុន ដោយក្នុងនោះក្រុមហ៊ុនទឹកស្អាត ថូ ម៉ាស់ មានផលប៉ះពាល់ច្រើន ដោយសារតែជាក្រុមហ៊ុននេះធំ ។ ជាចុងក្រោយលោក ដួង អ៊ីម ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ បើមានបញ្ហាអ្វីកើតឡើង ពាក់ព័ន្ធជាមួយទឹកស្អាត សូមទាក់ទង ឬដាក់ពាក់នៅមន្ទីរ ដើម្បីឱ្យមន្ត្រីជំនាញចុះទៅជួយដោះស្រាយជូនឱ្យបងប្អូនបានទាន់ពេលវេលា។

    ជុំវិញបញ្ហានេះលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ចំពោះករណីទឹកស្អាតក្រុមហ៊ុន ថូ ម៉ាស់ នេះ កន្លងមកក៏មានការលើកឡើង នៅក្នុងវេទិកាសាធារណៈនានា និងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខេត្ត ចំពោះការរអ៊ូរទាំរបស់ប្រជាពលរដ្ឋ ថាទឹកក្រុមហ៊ុន មិនស្អាត កខ្វក់ គ្មានអណាម័យ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ពួកគាត់ ហើយអាជ្ញាធរ និងមន្ត្រីជំនាញក្រុង ក៏បានជំរុញឱ្យក្រុមហ៊ុន ធ្វើការកែលម្អបច្ចេកទេសក្នុងការបន្សុទ្ធទឹក និងការចែកចាយឱ្យត្រូវតាមស្តង់ដា ដើម្បីផ្តល់សេវាទឹកស្អាត ប្រកបដោយអនាម័យ និងគុណភាពល្អ ជូនដល់អតិថិជនរបស់ខ្លួន។

    សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៨ មក ក្រុមហ៊ុនទឹកស្អាត ថូ ម៉ាស់ បានផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ៃលិន ប្រមាណជាង ៣០០០គ្រួសារ ដោយក្នុង ១ថ្ងៃ ត្រូវផ្គត់ផ្គង់ការប្រើប្រាស់ទឹក ប្រមាណ ៣ម៉ឺន ទៅ ៤ម៉ឺនម៉ែត្រគូប ហើយអាងបន្សុទ្ធទឹកថ្មី ដែលក្រុមហ៊ុនសន្យាថានឹងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០១៨នេះ គឺមានចំណុះប្រមាណ ៧ម៉ឺនម៉ែត្រគូប ដោយប្រើប្រាស់ប្រភពទឹកពីរម្មណីយ៍ដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ព្រមទាំងអនុវត្តន៍ត្រឹមត្រូវតាមស្តង់ដារ និងបច្ចេកទេស របស់អគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕

    អត្ថបទទាក់ទង