ខ្មែរប៉ុស្ដិ៍ Close

    ក្រុម​អ្នក​ជំនាញ​ការ​ពិសេស​នៃ ICC-Angkor ចុះទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1621
    ក្រុម​អ្នក​ជំនាញ​ការ​ពិសេស​នៃ ICC-Angkor ចុះទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែនក្រុម​អ្នក​ជំនាញ​ការ​ពិសេស​នៃ ICC-Angkor ចុះទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន

    នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ គណៈប្រតិភូ​ដែល​ជា​អ្នក​ជំនាញ​ការ​ចំពោះមុខ​ទទួល​ខុស​ត្រូវ​ផ្នែក​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ក្នុង​តំបន់​អង្គរ នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល កិច្ច​គាំពារ​ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) ចំនួន​០៤​​រូប និង​ក្រុម​ការងារ​អាជ្ញាធរ​ជាតិអប្សរា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន​ ខេត្ត​សៀមរាប។

    ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក ឈិន សុភា មន្ត្រី​ជំនាញ​នាយកដ្ឋាន​ជីវៈចម្រុះ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​ជម្រាប​ពី​គោលបំណង​នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដើម្បី​បម្រើ​ដល់​ការ​សិក្សាស្រាវជ្រាវ ការ​អភិរក្ស​កេសរកូល ការ​អប់រំ​ផ្សព្វផ្សាយ និង​ការ​កំសាន្ត។ ក្នុង​នោះ​ដែរ​ មជ្ឈមណ្ឌល​បាន​ប្រមូល​ពូជ​កេសរកូល​ព្រៃ​បាន​ចំនួន​៧៤​ប្រភេទ​ និង​៣ប្រភេទ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​ដោយ​រង់ចាំ​ចេញ​ផ្កា​។

    ក្រុម​អ្នក​ជំនាញ​ការ​ពិសេស​នៃ ICC-Angkor បាន​សម្ដែង​នូវ​អារម្មណ៍​​សប្បាយ​រីករាយ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល​នេះ​ឡើង និង​គាំទ្រ​ដល់​គោលនយោបាយ​អភិរក្ស​ក្រៅ​ដែន​ធម្មជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចូល​តំបន់​ភ្នំ​គូលែន​ជា​បេតិកភណ្ឌ​ពិភពលោក​វប្បធម៌​ និង​ធម្មជាតិ។

    សូម​ជម្រាប​ផង​ដែរ​ថា ទោះបី​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំគូលែន មិន​ទាន់សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក៏ដោយ ក៏​មជ្ឈមណ្ឌល​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ជា​បន្ត​បន្ទាប់។​ ជាក់ស្ដែង​កាល​ពី​ខែ​តុលា ឆ្នាំ២០១៨ គណៈប្រតិភូ​ដែល​អញ្ជើញ​មក​ពី ១១ប្រទេស​ក៏​បាន​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​នៅ​មជ្ឈមណ្ឌល​ផង​ដែរ​៕

    អត្ថបទទាក់ទង