ខ្មែរប៉ុស្ដិ៍ Close

មេបក្សប្រឆាំងម្នាក់អំពាវនាវ «ធ្វើបដិវត្តន៍ប្រជាជន» ក្រោយឃើញក្រុមបាតុករបារាំងមិនទាន់ពេញចិត្តអ្វីដែលលោក ម៉ាក្រុង ទើបផ្តល់ឲ្យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1482
មេបក្សប្រឆាំងម្នាក់អំពាវនាវ «ធ្វើបដិវត្តន៍ប្រជាជន» ក្រោយឃើញក្រុមបាតុករបារាំងមិនទាន់ពេញចិត្តអ្វីដែលលោក ម៉ាក្រុង ទើបផ្តល់ឲ្យមេបក្សប្រឆាំងម្នាក់អំពាវនាវ «ធ្វើបដិវត្តន៍ប្រជាជន» ក្រោយឃើញក្រុមបាតុករបារាំងមិនទាន់ពេញចិត្តអ្វីដែលលោក ម៉ាក្រុង ទើបផ្តល់ឲ្យ

ការធ្វើសម្បទានរបស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង មិនបានធ្វើឱ្យក្រុមបាតុករអាវកាក់ពណ៌លឿងស្ងប់ចិត្តនោះទេ ខណៈក្រុមអ្នកនយោបាយប្រឆំាងមួយចំនួននៅក្នុងប្រទេសបារាំង ដូចជាលោក ហ្សង់ លុច មេឡង់ឆុង (Jean-Luc Mélenchon) បានឆ្លៀតអំពាវនាវឱ្យមានការធ្វើបដិវត្តន៍ប្រជាជន (citizen’s revolution) រហូតដល់ការចែករំលែកប្រកបដោយតម្លាភាពត្រូវបានសម្រេចឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today (RT) នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

ការអំពាវនាវរបស់លោក Mélenchon ធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ម៉ាក្រុង ប្រកាសពីភាពអាសន្នផ្នែកសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសបារាំង ក៏ដូចជាផ្ដល់សម្បទានមួយចំនួនជាការឆ្លើយតប ទៅនឹងការទាមទាររបស់ក្រុមបាតុករអាវកាក់ពណ៌លឿង។ លោក Mélenchon បានសរសេរនៅលើ Twitter លោកយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការធ្វើបាតុកម្មតវ៉ាជាលើកទី ៥ នៃបដិវត្តន៍ប្រជាជននៅក្នុងប្រទេសរបស់យើង នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នឹងក្លាយជាពេលវេលាមួយដ៏អស្ចារ្យ… ប៉ុន្តែជាការពិតណាស់ ខ្ញុំចង់ឱ្យការសម្រេចចិត្តណាមួយគឺត្រូវបានធ្វើឡើងដោយប្រជាជនបារាំង»។

គួរបញ្ជាក់ថា លោក ម៉ាក្រុង បានសន្យានៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា ប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានបន្ថែម ១០០អឺរ៉ូ ក្នុងមួយខែចាប់ពីឆ្នាំ២០១៩ តទៅ។ លើសពីនេះទៅទៀត គម្រោងតំឡើងពន្ធសម្រាប់និវត្តន៍ជនដែលមានប្រាក់ចំណូលទាបនឹងត្រូវលុបចោល រីឯប្រាក់បន្ថែមម៉ោងក៏មិនត្រូវជាប់ពន្ធដែរ ខណៈនិយោជកត្រូវបានលើកទឹកចិត្ត ឱ្យផ្ដល់ប្រាក់ឧបត្ថម្ភបំណាច់ឆ្នាំដល់នាយាជិក ដែលជាប់ពន្ធ។ ដោយឡែកជុំវិញការធ្វើបាតុកម្មតវ៉ាឯណោះវិញ ក្រសួងមហាផ្ទៃបារាំង បានឱ្យដឹងថា មនុស្សច្រើនជាង៤,៥០០នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ ៤,០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្ម បានផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកាមក។ ប្រសិនបើកិច្ចចរចារវាងរដ្ឋាភិបាលបារាំង និងក្រុមបាតុករអាវកាក់ពណ៌លឿងនៅតែមិនត្រូវគ្នាទៀតនោះ មហាបាតុកម្មអាចនឹងផ្ទុះឡើងជាលើកទី ៥ នៅចុងសប្តាហ៍នេះ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង