ខ្មែរប៉ុស្ដិ៍ Close

    សិស្សថ្នាក់បឋមសិក្សា ក្នុងរមណីយដ្ឋានអង្គរជាង ៣០០នាក់ ទទួលបានការអប់រំឱ្យចេះកាត់បន្ថយសំរាម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2383
    សិស្សថ្នាក់បឋមសិក្សា ក្នុងរមណីយដ្ឋានអង្គរជាង ៣០០នាក់ ទទួលបានការអប់រំឱ្យចេះកាត់បន្ថយសំរាមសិស្សថ្នាក់បឋមសិក្សា ក្នុងរមណីយដ្ឋានអង្គរជាង ៣០០នាក់ ទទួលបានការអប់រំឱ្យចេះកាត់បន្ថយសំរាម

    សិស្សបឋមសិក្សាចំនួន ៣សាលាដែលសរុបចំនួន ៣៥១នាក់ បានទទួលការអប់រំបរិស្ថាន ដែលកម្មវិធីនេះរៀបចំឡើងដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Organization ហៅកាត់ថា (JQA) អាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យ សូហ្វីយ៉ា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។ សិស្សដែលត្រូវបានបង្រៀនមានថ្នាក់ទី ៤ដល់ទី៦ នៅតាមសាលាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរ មានសាលាបឋមសិក្សាគោកគ្រើល សាលាបឋមដូនឳ និងសាលាបឋមសិក្សា ត្រពាំងស្វាយ។

    លោក ឡៅ គឹមលាង តំណាងសាកលវិទ្យាល័យ សូហ្វីយ៉ា និងជាគ្រូបង្គោលក្នុងកម្មវិធីអប់រំបរិស្ថានខាងលើបានលើកឡើងថា កម្មវិធីអប់រំលើកទី១១នេះ បានបញ្ចប់ដោយជោគជ័យ និងដែលមានសិស្សជាង ៣០០នាក់ចូលរួម។ សម្រាប់លោក គឹមលាង ការអប់រំបរិស្ថានលើកុមារតូចៗពិតជាមានសារសំខាន់ណាស់ ព្រោះវាជាគ្រឹះសម្រាប់កុមារទាំងនោះ នៅពេលពួកគេក្លាយជាពលរដ្ឋដែលយល់ពីបរិស្ថាន និងតម្លៃបេតិកភណ្ឌដែលនៅជុំវិញខ្លួន។

    បើតាមការបញ្ជាក់របស់លោក គឹមលាង មេរៀនអប់រំបរិស្ថាននៅពេលនេះ ក៏ដូចការបង្រៀនលើកមុនៗដែរ គឺអប់រំកុមារឱ្យយល់ពីបញ្ហាបរិស្ថាន ដូចជាការទុកដាក់សំរាម ប្រភពដែលបណ្ដាលឱ្យមានសំរាម និងដំណោះស្រាយដើម្បីឱ្យមានបរិស្ថានស្អាតជាដើម។ លោកបន្ថែមថា នៅពេលពួកគេចាប់ផ្តើមយល់ពីបញ្ហាទាំងអស់ នោះពួកគេនឹងងាយចាប់បាន និងយល់ពីផលប៉ះពាល់បរិស្ថាន។ លោកពន្យល់ថា ប្លង់មេរៀនដែលដាក់បង្រៀន គឺអនុវត្តន៍តាមកង PDCA គឺPlan (ដាក់គោលដៅ រៀបចំផែនការដើម្បីកាត់បន្ថយសំរាម) Do (ចាប់ធ្វើទៅតាមផែនការដែលបានគិត) Check (តាមដានមើលថា តើបានសម្រេចគោលដៅប៉ុណ្ណា)? និង Act ( តើត្រូវធ្វើយ៉ាងណាទើបរឹតតែប្រសើរ)?
    គួររម្លឹកថា ក្នុងគម្រោងអប់រំបរិស្ថាននេះមានរយៈ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។ ការអប់រំបរិស្ថានសរុបចំនួន ៣៥១នាក់ ក្នុងនោះនៅសាលាបឋមសិក្សាគោកគ្រើលមានចំនួន ៤៨នាក់ សាលាបឋមសិក្សាដូនឳចំនួន ១៨២នាក់ និងសាលាបឋមសិក្សាត្រពាំងស្វាយ ចំនួន ១២១នាក់។

    នេះជាលើកទី១១ ហើយ ដែលកម្មវិធីអប់រំបរិស្ថានត្រូវបានរៀបចំនៅតាមសាលាបឋមសិក្សាក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោយគម្រោងនេះចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០០៤មក។ គម្រោងអបរំបរិស្ថានបានចូលមកក្នុងតំបន់អង្គរ ក្រោយស្ថាប័នធានាគុណភាពជប៉ុន បានធ្វើការបញ្ចូលប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001 នៅក្នុងអាជ្ញាធរជាតិអប្សរា ហើយដើម្បីធ្វើសកម្មភាពផ្ទាល់ ស្ថាប័នធានាគុណភាពនេះ ក៏បានដំណើរការគម្រោងរបស់ខ្លួន ដើម្បីជាចំណេះដឹងចំពោះក្មេងៗឱ្យមានទម្លាប់ល្អទាក់ទងនឹងបរិស្ថានចាប់ពីតូចៗនេះតទៅ៕

    អត្ថបទទាក់ទង