ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៖ កម្ពុជាកំពុងចាប់ដៃគូពង្រីកទីផ្សារជាមួយរុស្ស៊ី ក្នុងការនាំចេញសម្លៀកបំពាក់សម្រាប់រដូវរងារ​ ឬអាវធំ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1705
    រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៖ កម្ពុជាកំពុងចាប់ដៃគូពង្រីកទីផ្សារជាមួយរុស្ស៊ី ក្នុងការនាំចេញសម្លៀកបំពាក់សម្រាប់រដូវរងារ​ ឬអាវធំរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៖ កម្ពុជាកំពុងចាប់ដៃគូពង្រីកទីផ្សារជាមួយរុស្ស៊ី ក្នុងការនាំចេញសម្លៀកបំពាក់សម្រាប់រដូវរងារ​ ឬអាវធំ

    រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រៅពីទីផ្សារការនាំចេញសម្លៀកបំពាក់ទៅកាន់ សហភាពអឺរុប និងសហរដ្ឋអាមេរិកនោះ កម្ពុជាកំពុងតែចាប់ដៃគូជាមួយ​ប្រទេស​រុស្ស៊ី ដោយ​ផ្ដោត​សំខាន់ទៅលើសម្លៀកបំពាក់សម្រាប់រដូវរងារ​ អាវរោមសត្វ ឬអាវធំ ដែលជាសក្ដានុពល ក្នុង​ការពង្រីកទីផ្សារធំក្នុងការនាំចេញសម្លៀកបំពាក់ពីកម្ពុជា។

    ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍​ការ​ងារពាណិជ្ជកម្មឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម​ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់​ដៃគូលើកិច្ចព្រម​ព្រៀងពាណិជ្ជកម្មអឺរ៉ុប-អាស៊ី ក្នុងនោះ គឺផ្ដោតជាមួយប្រទេសរុស្ស៊ី បន្ទាប់ពីចរចាររួចរាល់ហើយ កម្ពុជានឹងបើកទីផ្សារសម្លៀកបំពាក់សម្រាប់រដូវ​រងារទៅកាន់ប្រទេសរុស្ស៊ី ដែលជាសក្ដានុពលក៏ដូចជា​កាលានុវត្ដ​ភាពរបស់កម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា បន្ទាប់ពីទីផ្សាររុស្ស៊ី កម្ពុជាគឺសមាជិកនៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ ដែលអាចចរចាចប់នៅឆ្នាំ២០១៩​ខាងមុខនេះ ហើយនេះគឺជាទីផ្សារធំ មានមនុស្សជាងពាក់កណ្ដាល​ពិភពលោក ដែលកម្ពុជាមានឱកាសនាំចេញទៅកាន់ប្រទេស ផ្សេងៗ​ជាច្រើនទៀតដូចជាប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្រ្ដាលី និងប្រទេស ណូវែលសេឡង់។ លោករំពឹងថា ក្នុងឆ្នាំ២០១៩​ខាងមុខ កម្ពុជានឹងមានភាពប្រកួតប្រជែង និងធ្វើការនាំចេញនូវផលិតផលបានច្រើន ជាពិសេស​ការនាំចេញសម្លៀកបំពាក់សម្រាប់​រដូវ​រងារ ដែលរហូតមកដល់ពេលនេះ កម្ពុជាកំពុងចរចាបន្ដខិតខំជំរុញតាមនីតិវិធី និងយន្ដការនៃ ការសម្របសម្រួលទៅតាមប្រទេសនីមួយៗ។

    លោករដ្ឋមន្រ្ដីបានបន្ដថា បច្ចុប្បន្ននេះ ការនាំចេញ​ផលិតផលសម្រេចរបស់កម្ពុជា មិនទាន់មានអ្វីដែលធ្វើឱ្យប៉ះពាល់នោះទេ ដែលការវិនិយោគមកពីបរទេសគឺនៅតែមានច្រើន ជាពិសេសប្រទេសចិន ដែលបានមកវិនិយោគធ្វើរោងចក្រកែច្នៃដំឡូងមី រោងចក្រកែច្នៃមៀន ការបង្កើតរោងចក្រផលិតកាបូបជាដើម ដែលនេះជាសញ្ញាល្អក្នុងវិស័យសេដ្ឋកិច្ច ក៏ដូចជាការ ធ្វើពាណិជ្ជកម្មនៅកម្ពុជា។

    ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចការកែទម្រង់ស៊ីជម្រៅ លើវិស័យជាច្រើនដូចជា​ ការ​ពង្រឹង​អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ការកសាង និង​វិសោធន​កម្មលិខិត​បទ​ដ្ឋា​នច្បាប់ជាច្រើន ការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មក្នុងប្រទេស ដើម្បីទ្រទ្រង់ថ្លៃកសិផល ការពារ​សុវត្ថិភាពម្ហូបអាហារ ការពង្រីកកូតានាំចេញ អង្ករបន្ថែមទៅកាន់ទីផ្សារចិន និងទីផ្សារដទៃទៀត ការ​បើក​​ច្រក​ទីផ្សារ​ក្រៅប្រទេស តាមរយៈចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលកុ្ខណៈទ្វេភាគី និង​ពហុភាគី​ជាដើម។

    យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជា មានកំណើនប្រមាណ១០ភាគរយ ក្នុងឆ្នាំ២០១៨ ដែល​កំណើននេះទទួលបាន​ពីការបន្តកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញ​ផលិតផល​កសិកម្ម​ និង​ឧស្សាហ​កម្ម តាមរយៈការខិតខំបើកច្រកទីផ្សារ នាំចេញទៅកាន់​ជាង ១៤៧ប្រទេស​ នៅទូទាំង​ពិភពលោក។ ចំពោះការនាំចេញនេះ មានទំហំប្រមាណជា ៦០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ កម្ពុជា៕

    អត្ថបទទាក់ទង