ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាស៍ថា វិមានឈ្នះឈ្នះ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2424
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាស៍ថា វិមានឈ្នះឈ្នះ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាស៍ថា វិមានឈ្នះឈ្នះ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា វិមានឈ្នះឈ្នះ ដែលស្ថិតនៅទល់មុខពហុកីឡដ្ឋានមរតកតេជោ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី។ ទន្ទឹមគ្នានេះលោក ក៏បានអំពាវនាវឲ្យជនរួមជាតិ ចូលរួមទស្សនាវិមានឈ្នះឈ្នះ ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ រាជធានីភ្នំពេញ។

    តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ ទន្ទឹមនឹងការអំពាវនាវដល់បងប្អូនជនរួមជាតិមកលេងកម្សាន្ត និងចូលរួមទស្សនាវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទល់មុខពហុកីឡដ្ឋានមរតកតេជោ តំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនជនរួមជាតិ ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន បានសប្បាយរីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ រហូតដល់ថ្ងៃឆ្លងឆ្នាំថ្មី២០១៩ ខាងមុខនេះ។

    សំណេរក្នុងទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា សុខសប្បាយជាទេ បងប្អូនជនរួមជាតិ។ ជិតឆ្លងឆ្នាំថ្មី២០១៩ហើយ ឯប្រទេសជាតិកាន់តែរីក ចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ ប្រទេសយើងមានសុខសន្តិភាព ទីរមណីយដ្ឋានទេសចរណ៍ក៏កើតមានឡើងកាន់តែច្រើនរួមទាំងវិមានឈ្នះឈ្នះ ដែលទើបបានសម្ពោធជាផ្លូវការកាលពីម្សិលមិញនេះ។ វិមានឈ្នះឈ្នះ ដែលស្ថិតនៅទល់មុខពហុកីឡដ្ឋានមរតកតេជោ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី។

    សូមបងប្អូនមកទស្សនា «វិមាន ឈ្នះ ឈ្នះ» ឲ្យបានឃើញផ្ទាល់ភ្នែកអំពីស្នាដៃស្ថាបត្យកម្មថ្មី ដែលកសាងដោយកូនខ្មែរ ហើយចូលរួមទស្សនាកម្សាន្តជាមួយកម្មវិធីតន្ត្រី និងទស្សនាពិព័រណ៍ ជាមួយការរៀបចំស្តង់ម្ហូបអាហារ និងស្តង់លក់សម្ភារៈបរិក្ខារ សម្លៀកបំពាក់ច្រើននៅទីនេះរហូតដល់ថ្ងៃទី៣១ ធ្នូ»។

    វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត រដ្ឋទូត មិត្តភក្តិបរទេស និងមហាជនយ៉ាងច្រើនកុះករ។

    វិមានឈ្នះ-ឈ្នះ ត្រូវបានសាងសង់ឡើង ដើម្បីជានិមិត្តរូបនៃការបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ ដោយបានរំលេចនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពាក់ព័ន្ធដំណើរតស៊ូរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរំដោះ ជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរ និងឈានទៅចរចាបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា៕

    អត្ថបទទាក់ទង