ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី មិនឱ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង ១១៨នាក់ ស្នើសុំសិទ្ធិធ្វើនយោបាយ?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1222
ទស្សនៈមិត្តអ្នកអាន៖ ហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី មិនឱ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង ១១៨នាក់ ស្នើសុំសិទ្ធិធ្វើនយោបាយ?ទស្សនៈមិត្តអ្នកអាន៖ ហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី មិនឱ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង ១១៨នាក់ ស្នើសុំសិទ្ធិធ្វើនយោបាយ?

ទីបំផុតទៅ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រង់មាត្រា៤៥ ថ្មីស្ទួន បានចូលជាធរមានហើយបន្ទាប់ពីព្រះមហាក្សត្របានឡាយព្រះហស្តលេខា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺសំដៅអនុវត្តចំពោះគ្រប់គណបក្សនយោបាយទាំងអស់ដែលមានសិទ្ធិធ្វើនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយរួមទាំងគណបក្សកំពុងកាន់អំណាចផងដែរ។ ការធ្វើវិសោធនកម្មនេះ គឺដើម្បីបើកផ្លូវឱ្យអ្នកនយោបាយដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ក្រោយពេលដែលអ្នកទាំងនោះបានអនុវត្ត បានត្រឹមត្រូវតាមសាលដីកាតុលាការកំពូល ហើយដែលអនុញ្ញាតឱ្យពួកគេ អាចមាននីតិសម្បទាគ្រប់គ្រាន់ក្នុងការឈានជើងចូលក្នុងឆាកនយោបាយឡើងវិញ។

មាត្រា ៤៥ ថ្មី (ស្ទួនមួយ) ចែងថា៖ គណបក្សនយោបាយដែលត្រូវបានសម្រេចផ្អាកសកម្មភាព មិនត្រូវអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ។ ត្រូវលុបចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងករណីដែលគណបក្សនយោបាយនោះ ត្រូវបានសម្រេចផ្អាកសកម្មភាព ឬត្រូវបានសម្រេចរំលាយស្របតាមច្បាប់នេះ។ បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយមិនអាច៖
-បង្កើតគណបក្សនយោបាយ ឬ
-ចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬ
-ឈរឈ្មោះឱ្យគេបោះឆ្នោត ឬ
-ធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។

បុគ្គលដែលត្រូវបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សម្រាប់បរិបទនយោបាយបច្ចុប្បន្ននៅកម្ពុជា ការធ្វើវិសោធនកម្មនេះ គឺអនុញ្ញាតឱ្យអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ សរុបចំនួន១១៨នាក់ ដែលត្រូវបានតុលាការកំពូលចេញសាលដីកាផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចសុំសិទ្ធិធ្វើនយោបាយឡើងវិញបានបន្ទាប់ពីតុលាការបានរកឃើញថា អតីតគណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជានាពេលកន្លងមក។ ប៉ុន្តែ រឿងដែលចម្លែកនោះគឺនៅត្រង់ថា ទណ្ឌិត សម រង្ស៊ី ដែលបានលាលែងជាសមាជិកអតីតបក្សប្រឆាំង ហើយក៏គ្មានឈ្មោះជាប់នៅក្នុងបម្រាមអតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង១១៨នាក់នោះផង បែរជាភ័យស្លន់ស្លោរ ប្រកូកប្រកាសមិនឱ្យអ្នកទាំងនោះសុំសិទ្ធិធ្វើនយោបាយទៅវិញ។

ហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី មិនចង់ឱ្យអតីតមន្ត្រីទាំង១១៨នាក់សុំសិទ្ធិធ្វើនយោបាយឡើងវិញ? តើអ្វីទៅជាមូលហេតុដែលទណ្ឌិត សម រង្ស៊ី ព្យាយាមភ្ជាប់ខ្លួនមកជាមួយអ្នកទាំង១១៨នាក់នោះ?

គេនៅចាំបានថា ទណ្ឌិត សម រង្ស៊ី គ្មានឈ្មោះនៅក្នុងបញ្ជីអតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង១១៨នាក់ដែលតុលាការបានហាមឃាត់សិទ្ធិធ្វើនយោបាយនោះទេ ហេតុដូច្នេះហើយបានជាទណ្ឌិតរូបនេះខិតខំបង្ហាញសកម្មភាព ដើម្បីភ្ជាប់ខ្លួនឱ្យមានការពាក់ព័ន្ធជាមួយអ្នកទាំង១១៨នាក់នោះផង ជាមួយលោក គង់ គាំ ផង ជាមួយលោក កឹម សុខា ផង និងខិតខំតែងតាំងខ្លួនឯងជាប្រធានស្តីទីអតីតបក្សប្រឆាំងដោយគ្មានសមាជិកគាំទ្រផង។ មិនតែប៉ុណ្ណោះ ទណ្ឌិតរូបនេះខិតខំញុះញង់ឱ្យអតីតថ្នាក់ដឹកនាំទាំងនោះកុំដាក់ពាក្យស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ប្រយោជន៍កុំឱ្យខ្លួនគាត់ក្លាយទៅជាជនឯកោ។ ម៉្យាងទៀត ទណ្ឌិត សម រង្សី បានដឹងយ៉ាងច្បាស់ថាខ្លួនកំពុងបាត់បង់នូវការគាំទ្រពីអតីតថ្នាក់ដឹកនាំរបស់ខ្លួន ដូច្នេះហើយ គាត់មានអារម្មណ៍មិននឹងនរ និងមិនទុកចិត្តអ្នកទាំង១១៨នាក់នោះយ៉ាងពិតប្រាកដ ហើយកំពុងភិតភ័យ ខ្លាចពួកគេចាកចោលខ្លួនឲ្យនៅតែលតោលម្នាក់ឯង ។

មកដល់ពេលនេះ សេរីភាពនៃការស្តារនីតិសម្បទាខាងនយោបាយរបស់អ្នកនយោបាយដែលត្រូវបានហាមឃាត់ដោយច្បាប់បានបើកទូលាយហើយ ទ្វារបានបើកចំហហើយ អ្នកនយោបាយណាចង់បានសិទ្ធិធ្វើនយោបាយឡើងវិញ អាចមានសិទ្ធិស្នើសុំបានដោយសេរី។ តែបើអ្នកនយោបាយនោះមិនចង់ទទួលបានទេក៏ជាសិទ្ធិរបស់បុគ្គលម្នាក់ៗដែរ។ ដូច្នេះរឿងនេះគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ។

សាធារណៈមតិជាតិ និងអន្តរជាតិក៏អាចវាយតម្លៃបានដែរថា ការសម្រេចចិត្តមិនស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតអ្នកនយោបាយដែលត្រូវហាមឃាត់ លែងជាការចោទប្រកាន់ចំពោះរាជរដ្ឋាភិបាលថាជាអ្នករឹតត្បិតចំពោះសេរីភាពនៃការធ្វើនយោបាយចំពោះក្រុមប្រឆាំងទៀតហើយ។ ការមិនស្នើសុំនីតិសម្បទាខាងនយោបាយឡើងវិញរបស់អតីតអ្នកនយោបាយប្រឆាំង អាចជាការឆោតល្ងង់ទៅវិញទេ ព្រោះក្រុមរបស់គេគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំកសាងកម្លាំងគណបក្សថ្មីរបស់គេ ដើម្បីត្រៀមខ្លួនចូលក្នុងការប្រកួតប្រជែងការបោះឆ្នោតនៅអាណត្តិក្រោយៗទៀតឡើយ។

ជារួម អ្វីដែលទណ្ឌិត សម រង្ស៊ី ខិតខំធ្វើសកម្មភាពនៅពេលនេះគឺដើម្បីតែមហិច្ឆិតាអំណាចរបស់ខ្លួនប៉ុណ្ណោះ ព្រោះ សម រង្ស៊ី ចង់ធ្វើជានាយករដ្ឋមន្ត្រីយូរមកហើយ ប៉ុន្តែមហិច្ឆិតានេះគឺបានតែនៅក្នុងក្តីស្រមៃ និងក្នុងស្រមោលតែប៉ុណ្ណោះ។ ការគម្រាមនិងចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី ចំពោះអតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលមានបំណងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅពេលនេះ គឺបង្ហាញពីភាពភ័យខ្លាចនៅឯកោ និងការបញ្ចប់ជីវិតនយោបាយរបស់ខ្លួនយ៉ាងប្រាកដ។ ភាពឯកោរបស់ទណ្ឌិត សម រង្សី នឹងបង្ហាញប្រាប់សាធារណៈមតិនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ តាមរយៈការដាក់ពាក្យស្នើសុំនិតិសម្បទាធ្វើនយោបាយឡើងវិញ របស់អតីតថ្នាក់ដឹកនាំបក្សប្រឆាំងជាបន្តបន្ទាប់ជាមិនខាន៕

ដោយ៖ សួន ចំរើន

អត្ថបទទាក់ទង