ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន៖ ការលើកស្ទួយប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវឈរលើគោលការណ៍ស្មើមុខនិងស្មើសិទ្ធិគ្នា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1337
    ទស្សនៈមិត្តអ្នកអាន៖ ការលើកស្ទួយប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវឈរលើគោលការណ៍ស្មើមុខនិងស្មើសិទ្ធិគ្នាទស្សនៈមិត្តអ្នកអាន៖ ការលើកស្ទួយប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវឈរលើគោលការណ៍ស្មើមុខនិងស្មើសិទ្ធិគ្នា

    ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្លងកាត់ទីក្រុងភ្នំពេញ និងខេត្តកណ្តាលកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញគោលជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការរក្សានូវឯករាជ្យភាព និងភាពជាម្ចាស់ប្រទេស ដោយអះអាងថានឹងទប់ទល់ជាមួយនឹងការដាក់គំនាបសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក បើទោះបីជាពួកប្រតិកិរិយាទាំងនោះត្រៀមអនុវត្តចំពោះកម្ពុជាយ៉ាងអយុត្តិធម៌ ដើម្បីតែផលប្រយោជន៍កាន់កាប់ខាងភូមិសាស្ត្រនយោបាយរបស់ខ្លួនក្តី។ ស្ថានការណ៍ពេលនេះ ត្រូវបានគេមើលឃើញថា ក្រុមប្រទេសទាំងនេះ បានចាប់យកយុទ្ធវិធីដដែលៗ ច្បាមយកប្រៀបឈ្នះខាងភូមិសាស្ត្រនយោបាយនៅពេលដែលក្រុមនេះ បានមើលឃើញពីឥទ្ធិពលនៃមហាអំណាចចិនបានវាយលុកខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍។

    តាមពិត ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសនោះគឺគ្រាន់តែចង្អុលបង្ហាញពីការដែលសភាពការណ៍អាចនឹងវិវត្តនាពេលខាងមុខប៉ុណ្ណោះ ព្រោះថាប្រសិនបើមានការដកហូតប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុបមែននោះ គឺសហគមន៍អឺរ៉ុបនឹងបង្កើតកំហុសដោយខ្លួនឯងម្តងទៀតជាមិនខាន។ ប៉ុន្តែ ក្រុមប្រឆាំងបែរជានាំគ្នាបំភ្លៃពីទស្សនៈពិតប្រាកដរបស់លោកនាយករដ្ឋមន្ត្រីទៅវិញ។ ម្យ៉ាងទៀត សហគមន៍អឺរ៉ុប មិនត្រូវយករឿងនយោបាយរបស់ក្រុមប្រឆាំង ដែលបានប្រព្រឹត្តខុសច្បាប់គន្លងមក មកលាយឡំជាមួយនឹងកញ្ចប់ដែលពួកគេហៅថាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងការចរចានោះឡើយ។ លក្ខខណ្ឌ ៥ចំណុចដែលក្រុមប្រឆាំងលើកឡើង ដើម្បីឱ្យសហគមន៍អឺរ៉ុបយកមកដោះស្រាយនោះគឺគ្មានឥទ្ធិពលចំពោះការដោះលែងក្រុមជនដែលបានប្រព្រឹត្តកំហុស ដោយគ្មានការកាត់ទោសនោះទេ។

    កាលពីអតីតកាល សហភាពអឺរ៉ុប និងក្រុមបស្ចឹមប្រទេស ធ្លាប់បានសាងនូវកំហុសឆ្គងមកលើប្រជាជនកម្ពុជាចំនួន២ដងរួចមកហើយ ដែលនាំឱ្យប្រជាជនកម្ពុជាមានការឈឺចាប់យ៉ាងខ្លាំង ដូច្នេះក្នុងសម័យសុខសន្តិភាពបច្ចុប្បន្ននេះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មិនត្រូវសាងនូវកំហុសដដែលនេះជាលើកទី៣ឡើយ។ បច្ចុប្បន្ន កម្ពុជាបានអនុវត្តតាមលទ្ធិប្រជាធិបតេយ្យយ៉ាងខ្ជាប់ខ្ជួន និងកសាងប្រទេសមួយដែលកំពុងវិវត្តទៅមុខប្រកបដោយនីតិរដ្ឋ។ ភាពរីកចម្រើនទាំងនេះ ក៏មានការចូលរួមចំណែករបស់សហភាពអឺរ៉ុបផងដែរ ប៉ុន្តែសហភាពអឺរ៉ុបខ្លួនឯងក៏ត្រូវគិតថា តើគួររក្សាសមិទ្ធផលដែលខ្លួនបានជួយកសាង ហើយបន្តជំរុញដំណើរការកែលម្អស្ថានការណ៍ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែល្អ លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែល្អប្រសើរ ឬក៏ត្រូវតែបង្អាក់ និងបំផ្លាញត្រឹមប៉ុណ្ណេះ?

    ជាការពិត រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ក្នុងភាពស្មើមុខ និងស្មើសិទ្ធិជាមួយគ្រប់មិត្តអន្តរជាតិទាំងអស់។ ប៉ុន្តែ ការគម្រាមដាក់ទណ្ឌកម្ម ឬការសម្លុតថានឹងដកភាពអនុគ្រោះនេះ ឬអនុគ្រោះនោះ វាជាការបង្ហាញឱ្យឃើញពីការមើលស្រាលរបស់បរទេសចំពោះប្រជាជាតិមួយដែលមានអធិបតេយ្យជាតិរបស់ខ្លួន។ ប្រការនេះក្នុងនាមកម្ពុជាជារដ្ឋអធិបតេយ្យមួយមិនអាចទទួលយកបានឡើយ។ ប្រជាជនកម្ពុជា មិនចង់បានសភាពការណ៍បែបនេះនោះទេ។ ប៉ុន្តែ យើងគ្រាន់តែចង់បានថាកម្ពុជាគឺជាប្រទេសមួយដែលឯករាជ្យ ដែលមានសិទ្ធិអនុវត្តច្បាប់ក្នុងប្រទេសខ្លួនបាន និងជាប្រទេសមួយដែលមានចំណងមិត្តភាព និងសាមគ្គីភាពជាមួយប្រទេស ជាច្រើននៅលើពិភពលោកប៉ុណ្ណោះ។

    ទោះជាយ៉ាងណា សារនយោបាយចុងក្រោយរបស់ប្រមុខរាជរដ្ឋាភិបាល គឺជាគោលជំហរគន្លឹះចំពោះសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកសម្រាប់គិតពិចារណា ហើយផ្លូវដែលប្រសើរនោះគឺប្រទេសបស្ចឹមលោកទេ ដែលត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបន្តលើកស្ទួយប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ នៅកម្ពុជា ដោយឈរលើគោលការណ៍ស្មើមុខ និងស្មើសិទ្ធិគ្នា៕

    ដោយ៖ សួន ចំរើន

    អត្ថបទទាក់ទង