ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-ចិន ពង្រឹងនូវទំនាក់ទំនងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនៃប្រទេសទាំងពីរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1647
    កម្ពុជា-ចិន ពង្រឹងនូវទំនាក់ទំនងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនៃប្រទេសទាំងពីរកម្ពុជា-ចិន ពង្រឹងនូវទំនាក់ទំនងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនៃប្រទេសទាំងពីរ

    នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង។ លោក លី ខឺឈាង បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបំពេញទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ក៏ដូចជាគណៈប្រតិភូនៅក្នុងប្រទេសចិន។ លោកបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិនក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនង ទ្វេភាគីកម្ពុជា-ចិន។ លោក បានមានប្រសាសន៍ផងដែរថា លោកបាន អញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ ដែលដំណើរទស្សនកិច្ចនោះមិនត្រឹមតែ ជាដំណើរទស្សនកិច្ចផ្លូវការ នោះទេតែក៏បានចូលរួមប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គផងដែរ។ លោក បានគូសបញ្ជាក់ថា លោកបានជំរុញនូវកិច្ចទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

    ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមកប្រទេសចិននាពេលនេះ គឺដើម្បីពង្រឹង ទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រទេស ទាំងពីរផងដែរ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដំណើរ ទស្សនកិច្ចរបស់លោក លី ខឺឈាង កាលពីឆ្នាំ២០១៨ គឺបានចូលរួមចំណែក ពង្រឹងនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

    លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏បានលើកឡើងបញ្ហាពាក់ព័ន្ធនឹង ការបោះឆ្នោតនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅផងដែរ។ លោក បានសម្តែងការអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទទួលបានគាំទ្របោះឆ្នោតជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី។ កិច្ចសហការរវាងចិន និងកម្ពុជា គឺជាការគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងការអបអរសាទរចំពោះខួប៤០ឆ្នាំ នៃការដាក់ចេញនយោបាយ កែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន រហូតប្រែក្លាយប្រទេសទៅជាមហា អំណាចសេដ្ឋកិច្ចទី២ លើពិភពលោក។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបនាយករដ្ឋមន្ត្រីចិនពី ស្ថានភាពនយោបាយ និងសង្គមនៅកម្ពុជា។ លោក បានលើកឡើងថា ស្ថានការណ៍នយោបាយ និងបញ្ហាសង្គមនៅកម្ពុជាមានភាពល្អប្រសើរ ជាពិសេសកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨ រក្សាកំណើនប្រមាណ ៧ភាគរយ ជាមួយការធ្វើកំណែទម្រង់ជាច្រើន។ ពេលនេះ កម្ពុជា បាននិងកំពុងបន្ត អនុវត្តន៍នូវអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោត។ ជាពិសេសការផ្តល់នូវកិច្ចគាំពារសង្គម។ លោក ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលសំខាន់នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រធានាធីបតី ស៊ី ជីនពីង គឺការផ្តល់កូតានាំអង្ករកម្ពុជាចូលប្រទេសចិនពី ៣០ម៉ឺនតោន ទៅ៤០ម៉ឺនតោន។ លោកបានបន្តថា ការបង្កើនកូតានេះ គឺជាការឆ្លើយតបផ្នែកនយោបាយយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា និងប្រទេសដទៃទៀតផងដែរ។

    ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសេរី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យភាគីទាំងពីរពិនិត្យ និងសិក្សាទៅលើបញ្ហានេះ។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យចិនបន្តនាំចូលផលិតផល និងកសិផលកសិកម្មរបស់កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតលើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន ប្រទេសចិនជាទីផ្សារដ៏ធំមួយនៅលើពិភពលោក។ ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ ក៏ដូចជាវិស័យផ្សេងៗ ទៀត នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណមិត្តចិន ដែល បានជួយកម្ពុជា នាពេលកន្លងមក ហើយលោក ក៏បានស្នើឱ្យចិនបន្តជួយ លើវិស័យនេះ បន្ថែមទៀត។ លោក បានស្នើចិនជួយជួសជុលប្រាសាទ បុរាណនៅកម្ពុជា ហើយអរគុណដល់ចិន ដែលបានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ដែលបច្ចុប្បន្នមាននិស្សិតកម្ពុជាជិត ២ពាន់នាក់កំពុង សិក្សានៅក្នុង ប្រទេសចិន។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការចូលចតរបស់ នាវារបស់ចិន ដែលបានចូលចតនៅខេត្តព្រះសីហនុចំនួន៣ លើកនៅក្នុង ឆ្នាំ២០១៨កន្លងទៅ។ លោក ក៏បានអរគុណលោក លី ខឺឈាង ចំពោះការ ផ្តល់ជំនួយ ៨៤០លានយ័នសម្រាប់វិស័យយោធានាពេល កន្លងទៅនេះ។ លោក បានបង្ហាញការចង់ឃើញរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បន្តជួយដល់វិស័យផ្សេងៗទៀត រួមទាំងវិស័យនគរបាលផងដែរ សម្រាប់ការ គ្រប់គ្រងសន្តិសុខផងដែរ៕

    អត្ថបទទាក់ទង