ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកសារ 2044

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។

    អនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល របស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រល) នៃក្រសួងពាណិជ្ជកម្ម ពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ។

    អនុក្រឹត្យបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល នៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគីច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត។ ក្នុងករណីចាំបាច់ដែលត្រូវការជំនាញឯកទេស ជាក់លាក់ក្នុងការត្រួតពិនិត្យ ស្របតាមគោលការណ៍គ្រប់គ្រងហានិភ័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចស្នើសុំកិច្ចសហការពីស្ថាប័នឯកទេសផ្សេងទៀត ក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ស្របតាមការកំណត់នៃលិខិតបទដ្ឋានជាធរមាន។

    សូមជម្រាបថា ក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ប្រមាណជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីរនេះ ត្រូវដកចោលទាំងអស់។

    ការសម្រេចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកនាំចេញ នាំចូលដែលកំពុងតែប្រកបរបររកស៊ីនៅកម្ពុជា ថាបានជួយសំរួលដល់ការធ្វើធុរកិច្ច និងកាត់បន្ថយការចំណាយ រួមទាំងពេលវេលាផងដែរ ៕

    អត្ថបទទាក់ទង