ខ្មែរប៉ុស្ដិ៍ Close

ការប្រកួតស្រូវល្អបំផុតលើកទី ៣ ប្រចាំកម្ពុជា បានរកឃើញម្ចាស់ជ័យលាភីហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1328
ការប្រកួតស្រូវល្អបំផុតលើកទី ៣ ប្រចាំកម្ពុជា បានរកឃើញម្ចាស់ជ័យលាភីហើយការប្រកួតស្រូវល្អបំផុតលើកទី ៣ ប្រចាំកម្ពុជា បានរកឃើញម្ចាស់ជ័យលាភីហើយ

«លទ្ធផលជ័យលាភី នៃការប្រកួតស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា» រួមមាន៖

– ស្រូវផ្ការំដួល បានទៅលើសហគមន៍ស្វាយរន្ធអមត:ស្រូវពូជ ខេត្តតាកែវ
– ស្រូវសែនក្រអូប បានទៅលើសហគមន៍ជ្រៃសាមគ្គីបង្កើនផល ខេត្តបាត់ដំបង
– ស្រូវអ៊ីអ៊ែរ បានទៅលើសហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា ខេត្តកំពង់ឆ្នាំង

សហគមន៍ដែលបានជ័យលាភី ទទួលបានម៉ាស៊ីនដាំគ្រាប់ស្រូវ (Eli Seeders) ម្នាក់១គ្រឿង សរុបជាទឹកប្រាក់ប្រមាណ ១៥លានរៀល ពីសហព័ន្ធស្រូវអង្ករកម្ពុជានិងសមាជិកសមាជិកា។

គោលបំណងដែលសហព័ន្ធស្រូវអង្ករកម្ពុជារៀបចំការប្រកួតស្រូវល្អបំផុតលើកទី៣ធ្វើឡើងដើម្បី៖
១) ស្វែងរកសហគមន៍ដែលបានផលិតស្រូវ មានគុណភាពល្អបំផុតប្រចាំកម្ពុជា នៅក្នុងឆ្នាំ២០១៨ ដោយទទួលបាននូវពានរង្វាន់លើកទឹកចិត្តពីសហព័ន្ធស្រូវអង្ករកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។
២) លើកទឹកចិត្តដល់សហគមន៍កសិករទាំងអស់ ឱ្យបន្តខិតខំអភិវឌ្ឍន៍សហគមន៍របស់ខ្លួន ដើម្បីក្លាយជាសហគមន៍គំរូប្រចាំប្រទេសកម្ពុជា និងសហគមន៍ដែលផលិតស្រូវចំតម្រូវការទីផ្សារ។
៣) ពង្រឹង និងពង្រីកការទំនាក់ទំនងរវាងសហគមន៍ និងភាគីពាក់ព័ន្ធនៅក្នុងខ្សែចង្វាក់ផលិតកម្ម ស្រូវអង្ករកម្ពុជា ជាពិសេសរវាងសមាជិកសហព័ន្ធ ដែលមានទាំងក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិករ។

កម្មវិធី «ប្រកួតស្រូវល្អបំផុតលើកទី៣ប្រចាំកម្ពុជា» និងរៀបចំពិធីអបអរសារទរកម្ពុជា ទទួលបានពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន៤លើក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានសហការជាមួយសមាជិកសមាជិកា រៀបចំកម្មវិធីអបអរសាទរកម្ពុជាទទួលពានរង្វាន់អង្ករល្អបំផុតពិភពលោកចំនួន៤លើក ជាពិសេសឆ្នាំ២០១៨ថ្មីៗនេះ កម្ពុជាទើបតែទទួលបាននូវពានរង្វាន់នេះផងដែរ។

ក្នុងកម្មវិធីអបអរសាទរពានរង្វាន់អង្ករពិភពលោកនេះ សហព័ន្ធបានអញ្ជើញតំណាងអ្នករៀបចំកម្មវិធីប្រកួតអង្ករពិភពលោក The Rice Traders (TRT) ចូលរួមជាភ្ញៀវកិត្តិយស និងប្រគល់នូវវិញ្ញាបនបត្របញ្ជាក់កម្ពុជាទទួលបានពានរង្វាន់អង្ករល្អបំផុតពិភពលោកចំនួន៤លើកផងដែរ។

កម្មវិធីទាំងពីរខាងលើ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា និងដៃគូអភិវឌ្ឍន៍៕

អត្ថបទទាក់ទង