ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិន្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី យកអធិបតេយ្យជាតិដាក់លក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1743
    ទស្សនៈមិន្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី យកអធិបតេយ្យជាតិដាក់លក់ទស្សនៈមិន្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី យកអធិបតេយ្យជាតិដាក់លក់

    ទីបំផុត ទណ្ឌិត សម រង្ស៊ី បានយកអធិបតេយ្យជាតិដាក់លក់ឱ្យបរទេស ដើម្បីចង់បានការផ្លាស់ប្តូរ អំណាចតាមគំរូដូចនៅប្រទេសវ៉េណេស៊ុយអេឡា ដែលជាទង្វើក្បត់ជាតិ ក្បត់នឹងរដ្ឋធម្មនុញ្ញ។ ទណ្ឌិត សម រង្ស៊ី បានស្រែកបន្ទរតាមបរទេសមួយចំនួន ដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ដោយបានលើកករណីលោក កឹម សុខា ថា ត្រូវតែដោះស្រាយជាបន្ទាន់។

    ទណ្ឌិត សម រង្ស៊ី គួរបានយល់ដឹងថា ប្រទេសរបស់ខ្លួនជារដ្ឋអធិបតេយ្យដែលក្នុងគោលការណ៍នៃច្បាប់អន្តរជាតិ ពិសេសក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ពិភពលោក (the World Order) គឺអធិបតេយ្យជាតិនៃរដ្ឋនីមួយៗ គួរត្រូវទទួលបានការគោរពទៅវិញទៅមក។

    ជាការពិតករណីរបស់លោក កឹម សុខា ជាការពិតមិនឋិតនៅក្នុងដែនអំណាចរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ តែវាជាករណីដែលកំពុងឋិតនៅក្នុងនីតិវិធីរបស់តុលាការកម្ពុជា ដែលមានសិទ្ធិអំណាចនឹងសម្រេចមានទោស ឬគ្មានទោស ក្នុងអំណាចសាលក្រមមួយ ក្នុងដែនយុត្តាធិការរបស់ខ្លួនយ៉ាងប្រាកដ។ ហើយការលើកលែងទោសណាមួយ នឹងអាចកើតឡើងទៅបាននោះ គឺជាសិទ្ធិអំណាចរបស់អំណាចនីតិប្រតិបត្តិ ដែលមានលោក ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល។ ជាការពិតនេះ វាជាក្រិត្យក្រមតាមអំណាចផ្លូវច្បាប់របស់ប្រទេសកម្ពុជា ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល។
    ក្នុងករណីនេះ រាជរដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃជ្រៀតជ្រែកចូលកិច្ចការរបស់តុលាការកម្ពុជាបាននោះទេ បើពុំនោះ វានឹងង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងជាការរំលោភទាំងស្រុងទៅនឹងអំណាចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។

    ការណ៍ចាប់បង្ខំឱ្យរដ្ឋាភិបាលកម្ពុជាត្រូវធ្វើនេះ ធ្វើនោះ ពិសេសការប្រើប្រាស់ឥទ្ធិពលបរទេស ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលឱ្យទម្លាក់ចោលការចោទប្រកាន់ប្រឆាំងលោក កឹម សុខា នោះ គឺជាការបង្ខំឱ្យ រដ្ឋាភិបាលកម្ពុជារំលោភអំណាចរបស់តុលាការ ពិសេស សំណើបែបនេះ ពិតជាការរំលោភទាំងស្រុងទៅនឹងអធិបតេយ្យជាតិរបស់កម្ពុជា។

    ជាការពិត អធិបតេយ្យជាតិកម្ពុជាមិនគួរត្រូវបានទណ្ឌិត សម រង្ស៊ី យកទៅដាក់លក់ ក្នុងចេតនាទុច្ចរិតចង់បានការផ្លាស់ប្តូរអំណាចតាមគំរូបប្រទេសវ៉េណេស៊ុយអេឡានោះទេ។ ការជ្រៀតជ្រែកពីបរទេសចូលលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាគឺស្មើនឹងអំពើឈ្លានពានឯករាជ្យ និងអធិបតេយ្យជាតិកម្ពុជាទាំងស្រុង។ ដូច្នេះ ករណីរបស់លោក កឹម សុខា គឺ រដ្ឋាភិបាលកម្ពុជាមិនអាចរំលោភលើអំណាចតុលាការ ដែលជាស្ថាប័នឯករាជ្យរបស់ប្រទេស បានឡើយ។ បើពុំនោះទេ ប្រទេសកម្ពុជានឹងបង្កើតឱ្យមានវប្បធម៌និទណ្ឌភាព ដែលនឹងជំរុញអឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងប្រទេសគ្មាននីតិរដ្ឋ ហើយប្រជាធិបតេយ្យនឹងក្លាយទៅជាប្រជាធិបតេយ្យបែបអាណាធិបតេយ្យដែលមិនអាចគ្រប់គ្រងរដ្ឋ៕

    ដោយ៖ ឡុង បូរិតា

    អត្ថបទទាក់ទង