ខ្មែរប៉ុស្ដិ៍ Close

សម្តីរបស់ទណ្ឌិត សម រង្ស៊ី ប្រកាសចាប់សម្តេចតេជោ ហ៊ុន សែន គឺជាសម្តីប្រមាថជាតិខ្មែរ និងជាមេភេរវករនយោបាយបំផ្លាញជាតិ និងប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1092
សម្តីរបស់ទណ្ឌិត សម រង្ស៊ី ប្រកាសចាប់សម្តេចតេជោ ហ៊ុន សែន គឺជាសម្តីប្រមាថជាតិខ្មែរ និងជាមេភេរវករនយោបាយបំផ្លាញជាតិ និងប្រជាជនកម្ពុជាសម្តីរបស់ទណ្ឌិត សម រង្ស៊ី ប្រកាសចាប់សម្តេចតេជោ ហ៊ុន សែន គឺជាសម្តីប្រមាថជាតិខ្មែរ និងជាមេភេរវករនយោបាយបំផ្លាញជាតិ និងប្រជាជនកម្ពុជា

ទណ្ឌិត សម រង្ស៊ី ពិតជាកំពុងស្ថិតក្នុងសេចក្តីអស់ សង្ឃឹមកាន់តែខ្លាំង ខណៈអ្វីៗដែលខ្លួនព្យាយាមបំប៉ោង បំភ្លៃ បំផ្លើស និងបំភ័ន្តលាបពណ៌ខុសពីការពិតលើស្ថានការណ៍នយោបាយ​ សេដ្ឋកិច្ចសង្គមរបស់កម្ពុជាដើម្បីទាញយកការចាប់អារម្មណ៍មកលើខ្លួនមិនទទួលបានផល ហើយខិតខំធ្វើអ្វីៗទាំងអស់ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ទោះបីជាធ្វើនយោបាយមិនសុចរិតភាព និងគ្មានភាពថ្លៃថ្នូរជាមនុស្សក៏ដោយ។ តម្លៃជីវិតនយោបាយរបស់ សម រង្ស៊ី នៅពេលនេះមានត្រឹមតែថា តើហ៊ានវិលត្រឡប់មកកម្ពុជាវិញ ឬមិនហ៊ានតែប៉ុណ្ណោះ ខណៈខ្លួនបានប្រកាសថា នឹងវិលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ ២០១៩។

សម រង្ស៊ី បានសន្យាថា វិលមកកម្ពុជាទៀតហើយ និងបានដំឡើងសំឡេងអួតក្អេងក្អាងប្រាប់អ្នកគាំទ្ររបស់ខ្លួនមួយដំបរស្វាថា៖ «ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩ នេះគឺមិនមែនឱ្យ​ ហ៊ុន សែន ចាប់ខ្ញុំទេ តែប្រជារាស្ត្រខ្មែររាប់លាននាក់នឹងងើបឈរឡើងដើម្បីទៅចាប់ ហ៊ុន សែន វិញយកទៅកាត់ទោសពីបទក្បត់ ជាតិ»។ ហេតុអ្វីបានជា សម រង្ស៊ី ព្រហើនហ៊ានប្រកាសចាប់សម្តេចតេជោ ហ៊ុន សែន ទៅវិញ ខណៈសមត្ថកិច្ចក៏បានត្រៀមរួច ខ្នោះនិងគុកក៏បានរៀបចំហើយ រីឯខ្លួនឯងច្បាស់នៅក្នុងចិត្តថាមិនហ៊ានមកកម្ពុជាផង?

សម្តីបែបខ្លាក្រដាសរបស់ សម រង្ស៊ី គឺគ្រាន់តែជាសម្តីលួងចិត្តខ្លួនឯង និងលួងចិត្តអ្នកគាំទ្ររបស់ខ្លួន ដើម្បីរៃអង្គាសលុយជួយទប់ចំណាយក្រុមខ្លួនប៉ុណ្ណោះ ប៉ុន្តែបើហ៊ានចូលមកកម្ពុជាវិញមែន សម រង្ស៊ី ទំនងមិនទាន់បានធ្វើអ្វីផង គ្រាន់តែឈានជើងជាន់ដីខ្មែរភ្លាមអាចសមត្ថកិច្ចវៃខ្នោះ និងគុករួចបាត់ទៅហើយ។ ប៉ុន្តែនៅពីក្រោយទង្វើនិងសម្តីរបស់ សម រង្ស៊ី នេះបានបង្កប់នូវចរិតដ៏ពិសពុល នៃជនក្បត់ជាតិតត្រកូលពីឪពុកដល់កូន និងបានបង្ហាញកាន់តែច្បាស់ សម រង្ស៊ី គឺជាសត្រូវប្រជាជន សត្រូវសន្តិភាព និងជាសត្រូវនៃការអភិវឌ្ឍ ហើយជាមេក្លោងបដិវត្តន៍ពណ៌ដ៏សំខាន់ម្នាក់ ដែលត្រូវប្រឈមចំពោះមុខច្បាប់នូវរាល់ទង្វើល្មើសច្បាប់ ចង់ឡើងគ្រប់គ្រងអំណាច និងដឹកនាំប្រទេសតាមមធ្យោ បាយមិនប្រជាធិបតេយ្យបដិវត្តន៍ពណ៌ដែល សម រង្ស៊ី និងគូកន បានធ្វើចាប់ពីឆ្នាំ ២០១១មក។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១១ សម រង្ស៊ី ដែលកាលនោះជាប្រធាន​គណបក្ស​ សម រង្ស៊ី​ បាន​ទៅ​ដល់​ទីក្រុងទូនីស ប្រទេស​ទុយណេស៊ី ​រយៈពេល​៣ ថ្ងៃដើម្បី​ស្វែង​យល់​អំពី​បដិវត្ត​ន៍ ផ្កា​ម្លិះ​និងដើម្បី​រៀបចំ​កម្លាំង​បដិវត្ត​ន៍ប្រជាជន​នៅ​កម្ពុជា។ នៅឆ្នាំ២០១៣ ទាំងសម រង្ស៊ី និង កឹម សុខា ក្រោមការបង្រួមកម្លាំងគ្នារបស់អាមេរិកឪបក្សប្រឆាំងនៅកម្ពុជានោះ បានអនុវត្តផែនការបដិវត្តន៍ពណ៌ពេញបន្ទុកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញជាតិ និងប្រជាជនកម្ពុជា។​

ផែនការបដិវត្តន៍ពណ៌នៅឆ្នាំ ២០១៣ ត្រូវបានបរាជ័យយ៉ាងអាម៉ាស់បំផុត រហូតដល់ចារកម្មអាមេរិកបានលាន់មាត់ថា «កម្ពុជាជាប្រទេសតូចមែន ប៉ុន្តែខួរក្បាលធំ អាចបំបែកផែនការបដិវត្តន៍ពណ៌ដែលមិនដែលបរាជ័យម្តងណាឡើយ ចាប់តាំងពីអនុវត្តផ្លាស់ប្តូរមេដឹកនាំប្រទេស ដែលអាមេរិកមិនចូលចិត្តតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ នៅតាមបណ្តាប្រទេសសហភាពសូវៀត»។ ពួកគេបានកំណត់យកជោគជ័យចុងក្រោយនៅឆ្នាំ ២០១៨ ប៉ុន្តែសំណាងល្អរបស់កម្ពុជា ទាំងផែនការ បដិវត្តន៍ពណ៌រួមនឹងគណបក្សសង្គ្រោះជាតិ អង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយនិងមេក្លោង កឹម សុខា ​ត្រូវបានចាប់ខ្លួន ហើយក្រុមជនក្បត់ជាតិមួយចំនួនបានរត់ចោលស្រុករាប់ទាំងទណ្ឌិតសម រង្ស៊ីផងដែរ។ ឥឡូវនេះ សម រង្ស៊ី ក៏កំពុងតែជ្រួល​ច្របល់ និងស្រើបស្រាលជាថ្មីម្តងទៀតក្នុងការបំផ្លាញកម្ពុជា តាមរយៈបដិវត្តន៍ពណ៌ដោយយកតាមគំរូប្រទេសវេណេស៊ុយអេឡា បច្ចុប្បន្នដែលបង្ហាញពីភាពអត់សណ្តាប់ធ្នាប់របស់ពិភពលោក។

ទាំងសកម្មភាពនិងសម្តីរបស់ សម រង្ស៊ី ដែលថា នឹងចាប់សម្តេចតេជោ ហ៊ុន សែន គឺជាសម្តីប្រមាថជាតិខ្មែរទាំងមូល និងជាជនរំលោភច្បាប់ ហើយជាមេភេរវករនយោបាយបំផ្លាញជាតិ និងប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីដែលកើតចេញពីការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីរបស់រាស្ត្រ ម្ចាស់ឆ្នោតជាង ៧០%ក្នុងចំណោមពលរដ្ឋដែលបានអញ្ជើញ ទៅបោះឆ្នោតចំនួន ៨៣,០២% កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ ខណៈទណ្ឌិតសម រង្ស៊ី ដើរយុទ្ធ​សាស្ត្រខុសទៅជា «ដេកផ្ទះឈ្នះតែ ខ្លួនឯង»។

ដោយសារតែមិនអាចឈ្នះគណបក្សប្រជាជនកម្ពុជា និងមិនអាចឈ្នះសម្តេចតេជោ ហ៊ុន សែន បានតាមផ្លូវប្រជាធិបតេយ្យ សម រង្ស៊ី បានខិតខំញុះញង់អន្តរជាតិឱ្យផ្តាច់ជំនួយពីកម្ពុជា កុំទិញទំនិញកម្ពុជា និងកុំវិនិយោគនៅកម្ពុជាដែលជាការដើរវៃបំបែកឆ្នាំងបាយប្រជាជនកម្ពុជា។ បច្ចុប្បន្ននេះ សម រង្ស៊ីនិង គូកនមានឈ្មោះថាជាជើងឯកបំផ្លាញផលប្រយោជន៍ជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជន។ សម រង្ស៊ី បានខិតខំក្នុងការបំផ្លាញសន្តិភាពស្ថិរភាព និងការអភិវឌ្ឍដែលកម្ពុជារកមកបានដោយពិបាកនេះតាមរយៈ បដិវត្តន៍ពណ៌សារជាថ្មីម្តងទៀត។​ ហេតុដូច្នេះហើយបានជាទណ្ឌិត សម រង្ស៊ី ខិតខំប្រើគ្រប់ល្បិចទាញយក កម្ពុជាចូលទៅក្នុងសង្គ្រាម បំផ្លិចបំផ្លាញនិងចលាចលដូចពីអតីតកាល​ដែលពលរដ្ឋខ្មែរស្អប់ខ្ពើមបំផុត។ សម​ រង្ស៊ី ពិតជាបាននិងកំពុងតែដើរលើដានចាស់នៃក្រុមស្តាំនិយមជ្រុលដូចលន់ នល់ និងស៊ីសុវត្ថិ សិរីមតៈ ដែលឱនក្បាលបម្រើភូមិសាស្ត្រនយោបាយអាមេរិកដើម្បីប្តូរនឹងអំណាចដ៏ឆ្កួតលេលា។

ចំពោះមុខនៃការប្រមាថរបស់ សម រង្ស៊ី និងក្រុមជនក្បត់ជាតិមួយក្តាប់តូចចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមេដឹកនាំស្របច្បាប់របស់កម្ពុជា និងការប្រមាថទឹកចិត្តនិងការគាំទ្ររបស់ម្ចាស់ឆ្នោតជិតមួយប្រទេស ប្រជាពលរដ្ឋកម្ពុជា មិនអាចទទួលយកបានឡើយនិងបានត្រៀមខ្លួនរួចជាស្រេច ទោះក្នុងតម្លៃណាក៏ដោយ កម្ចាត់ចោលនូវសមាសភាពក្បត់ជាតិដូចក្រុម សម រង្ស៊ី នេះព្រោះជនក្បត់ជាតិរូបនេះពិតជាមនុស្សចង្រៃសម្រាប់ជាតិខ្មែរមែន។

គ្រួសារមានវិន័យ ប្រទេសមានច្បាប់ សមត្ថកិច្ចពិតជាមិនអនុញ្ញាតឱ្យក្រុមជនមួយក្តាប់តូច ធ្វើតាមអំពើចិត្ត បង្កចលាចល ប៉ះពាល់ដល់សន្តិសុខសណ្តាប់ សន្តិភាព និងការអភិវឌ្ឍដែលប្រជាជនកម្ពុជាកំពុងតែទទួលផលនៅពេលនេះឡើយ។ តែបើ សម រង្ស៊ី ហ៊ានវិលមកស្រុកវិញគឺអាចជាការរៀបចំនិងជំរុញរបស់បរទេសជាចៅហ្វា យនាយ របស់ពួកគេក្នុងបំណងបំផ្លាញសេចក្តីសុខរបស់កម្ពុជាតែប៉ុណ្ណោះ ព្រោះសម រង្ស៊ី គឺជាកូនអុករបស់បស្ចឹមប្រទេស ដែលគេនឹងមិនខ្លាចចំណាយឡើយ ដើម្បីបំផ្លាញកម្ពុជាដូចដែលពួកគេ បានធ្វើនៅអំឡុងឆ្នាំ ២០១៣។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ហើយថា ទោះក្នុងតម្លៃណាក៏ដោយត្រូវតែការពារសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយកម្រនេះឱ្យបានជាដាច់ខាត។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន​ធ្វើ​ការ​ព្រមាន​ខ្លាំងៗជាច្រើនដងរួចមកហើយ​ចំពោះ​ក្រុមអ្នកជំទាស់ទាំងអស់ កុំ​យក​គំរូ​បដិវត្តន៍ពណ៌​ឡើងកាន់អំណាចតាមមធ្យោបាយ មិនប្រជាធិបតេយ្យមក​អនុវត្ត​នៅ​កម្ពុជា ដោយ​ថានឹង​ធ្វើ​ការ​កម្ទេចចោលដោយមិនចាំបាច់រង់ចាំបទបញ្ជាឡើយ។

តើ សម រង្ស៊ី ហ៊ានអើតក្បាលមកជាន់ប្រទេសកម្ពុជាមកចាប់សម្តេចតេជោ ហ៊ុន សែន ​ដូចមាត់ថានោះទេ? ប្រជាពលរដ្ឋខ្មែរបានដឹងយ៉ាងច្បាស់ថា ទាល់តែយូរហ៎ស់បាន សម រង្ស៊ី ចូលមកកម្ពុជាវិញតាមការសន្យាព្រោះរហូតមកទល់ពេលនេះបទពិសោធន៍ ៥ ឆ្នាំរួចមកហើយដែល សម រង្ស៊ី សន្យាថាចូលស្រុក តែចាំបាត់ៗសូន្យដំណឹងឱ្យឈឹងដូចចោរលួចសេះ។ តែសម រង្ស៊ី សូមកុំភ្លេចសន្យានឹងករណីបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ថាតើកឹម សុខា នឹងត្រូវដោះលែងឬមិនដោះលែងនៅថ្ងៃទី៣ ខែមីនា ខាងមុខ ហើយឱសានវាទនឹងផុតនៅរយៈពេល២២ ថ្ងៃទៀតប៉ុណ្ណោះ។ ចៅចាក់ស្មុកសូមផ្តាំទៅសម រង្ស៊ី ថាលោកគ្មានតម្លៃសម្រាប់ជាតិខ្មែរទេ តែមានតម្លៃសម្រាប់ការអនុវត្តច្បាប់ ហើយលោកនឹងមិនអាចចាប់សម្តេច ហ៊ុន សែន បានឡើយ សូម្បីតែប៉ះរោម ក៏អ្នកគាំទ្រសម្តេចនិងគណបក្សប្រជាជនកម្ពុជាមិនឱ្យទណ្ឌិតដ៏ថោកទាបដូច សម រង្ស៊ី ប៉ះផង។ ពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកាសការពារជានិច្ចនូវមេដឹកនាំរបស់ខ្លួន ហើយប្រឆាំងនឹងជនក្បត់ជាតិដូច សម រង្ស៊ី នេះលុះក្ស័យ!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩

អត្ថបទទាក់ទង