ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «អំពើក្បត់ជាតិរបស់ សម រង្ស៊ី ទោះជាតិនេះឬជាតិក្រោយមិនអាចអត់ឱនអោយបាន!»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 887429
លិខិតមិត្តអ្នកអាន៖ «អំពើក្បត់ជាតិរបស់ សម រង្ស៊ី ទោះជាតិនេះឬជាតិក្រោយមិនអាចអត់ឱនអោយបាន!»លិខិតមិត្តអ្នកអាន៖ «អំពើក្បត់ជាតិរបស់ សម រង្ស៊ី ទោះជាតិនេះឬជាតិក្រោយមិនអាចអត់ឱនអោយបាន!»

បន្ទាប់ពីបានធ្វើអំពើក្បត់ប្រយោជន៍ជាតិ និងក្បត់ប្រជាជនរបស់ខ្លួនជាបន្តបន្ទាប់មក ឥឡូវនេះ សម រង្ស៊ី ដែលកំពុងមានទោសជាច្រើនជាប់នឹងខ្លួនបានបង្ហាញអំពើក្បត់ប្រយោជន៍ជាតិជាចំហ ម្តងទៀតតាមរយៈការអះអាងថា «ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបជាការត្រឹមត្រូវ»។ ប្រសិនបើ សម រង្ស៊ី មានឈាមជ័រជាខ្មែរ និងស្រឡាញ់ផលប្រយោជន៍ខ្មែរ គាត់ពិតជាមិនអាចហារមាត់ និយាយដូច្នេះកើតជាដាច់ខាត ពីព្រោះសម្តីបែបនេះគឺជាអំពើក្បត់ជាតិនិងក្បត់ប្រជាជនខ្លួនឯងយ៉ាងធ្ងន់ធ្ងរបំផុត។ សូម្បីជនបរទេសដែលកំពុងបោះទុន វិនិយោគនៅស្រុកខ្មែរក៏បានរួមគ្នាសរសេរលិខិតទៅសហភាពអឺរ៉ុបដើម្បីកុំឲ្យដក EBA ពីកម្ពុជាដែរពីព្រោះតែពួកគេយល់ឃើញថា ការធ្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ និងកសិករខ្មែរ។

តើសម រង្ស៊ី ចេះខ្មាសជនបរទេសទាំងនោះដែរឬទេ ដែលខ្លួនជាខ្មែរហើយបែរមកគាំទ្រការដាក់ទណ្ឌកម្មលើប្រទេស និងលើប្រជាជនរបស់ខ្លួន ថាជារឿងត្រឹមត្រូវ?

ជាការពិត កុំថាឡើយតែខ្មែរ សូម្បីជនបរទេសជាច្រើនក៏បានសម្តែងការហួសចិត្តប្រកបដោយការមាក់ងាយយ៉ាងខ្លាំងចំពោះ សម រង្ស៊ីដែលហ៊ានធ្វើអំពើក្បត់ជាតិជាចំហបែបនេះដែរ។

ទោះយ៉ាងណា វាពិតជាមិនចម្លែកទេសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅពីព្រោះយើងបានឃើញអំពើបែបនេះរបស់ សម រង្ស៊ី ជាហូរហែរ និងជាយូរយាណាស់មកហើយ។ ក្នុងមួយជីវិតរបស់ខ្លួន សម រង្ស៊ី មិនដែលគិតអ្វីក្រៅតែពីការចង់បានអំណាចដើម្បីសងសឹកដល់អ្នកនយោបាយជំនាន់មុន និងសងសឹកប្រជាពលរដ្ឋខ្មែរជួសឪពុកគាត់ដែលជាប់ចោទពីបទក្បត់ជាតិនោះឡើយ។

គេនៅចាំបានថា សម រង្ស៊ី បានធ្វើសកម្មភាពច្រើនណាស់ដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។ អំពើទាំងនោះ មានដូចជា៖

ទី១៖ ការធ្វើនយោបាយដោយយកប្រជាពលរដ្ឋជាឈ្នាន់៖ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលសុខចិត្តទទួលរងការលំបាកជំនួសប្រជាពលរដ្ឋអ្នកគាំទ្ររបស់ខ្លួនឡើយ។ ប៉ុន្តែ អ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃរូបនេះតែងយកប្រជាពលរដ្ឋធ្វើជាឈ្នាន់ឈោងចាប់អំណាច។ ជាក់ស្តែង ការញុះញង់ឲ្យពលរដ្ឋធ្វើបាតុកម្មហិង្សារហូតដល់មានការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឬមានអ្នកស្លាប់ និងអ្នករបួសដើម្បីគាត់អាចធ្វើអាជីវកម្មលើព្រឹត្តិការណ៍ដ៏សោកសៅនោះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ជាប់ឈ្មោះថា ជា «ដង្ខៅបាតុកម្ម» និងជាមនុស្សចង្រៃ ដៃភ្លើងជើងមាន់។

ទី២៖ ការធ្វើនយោបាយជាន់ពន្លិចជាតិសាសន៍ខ្លួនឯង៖ តាំងពីចេះធ្វើនយោបាយមក សម រង្ស៊ី មិនត្រឹមតែចាត់ទុកមេដឹកនាំរាជរដ្ឋាភិបាលជាសត្រូវប៉ុណ្ណោះទេ ប៉ុន្តែ ក៏ចាត់ទុក ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាសត្រូវរបស់ខ្លួនផងដែរ។

ជាក់ស្តែង ស្ទីលធ្វើនយោបាយរបស់គាត់គ្មានអ្វីប្រែប្រួលឡើយតាំងពីដើមរហូតដល់ឥឡូវ នោះគឺ ការមួលបង្កាច់ ជាន់ពន្លិចប្រទេសជាតិ និងប្រជាជនខ្លួនឯងនៅលើឆាកអន្តរជាតិព្រោះការធ្វើបែប នេះដោយគាត់រំពឹងថា បើ ប្រទេសជាតិធ្លាក់ដុនដាប ប្រជាជនលំបាកវេទនា គាត់នឹងមានលេសចោទលើគណបក្សកាន់អំណាចថា គ្មានសមត្ថភាពដឹកនាំប្រទេស។ ក្នុងន័យនេះ បើប្រទេសជាតិធ្លាក់ចុះកាន់តែខ្លាំង សម រង្ស៊ី កាន់តែសប្បាយចិត្ត និងទះដៃអបអរសាទរកាន់តែខ្លាំងពីព្រោះសុភមង្គលរបស់គាត់គឺពេលឃើញប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែររងទុក្ខវេទនាដែលជនជាតិបារាំងតែងតែនិយាយថា «Le Malheur de l’un fait le Bonheur de l’autre» ។

ទី៣៖ ការធ្វើនយោបាយដោយកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចជាតិ៖ សម រង្ស៊ី ស្ថិតក្នុងចំណោម មនុស្សតិចតួបបំផុតនៅលើ លោកនេះដែលចេញមុខជាចំហក្នុងការធ្វើនយោបាយបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិនិងយកប្រជាជនធ្វើជាចំណាប់ខ្មាំងដើម្បីអំណាចខ្លួននិងគំនំឈាម សងសឹកគ្រួសារដែលក្បត់ជាតិខណៈដែលអ្នកនយោបាយជាទូទៅ គេធ្វើដើម្បីជំរុញគារអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជន។ ជាក់ស្តែង សម រង្ស៊ី តើមាន ប៉ុន្មានរយដងហើយដែល សម រង្ស៊ី អំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើ ប្រទេសរបស់ខ្លួន? អ្នកនយោបាយរូបនេះមិន ដែលចេះធ្វើនយោបាយជួយរក ចំណូលជូនជាតិនិងជូនកម្មករ កសិករឡើយ ផ្ទុយទៅវិញ បេសកកម្មរបស់ សម រង្ស៊ី គឺបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិថប់ ឲ្យរេចរឹល និងឲ្យដុនដាប។ ប្រសិនបើឃើញថា ប្រទេសខ្លួនឯងមានដង្ហើមសេដ្ឋកិច្ចនៅត្រង់ណា សម រង្ស៊ី នឹងទៅបិទខ្ទប់នៅត្រង់នោះ។ ការអំពាវនាវឲ្យបរទេសកាត់ជំនួយ ឬកុំទិញទំនិញពីកម្ពុជា បានក្លាយជាអត្តសញ្ញាណរបស់ សម រង្ស៊ី ទៅហើយ។

ទី៤៖ ការធ្វើនយោបាយដោយកាត់ទឹកដីឲ្យបរទេស៖ គេនៅចងចាំមិនភ្លេចទេនូវជំនួបស្ងាត់ៗរវាងសម រង្ស៊ី និងមេដឹកនាំយួនសេរីឈ្មោះ កុកស។ សម រង្ស៊ី បានសន្យាថា បើសិនជាគណបក្សរបស់ខ្លួនឈ្នះឆ្នោត ខ្លួននឹងកាត់ដីមួយភាគដែលមាន ៤ខេត្តនៅភាគឥសានអោយទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា គ្រប់គ្រងដោយ ស្វ័យភាព។ តើមានអ្នកនយោបាយណាថ្លើមធំជាង សម រង្ស៊ី ដែលហ៊ានធ្វើរហូត សន្យាកាត់ទឹកដីប្រទេសខ្លួនឲ្យទៅបរទេស ព្រោះតែចង់បានអំណាច បែបនេះ? មានម្តងនោះ សម រង្ស៊ី បានទៅចាប់ដៃជាមួយជនជ្រុលនិយមថៃខណៈ ដែលក្រុមនេះកំពុងបង្កសង្គ្រាមឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរ។

ទី៥៖ ការធ្វើនយោបាយដោយ សុខចិត្តឱនក្បាលធ្វើជារណបបរទេស៖ តាំងពីចូលធ្វើនយោបាយមក សម រង្ស៊ី មិនដែលពឹងលើខ្លួនឯងម្តងណាឡើយ ប៉ុន្តែ អ្នកនយោបាយក្បត់ជាតិរូបនេះតែងយកមហាអំណាចបរទេស មកធ្វើជាខ្នងបង្អែករហូតដោយសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផ្គាប់ ចិត្តចៅហ្វាយនាយបរទេស ទោះត្រូវបំផ្លាញប្រយោជន៍ជាតិខ្លួនឯងយ៉ាងណាក៏ដោយ។ ការដឹកនាំធ្វើចលនាបដិវត្តន៍ពណ៌តែមិនបានសម្រេចតាមខ្សែញាក់របស់បរទេសកាលពីឆ្នាំ ២០១៣ គឺជាឧទាហរណ៍ជាក់ស្តែងមិនអាចប្រកែកបានឡើយ។

ទី៦៖ ករណី EBA ចុងក្រោយនេះគឺជាភស្តុតាងថ្មីមួយទៀតដែល បង្ហាញថា សម រង្ស៊ី មិនញញើត មិនខ្មាសអៀន ក្នុងការប្រកាសជាចំហប្រឆាំងនឹងផលប្រយោជន៍ជាតិនិងផលប្រយោជន៍របស់កម្មករ និងកសិករខ្មែរ បើទោះបីជាខ្មែរពេញនគររួមទាំងជនបរទេសជាច្រើនផងកំពុងទាមទារកុំឲ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជាក៏ដោយ។ ភាពគឃ្លើនរបស់ សម រង្ស៊ី គឺជាអំពើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯងដែលមិនអាចអត់ឱនបានឡើយ

សរុបមកវិញ រាល់អំពើរបស់ សម រង្ស៊ី ដូចបានរៀបរាប់ត្រួសៗខាងលើវាលើសពីគ្រប់គ្រាន់ទៅទៀតក្នុងការបញ្ជាក់ថា សម រង្ស៊ី នេះពិតជាជនក្បត់ជាតិ និងក្បត់ផល ប្រយោជន៍ប្រជាពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ។ ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ដែលមានឈាមជ័រជាខ្មែរ ខ្ញុំពិតជាមិនអាចអត់ឱនឲ្យជនឈ្មោះ សម រង្ស៊ី បានឡើយ។ ប្រវត្តិសាស្ត្រត្រូវចារឈ្មោះជននេះទុកក្នុងក្រាំងមាសថាជា «ជនក្បត់ជាតិ» តត្រកូលដែលទោះជាតិនេះ ឬជាតិក្រោយក៏មិនអាច លើក លែងអោយ បានដែរ។ ជនក្បត់ជាតិមិនត្រឹមតែទទួលបានការ ថ្កោលទោសប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវចាប់ញាត់ក្នុងពន្ធនាគារអស់មួយជីវិត ពីព្រោះសារជាតិក្បត់ជាតិ តពូជនិងសន្តាននេះនឹងនៅតែបន្តបំផ្លាញជាតិនិងប្រជាពលរដ្ឋខ្មែរគ្មានឈប់ឈរឡើយ ប្រសិនបើគ្មានវិធានការក្តៅនិងកណ្តាប់ដៃដែកថែប ទេនោះ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង