ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើដល់ភាគីឥណ្ឌូណេស៊ី បើកឱ្យមានការហោះហើរដោយត្រង់មកកាន់កម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1665
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើដល់ភាគីឥណ្ឌូណេស៊ី បើកឱ្យមានការហោះហើរដោយត្រង់មកកាន់កម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើដល់ភាគីឥណ្ឌូណេស៊ី បើកឱ្យមានការហោះហើរដោយត្រង់មកកាន់កម្ពុជា

    នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួប លោកស្រី Paun Maharani រដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍមនុស្សជាតិ និងកិច្ចការវប្បធម៌នៃប្រទេសឥណ្ឌូណេស៊ី នៅវិមានសន្តិភាព។ លោកស្រី Paun Maharani បានមានប្រសាសន៍ជម្រាបជូនអំពីគោលបំណងនៃការអញ្ជើញមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមក្នុងពិធីប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី ដែលទំនាក់ទំនងនេះបានបន្សល់ទុកដោយស្នាព្រះហស្ថនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និង អតីតប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូកាណូ។

    លោកស្រីរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងពេញចិត្តបំផុតចំពោះវត្តមានចូលរួមយ៉ាងច្រើនអធិកអធមពីបណ្តាថ្នាក់ដឹកនាំកម្ពុជា នៅក្នុងពិធីប្រារព្ធខួបទំនាក់ទំនងការទូតនេះ។ លោកស្រី ក៏បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរថា ការជ្រើសរើសយកថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះជាថ្ងៃប្រារព្ធខួប គឺកាលពី ៦០ ឆ្នាំមុន ដែលត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩ ដែលប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកស្រីរដ្ឋមន្រ្តី ដែលបានអញ្ជើញមកកម្ពុជាចូលរួមក្នុងកម្មវិធីនេះ ហើយព្រមទាំងបាននាំមកនូវសិល្បករ សិល្បការិនី ចូលរួមសម្តែងយ៉ាងអធិកអធមទៀតផង។ វត្តមានរបស់លោកស្រី គឺបានរឹតបន្តឹងនូវចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងល្អប្រសើរ។

    ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍រំលឹកអំពីស្នាដៃនៃថ្នាក់ដឹកនាំជំនាន់មុន ដែលបានខិតខំកសាងបន្សល់ទុកនូវទំនាក់ទំនងដ៏ល្អដល់ប្រទេសយើងទាំង២ ហើយបានបន្តមកដល់អ្នកដឹកនាំជំនាន់ក្រោយៗ ដែលមានរយៈពេលជាង ៦០ ឆ្នាំមកនេះ ហើយដែលកំពុងរីកដុះដាល និងរឹងមាំមកទល់សព្វថ្ងៃ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកផងដែរ អំពីការចូលរួមយ៉ាងសំខាន់របស់ប្រទេសឥណ្ឌូណេស៊ីកន្លងមក ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក។ ដោយឡែកនៅកម្ពុជា គឺឥណ្ឌូណេស៊ី បានចូលរួមចំណែកស្វែងរកសន្តិភាព ព្រមទាំងបានធ្វើជាសហប្រធាននៃកិច្ចចរចារសន្តិភាពទីក្រុងប៉ារីសផងដែរ។ ក្រៅពីនោះ គឺប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកបញ្ជូនទ័ពមកការពារសន្តិភាពនៅកម្ពុជាក្នុងកំឡុងពេលរៀបចំការបោះឆ្នោតដែលរៀបចំគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UNTAC) កាលពីឆ្នាំ ១៩៩៣ ព្រមទាំងជំនួយក្នុងការហ្វឹកហាត់ និងអភិវឌ្ឍធនធានមនុស្ស និងធនធានកងទ័ពនៅកម្ពុជាផងដែរ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំភាគីឥណ្ឌូណេស៊ីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ ហើយចូលរួមជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ព្រមទាំងលើកទឹកចិត្តនិងជំរុញនូវទំនាក់ទំនងកាន់អោយកាន់តែជិតស្និទ្ធល្អប្រសើររវាងប្រជាជាតិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងកម្មវិធីវប្បធម៌ជាដើម។

    ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ភាគី ឥណ្ឌូណេស៊ី បើកឱ្យមានការហោះហើរដោយត្រង់ពីឥណ្ឌូណេស៊ីមកកាន់កម្ពុជា និងពីកម្ពុជាទៅឥណ្ឌូណេស៊ីដើម្បីទាក់ទាញភ្ញៀវទេសចរ ពាណិជ្ជករ និងវិនិយោគគិនសម្រាប់ប្រទេសទាំងពីរ៕

    អត្ថបទទាក់ទង