ខ្មែរប៉ុស្ដិ៍ Close

សម រង្ស៉ី ចាញ់លើការភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងមិនគោរពតាមកិច្ចសន្យារបស់ខ្លួនទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1659
សម រង្ស៉ី ចាញ់លើការភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងមិនគោរពតាមកិច្ចសន្យារបស់ខ្លួនទៀតសម រង្ស៉ី ចាញ់លើការភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងមិនគោរពតាមកិច្ចសន្យារបស់ខ្លួនទៀត

ក្នុងនាមជាសាក្សី និងឆ្លងឆ្លើយព័ត៌មានសម្រាប់ការភ្នាល់គ្នារវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក សម រង្ស៉ី មេដឹកនាំចលនាសង្រ្គោះជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មាន Fresh News បានមើលឃើញថា ក្នុងការភ្នាល់លើកនេះ សម រង្ស៉ី មិនគោរពតាមកិច្ចសន្យា ដោយប្រកាសទុកការភ្នាល់នេះជាមោឃៈ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន ទទួលបានជ័យជំនៈទាំងស្រុងលើលោក សម រង្ស៉ី ដោយសារតែភាគី លោក សម រង្ស៉ី បានប្រកាសមិនហ៊ានវិលត្រឡប់មកប្រទេសកម្ពុជា ព្រមទាំងបានដកខ្លួនចេញពីការភ្នាល់។

ការបបួលភ្នាល់របស់លោក សម រង្ស៉ី ជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានកើតឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយលោក សម រង្ស៉ី បានសរសេរលើបណ្តាញសង្គម Facebook កំណត់ថា ក្រោមសម្ពាធអន្តរជាតិលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា អាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ឬក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩» ហើយថាបើសិនជាលោកភ្នាល់ចាញ់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ពោលគឺ លោក កឹម សុខា មិនត្រូវបានដោះលែងអំឡុងពេលនេះទេ លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ ភ្លាមៗក្រោយបញ្ចប់ការភ្នាល់ តែបើលោកឈ្នះគឺលោកនាយករដ្ឋមន្រ្ដីត្រូវចុះចេញពីតំណែង។ ភ្លាមៗបន្ទាប់ពីមានការបបួលនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសទទួល និងបានស្នើឱ្យ Fresh News ចូលរួមធ្វើជាសាក្សី។

ក្នុងនាមជាសាក្សី និងឆ្លងឆ្លើយព័ត៌មាន, Fresh News បានធ្វើការតាមដានវឌ្ឍនភាពនៃការភ្នាល់នេះជាបន្តបន្ទាប់ តាំងពីលោក សម រង្ស៉ី ប្រើវោហាសាស្រ្តដើម្បីឃោសនារៃអង្គាសថវិកាឱ្យលោកត្រឡប់មកកម្ពុជា និងការខិតខំជំរុញអន្តរជាតិឱ្យដាក់សម្ពាធលើកម្ពុជា ដើម្បីតុលាការ និងរាជរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា ក្នុងគោលបំណងយកឈ្នះការភ្នាល់នេះជាដើម។

ចំណែកលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានបង្ហាញអំពីយុទ្ធសាស្រ្តផ្សេងៗ និងជំនឿចិត្តរឹងមាំ ដែលជឿជាក់ថា កម្ពុជានឹងមិនយកអធិបតេយ្យភាព ឬឯករាជ្យភាពរបស់ខ្លួន ទៅដោះដូរនឹងជំនួយនោះទេ។ ត្រង់ចំណុចនេះ សម្តេចហាក់ចង់បង្ហាញថា សម្ពាធអន្តរជាតិ នឹងមិនអាចលូកលាន់ដល់កិច្ចការតុលាការកម្ពុជានោះឡើយ។

Fresh News បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងការភ្នាល់ ក្នុងនោះបណ្តាញព័ត៌មានដ៏ល្បីល្បាញនៅកម្ពុជាមួយនេះ ក៏បានផ្សព្វផ្សាយរំលឹកអំពីឱសានវាទ នៃការភ្នាល់រវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក សម រង្ស៉ី ជារៀងរាល់ថ្ងៃ ជូនដល់សាធារណជនជាតិ និងអន្តរជាតិផងដែរ។

បណ្តាញព័ត៌មាន Fresh News បានសង្កេតឃើញថា កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាមរយៈវិទ្យុអាស៊ីសេរី (RFA) លោក សម រង្ស៉ី ក៏បានប្រកាសជាសាធារណៈថា លោកនឹងមិនវិលត្រឡប់មកកម្ពុជា ទៅតាមការភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នោះឡើយ ប៉ុន្តែនឹងត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ នៅពេលដែលមានទណ្ឌកម្មពីអន្តរជាតិធ្ងន់ធ្ងរ ដែលមិនអាចចូលនៅពេលនេះទេ។

ដោយឡែក កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ Fresh News បានសង្កេតឃើញថា លោក សម រង្ស៉ី មេដឹកនាំចលនាសង្រ្គោះជាតិ បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ឱ្យដឹងថា ការភ្នាល់របស់លោក ជាមួយសម្តេចតេជោ ហ៊ុន សែន លើសេរីភាពរបស់ លោក កឹម សុខា គឺត្រូវបានចាត់ទុកថាជា «មោឃៈ»។

ក្នុងនាមសាក្សីបានយល់ឃើញថា ការប្រកាសដកខ្លួនដោយឯកតោភាគីបែបនេះ គឺភាគីលោក សម រង្ស៉ី បានទទួលស្គាល់រួចជាស្រេចថា ខ្លួនបានចាញ់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅក្នុងការភ្នាល់លើកនេះ ហើយលោកក៏មិនចង់គោរពតាមសន្យារបស់លោកថា នឹងវិលត្រឡប់មកប្រទេសកម្ពុជា ក្រោយការចាញ់ភ្នាល់ភ្លាមនោះដែរ។

ក្នុងនាមជាសាក្សី Fresh News សូមស្នើឱ្យភាគីចាញ់នៃការភ្នាល់គោរពតាមការសន្យា ហើយសូមឱ្យលោក សម រង្ស៉ី វិលត្រឡប់មកកម្ពុជាដើរចូលពន្ធនាគារ ដូចអ្វីដែលលោកបានភ្នាល់កាលពីប៉ុន្មានខែមុន។ យើងជឿជាក់ថា ក្នុងនាមជាមេដឹកនាំនយោបាយមួយរូប ក៏ដូចជាក្នុងនាមជាមនុស្ស លោក សម រង្ស៉ី ក៏ប្រហែលជាមិនលេបសម្តីខ្លួនឯងនោះឡើយ ៕

ប្រភពព័ត៌មាន Fresh News

អត្ថបទទាក់ទង