ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន៖ ចាញ់ខ្លាំង ស្រវាំងភ្នែក!

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1883
    ទស្សនៈមិត្តអ្នកអាន៖ ចាញ់ខ្លាំង ស្រវាំងភ្នែក!ទស្សនៈមិត្តអ្នកអាន៖ ចាញ់ខ្លាំង ស្រវាំងភ្នែក!

    ដោយសារតែគម្រោងផ្តួលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការបំផុសបំផុល និងញុះញង់ឱ្យប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធងើបបះបោរត្រូវទទួលបរាជ័យគ្រប់កាលៈទេសៈនោះ ទើបនៅថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅនេះ មានក្រុមចោរព័ត៌មានវិទ្យា បានចូលទៅរំខាន និងបំផ្លាញព័ត៌មានមួយចំនួនក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ហើយដែលគេសង្ស័យថាទង្វើនេះគឺជាទង្វើរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់ខ្លួន ឱ្យចូលទៅគ្រប់គ្រង និងបំភ្លៃព័ត៌មាននៅក្នុងទំព័រហ្វេសប៊ុកមួយរយៈពេលខ្លី និងបានសរសេរសារវាយប្រហារទៅលើក្រុមហ៊ុនហ្វេសប៊ុក ក្នុងការគំរាមថានឹងបិទមិនឱ្យក្រុមហ៊ុនហ្វេសប៊ុកដំណើរការនៅកម្ពុជាតទៅទៀតឡើយ។

    រឿងនេះ អាចជាល្បិចស្វាស៊ីបាយលាបមាត់ពពែ ដែលនរណាក៏អាចយល់បានដែរថាជាល្បិចរបស់ចោរព័ត៌មានវិទ្យា ហើយដែលគេសង្ស័យថាគឺក្រុមប្រឆាំងជាមួយលោក ហ៊ុន សែន ជាអ្នកធ្វើ ក្រោមការបញ្ជាផ្ទាល់របស់ទណ្ឌិត សម រង្ស៊ី។

    ការវាយប្រហារទៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នេះប្រហែលដោយសារតែទំព័រហ្វេសប៊ុករបស់លោកកំពុងមានប្រជាប្រិយភាព និងមានអ្នកចូលចិត្តច្រើនជាងទំព័រហ្វេសប៊ុករបស់ទណ្ឌិត សម រង្ស៊ី ហើយដែលជាង២ឆ្នាំមុន ទណ្ឌិតរូបនេះតែងតែយកចំនួនអ្នកចូលចិត្តនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនអះអាងថាជាចំនួនអ្នកគាំទ្រអតីតបក្សប្រឆាំង ដើម្បីជាលេសក្នុងការតវ៉ាក្នុងរដូវកាលបោះឆ្នោតម្តងៗ។ ប៉ុន្តែមកដល់ពេលនេះ នៅពេលដែលទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចំនួនអ្នកចូលចិត្ត និងអ្នកគាំទ្រកើនឡើងខ្ពស់ជាងទណ្ឌិត សម រង្ស៊ី បែរជាចោទថាចំនួនអ្នកចូលចិត្ត និងគាំទ្រនេះ ជាចំនួនដែលទិញការឃោសនាពីក្រុមហ៊ុនហ្វេសប៊ុកទៅវិញ។

    តាមពិតសារបំភ្លៃរបស់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ដែលថាលោកនាយករដ្ឋមន្ត្រី ព្រមានគំរាមបិទបណ្តាញហ្វេសប៊ុកនៅកម្ពុជានោះ គឺជាសារបែបទុច្ចរិត ដែលក្រុមអ្នកវិភាគបានដាក់ការសង្ស័យថា ជារឿងបំភ្លៃ និងបំភ័ន្តសាធារណៈមតិរបស់ក្រុមប្រឆាំងដែលចង់ទម្លាក់កំហុសឱ្យលោក ហ៊ុន សែន ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកខឹង ហើយបិទគណនីទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ចោលតែម្តង។ បើយើងធ្វើការពិចារណាមើល គឺយើងអាចវាយតំលៃបានច្បាស់ថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបិទក្រុមហ៊ុនហ្វេសប៊ុក នៅកម្ពុជាបានប្រយោជន៍អ្វី បើទំព័រហ្វេសប៊ុករបស់គាត់កំពុងតែមានប្រជាប្រិយភាព និងមានអ្នកគាំទ្រវ៉ាដាច់គេបែបនេះ? ដូច្នេះ វាប្រាកដណាស់ថារឿងនេះ គឺវាចេញពីប្រភពរបស់ក្រុមប្រឆាំងនឹងលោក ហ៊ុន សែន ទៅវិញទេ ហើយដែលនរណាក៏ដាក់ការសង្ស័យទាំងស្រុងទៅលើក្រុមចោរព័ត៌មានវិទ្យាដែលគាំទ្រទណ្ឌិត សម រង្ស៊ី ដែរ។ ចំណុចដែលរឹតតែគួរឱ្យសង្ស័យថា ជាអំពើនៃការបញ្ជាផ្ទាល់ពីទណ្ឌិត សម រង្ស៊ី ទៀតនោះ គឺគេឃើញគ្រាន់តែមានការបំភ្លៃសារក្លែងក្លាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មិនបានប៉ុន្មានផង គឺត្រូវបានទណ្ឌិត សម រង្ស៊ី និងវិទ្យុអាស៊ីសេរី ចាប់យកសារក្លែងក្លាយនេះទៅវាយប្រហារនិងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ភ្លាម ថាដោយសារតែរឿងនយោបាយរំលាយអតីតគណបក្សប្រឆាំងទៅវិញ។ ល្បិចកលស៊ីសង្វាក់គ្នានេះគឺត្រូវបានសាធារណៈមតិមើលឃើញដូចមនុស្សស្រាតខោដូច្នេះដែរ ហើយក៏មិនត្រូវបានក្រុមហ៊ុនហ្វេសប៊ុក និងប្រជាពលរដ្ឋជឿឡើយ។ នរណាក៏គេមើលឃើញនូវគំនិតទុច្ចរិត ពោរពេញដោយគំនុំរបស់ទណ្ឌិត សម រង្ស៊ី ចំពោះលោក ហ៊ុន សែន ដែរ ព្រោះមួយជីវិតនយោបាយរបស់ សម រង្ស៊ី គឺមិនដែលធ្វើនយោបាយឈ្នះលោក ហ៊ុន សែន ម្តងណាឡើយ។ ដូច្នេះហើយ អ្វីដែល សម រង្ស៊ី អាចវាយប្រហារលោក ហ៊ុន សែន បានគឺជនល្មោភអំណាចចង់ធ្វើជានាយករដ្ឋមន្ត្រីរូបនេះហ៊ានធ្វើ និងប្រើគ្រប់មធ្យោបាយដើម្បីបំផ្លាញទាំងអស់ ដូចពាក្យចាស់ពោលថា «ចាញ់ខ្លាំង ស្រវាំងភ្នែក» ដូច្នោះដែរ។

    ជារួម ទោះបីជាទណ្ឌិត សម រង្ស៊ី ខិតខំបំភ្លៃ បំពុលសារធារណៈមតិពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយទៀត ដូចជាការជួលឱ្យក្រុមចោរព័ត៌មានវិទ្យាទៅវាយប្រហារក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបំភ្លៃសារគំរាមបិទបណ្តាញសង្គមហ្វេសប៊ុក យ៉ាងណាក្តី ក៏ទង្វើនេះគង់តែក្រុមហ៊ុនហ្វេសប៊ុកស្រាវជ្រាវរកឃើញថាតើជនណាជាជនទុច្ចរិតដែលប្រើគ្រប់ល្បិចកលដើម្បីតែផលប្រយោជន៍អំណាច និងប្រយោជន៍នយោបាយរបស់ខ្លួន មិនខានឡើយ៕

    អត្ថបទដោយ៖ យី វ៉ិត